ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិ​ល្បៈ​បុរាណ​ចង់​ដួល​រលំៈ តើ​គួរ​ដោះស្រាយ​របៀប​ណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

សិល្បៈ​បុរាណ​ខ្មែរ​ដូច​ជា​ល្ខោនបាសាក់​ជាដើម ធ្លាប់តែ​មាន​ប្រជាប្រិយ និង​ការ​គាំទ្រ​ពី​មហាជន​។​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​កម្សាន្ត​ថ្មី​ៗ​ជា​ពិសេស​ភាពយន្ត ឬ​វី​ដេ​អូ​អន្តរជាតិ​បាន​ក្លាយជា​ចំណូលចិត្ត​របស់​មនុស្ស​សម័យនេះ​សិល្បៈ​បុរាណ​ខ្មែរ​កាន់តែ​បាត់​ការ​គាំទ្រ​ទៅ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដោយ​ធ្វើ​អោយ​មានការ​បារម្ភ​ថា វា​អាច​នឹង​ឈាន​ដល់​ការ​បាត់បង់​នៅ​ពេល​អនាគត​។ ក្រសួង​វប្បធម៌​បាន​បើក​ដំណើរការ​កម្មវិធី​បើក​មហោស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រ​ទេ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ​«​វប្បធម៌​សន្តិភាព​» ដើម្បី​ថែរ​រក្សា​ការពារ និង​លើក​ស្ទួយ​សិល្បៈ​ល្ខោនបាសាក់…

សិល្បៈ​បុរាណ​ខ្មែរ​ដូច​ជា​ល្ខោនបាសាក់​ជាដើម ធ្លាប់តែ​មាន​ប្រជាប្រិយ និង​ការ​គាំទ្រ​ពី​មហាជន​។​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​កម្សាន្ត​ថ្មី​ៗ​ជា​ពិសេស​ភាពយន្ត ឬ​វី​ដេ​អូ​អន្តរជាតិ​បាន​ក្លាយជា​ចំណូលចិត្ត​របស់​មនុស្ស​សម័យនេះ​សិល្បៈ​បុរាណ​ខ្មែរ​កាន់តែ​បាត់​ការ​គាំទ្រ​ទៅ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដោយ​ធ្វើ​អោយ​មានការ​បារម្ភ​ថា វា​អាច​នឹង​ឈាន​ដល់​ការ​បាត់បង់​នៅ​ពេល​អនាគត​។

ក្រសួង​វប្បធម៌​បាន​បើក​ដំណើរការ​កម្មវិធី​បើក​មហោស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រ​ទេ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ​«​វប្បធម៌​សន្តិភាព​» ដើម្បី​ថែរ​រក្សា​ការពារ និង​លើក​ស្ទួយ​សិល្បៈ​ល្ខោនបាសាក់ និង​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​នេះ គឺជា​រឿង​ដ៏​លំបាក ប៉ុន្តែ​គួរតែ​បង្កើន​ការងារ និង​សកម្មភាព​ព្រម​គ្នា ជាក់ស្តែង​បន្ថែម​ទៀត​ក្រៅពី​ម​ហោ​ស្រប​នេះ​។

ព្រឹត្តិការណ៍​ត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ តុលា ឆ្នាំ​២០២២​នេះ​ទំនងជា​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ជំរុញ និង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹង​អំពី​គុណ​តម្លៃ​ដឹង​អំពី​សារៈសំខាន់​នៃ​សម្បត្តិ​កេរ្តិ៍​ដំណែល​ជា​ប្រវត្តិសាស្ត្រ​ទាំងនេះ​ទេ ខណៈ​ដែល​មក​ដល់​ពេល​នេះ​មហាជន​ភាគច្រើន​លើសលុប​ជា​ពិសេស​យុវវ័យ គឺ​កំពុង​តែ​ងប់ងុល​នឹង​អ្វី​ដែល​ថ្មី​អ្វី​ដែល​សប្បាយ ខណៈ​ដែល​សូ​ម្បី​តែ​ភាពយន្ត និង​កម្មវិធី​សិល្បៈ​សម័យមួយ​ចំនួន​ដូច​ជា​ចម្រៀង​ជា​ច្រើន​ពួក​គេ​សឹង​មិន​ចាប់អារម្មណ៍​ផង ដោយ​មក​ដល់​ពេល​នេះ​រោងកុន រោង​ម​ហោ​ស្រប​មួយ​ចំនួន​បាន​ដួល​រលំ​សឹងតែ​អស់​ហើយពី​សង្គម​។

នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្ត​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺ​ពិតជា​បង្ក​ការ​លំបាក​ខ្លាំង​ណាស់​ដល់​ការ​អភិរក្ស និង​ការ​លើកកម្ពស់​គុណ​តម្លៃ​នៃ​ទម្រង់​សិល្បៈ​ខែ្ម​រ​គ្រប់​ទម្រង់​ដែល​មាន​ដូច​ជា របាំ​ប្រជាប្រិយ​មាន​របាំ​គោះអង្រែ គោះត្រឡោក​របាំ​ក្ងោក​ប៉ៃលិន ល្ខោនបាសាក់ ល្ខោនខោល ល្ខោនអាប៉េ ល្ខោន​យីកេ ល្ខោន​ស្រមោល ល្ខោន​ជាដើម​ពីព្រោះ​គ្រប់​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ភាគច្រើន គឺ​ត្រូវការ​មនុស្ស​ច្រើន ហើយ​ដើម្បី​សម្តែង​បាន​មួយ​រឿង​ៗ​ដោយ​វា​ទាមទារ​ការ​ប្រមូល​គ្នីគ្នា​មក​ហាត់​មក​សម​មក​សម្តែង​សាកល្បង​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ទើប​ការ​សម្តែង​នោះ​វា​ស្រុះ​វា​ល្អ ខណៈ​ដែល​មធ្យោបាយ​កម្សាន្ត​នា​ពេល បច្ចុប្បន្ន​នេះ វា​ត្រូវការ​លឿន​ថ្មី ប្លែក ស្អាត សិច​ស៊ី​ទាក់ទាញ ហើយ​ខ្លី​ជាដើម ហើយ​បែរជា​ទម្រង់​សិល្បៈ​បុរាណ​យើង​វិញ​ភាគច្រើន គឺ​មាន​លក្ខណៈ​ដដែល​ៗ អ្នក​សំដែង​មិនមែន​ជា​យុវវ័យ ហើយ​សឹងតែ​មិន​មាន​អ្វី​ដែល​ថ្មី​មិនសូវ​មានការ​និពន្ធ ការ​តាក់តែង និង​ការ​រៀបចំ​ថ្មី​ដែល​នេះ​ហើយ គឺជា​ឧបសគ្គ​ដ៏​ចម្បង​នៅ​ក្នុង​ការ​លើកកម្ពស់​ប្រជាប្រិយភាព​ខណៈ​ដែល​សម័យ​ពី​មុន​កម្ពុជា​មាន​តែ​ទម្រង់​សិល្បៈ​ទាំងនេះ​ដូច្នេះ​មិន​មាន​ជម្រើស​ច្រើន​។

ឃើញ​ស្ថានភាព​បែប​នេះ ហើយ​ប្រសិនបើ​យើង​នៅ​តែ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ឲ្យ​នៅ​ដដែល ហើយ​មិន​ចាត់វិធានការ​ទេ​នោះ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់ នឹង​កាន់តែ​បាត់បង់​បន្តិច​ម្តង​ៗ​តាម​កាល និង​វេលា​មិន​ខាន​ដូច្នេះ​មាន​តែ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថាប័ន​ក្រសួង​ផ្សេង​ៗ​ទៀត​មាន​ទាំង​ក្រសួងទេសចរណ៍ ក្រសួង​សាសនា និង​ធម្មការ​ក៏​ដូច​ជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម​គួរតែ​រួបរួម​គ្នា​បង្កើន​សកម្មភាព និង​លើកកម្ពស់ ហើយ​ក៏​ជំរុញ​បង្កើត​កម្មវិធី​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​។​ពោលគឺ​ធ្វើ​យ៉ាងណា​យើង​អាច​ថែរក្សា​បាន​នូវ​គុណ​តម្លៃ និង​គុណប្រយោជន៍​នៃ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ឲ្យ​បាន​គង់វង្ស ដោយ​ផ្សារ​ភ្ជាប់​រវាង​ការ​អភិរក្ស ពោល គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ គ្រប់​ទម្រង់​មាន​សកម្មភាព​រស់​រវើក មិនមែន​យូ​ៗ​បានឃើញ​ម្តងនោះ​ទេ​។

សកម្មភាព​ដែល​គួរតែ​លើកទឹកចិត្ត និង​ជំរុញ​ដើម្បី​បង្កើន​សកម្មភាព​ថែរក្សា​និង​អភិរក្ស ទម្រង់ សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ទាំងនេះ​ឲ្យ​គង់វង្ស​បាន គឺ​មាន​តែ​ធ្វើ​យ៉ាងណា​កសាង​ស្ថានការណ៍ បង្កើន​អាជីព បង្កើន​ប្រាក់​ចំណូល​សម្រាប់​ក្រុមការងារ​សិល្បៈករ និង​សិល្បៈការ​នី ទាំងនេះ​ពីព្រោះ​ថា ប្រសិនបើ​ពួក​គេ​មាន​ប្រាក់​ចំណូល​នោះ​ពួក​គេ​ក៏​នឹង​បង្កើត​ស្នាដៃ និង​សិ​មិទ្ធ​ផល​ថ្មី​ៗ​ច្រើន​ហើយ​ដើម្បី​ឲ្យ​ប្រជាប្រិយភាព​យើង​នៅ​ក្នុង​ស្រទាប់​មហាជន​មានការ​គាំទ្រ​ក្រុម​អ្នក​ពាក់ព័ន្ធ​និង​ការងារ​នេះ​ក៏​ត្រូវ​តែ​ចេះ​កែ​ច្នៃប្រឌិត​បង្កើត​ថ្មី សិក្សា និង​លៃលក​វិធីសាស្ត្រ​នៃ​ការ​ដឹកនាំ​រឿង​ឲ្យ​ប្លែក​ៗ​ថ្មី​, ពង្រឹង និង​កែ​លំអរ​សិល្ប៍​វិធី​នៃ​ការ​តាក់តែង​និពន្ធ និង​លើកកម្ពស់​សមត្ថភាព​នៃ​ការ​សម្តែង​ព្យាយាម​ស្វែង​យល់​ពី​ចំណាប់អារម្មណ៍​មហាជន​នោះ​យើងខ្ញុំ​គិត​ថា ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​នឹង​រក្សា​បាន​។

ក្រៅពី​នេះ ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​ក៏​គួរតែ​ចូលរួម​យ៉ាង​ជិត​ស្និត និង​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព និង​ការងារ​ថែរក្សា និង​អភិរក្ស​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​នេះ​ផង​ដែល​នេះ គឺជា​ការ​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ជួយ​គាំទ្រ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ទស្សនីយភាព​របស់​ខ្មែរ​ឱ្យ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើង​វិញ ដើម្បី​ឲ្យ​សកម្មភាព​ទាំងនេះ​ក្លាយជា​វេទិកា​សម្រាប់​ការ​បញ្ចេញ​នូវ​សមត្ថភាព និង​ទេព​កោសល្យ​ជា​ពិសេស​គោល​តម្លៃ​ស្នូល​នៃ​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដែល​ជាតិ​សាសន៍​ណា​ក៏​ត្រូវ​តែ​មាន​ត្រូវ​តែ​រក្សា​ឲ្យ​បាន​។

ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ទាំងនេះ គឺជា​មូលដ្ឋាន​គ្រឹះ និង​ជាស​រស​ទ្រូង​ជាតិ ហើយ​ជាតិ​អាច​គង់វង្ស និង​ស្ថិតស្ថេរ​បាន​ក៏​មួយ​ផ្នែក គឺ​ដោយសារ​តែ សិល្បៈ និង​វប្បធម៌​នេះ​ផង​ដែរ​។

សរុប​មក​វិញ​យើងខ្ញុំ​យើងខ្ញុំ​សង្ឃឹមថា ចាប់ពី​ពេល​នេះ​តទៅ​ក្រុម​កា​ងារ​សិល្បករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ គួរតែ​ជួបជុំ​គ្នា និង​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​រវាង​គ្នា​និង​គ្នា ហើយ​រិះរក​សិល្បៈ​វិធី​ផ្សេង​ៗ​កែ​ច្នៃ​បង្កើត​ស្នាដៃ​ថ្មី ដោយ​ឈរ​នៅ​លើ​មូលដ្ឋាន​វប្បធម៌​ជា​ស្នូល ដើម្បី​ប្រែក្លាយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ឲ្យ​ទៅ​ជា​វេទិកា​មួយ​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ឡើង​វិញ ហើយ​ដោយឡែក​មហាជន​វិញ​ក៏​គួរតែ​ចូលរួម​យកចិត្តទុកដាក់​ថែរក្សា​ការពារ និង​លើក​ស្ទួយ​សម្បត្តិ​វប្ប​ធ​ម៍​ទាំងនេះ​។​គ្មាន​ការ​ចូលរួម គ្មាន​ការ​លើក​ស្ទួយ​នោះ កិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌ នឹង​ប្រឈម​មុខ​នូវ​ការ​លំបាក​មិន​ខាន​៕ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ