ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លួច​រថយន្ត​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង មហាជន​សម្ដែង​ការ​អាណិតអាសូរ​ជនជាប់ចោទ

1 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ លោក ផ​ន ផល្លា ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ នៅ​ថ្ងៃ​ទី​០៦ តុលា ២០២២​នេះ…

ខេត្តស្ទឹងត្រែង ៖ លោក ផ​ន ផល្លា ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ នៅ​ថ្ងៃ​ទី​០៦ តុលា ២០២២​នេះ បាន​ប្រកាស​រក​មេធាវី ចិត្តធម៌ និង​សប្បុរស​ម្នាក់ (​ដែល​មិន​យក​លុយ​) ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ជន​ត្រូវ​ចោទ​ម្នាក់ ដែល​ជាប់ចោទ​ពី​បទ​លួច​រថយន្ត​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។

ករណី​លួច​រថយន្ត​នេះ មន្ត្រី​អាវុធហត្ថ​បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​ចាស់​ម៉ាក​វេ​វ គ្មាន​ផ្លា​ក​លេខ មក​ចត​ទុក រួច​លួច​ដូរ​យក​រថយន្ត​មន្ត្រី​អាវុធហត្ថ​ម្នាក់ បើក​ចេញពី​មុខ​ស្នាក់​ការ​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ២០២២ នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ។

ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ទុំ អាយុ​៣២​ឆ្នាំ ជា​កម្មករ​ក្រុមហ៊ុន​ចម្ការ​ចេក នៅ​ភូមិ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជាប់ចោទ​ពី​បទ​លួច​រថយន្ត​ម៉ាក កាម​រី​ឆ្លាម ស្លាក​លេខ​ភ្នំពេញ 2L-5038 របស់​ឈ្មោះ​អុល សៀង​វុ​ទ្ធី នាយ​សេ​ធិ​ការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង នៅ​ភូមិ​រា​ជានុ​កូ​ល ខេត្តស្ទឹងត្រែង ។

ក្រោយ​បាត់​រថយន្ត ដែល​ចត​នៅ​មុខ​ស្នាក់​ការ ភ្លាម​ៗ​នោះ​កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍ ក៏​បើករថយន្ត​ដេញ​តាម​ចាប់​បាន ជនសង្ស័យ និង​រថយន្ត នៅ​តាម​ផ្លូវជាតិ​លេខ​៩ ភូមិ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ (​ដូច​មាន​ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ​) ។ រួច​បន្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​មហាជន​បាន​ទស្សនា​រួច បាន​លើក​ឡើង​ថា សម្តី​ឪពុក​នៅ​ក្នុង​វី​ឌី​អូ បាន​ប្រាប់​ថា ទី​១- ឲ្យ​ឡាន​ខ្ញុំ​ជិះ បែរជា​ថា ខ្ញុំ​លួច​ឡាន និង​ទី​២- ខ្ញុំ​អត់​ចេះ​ជក់​ថ្នាំ​ផង ថា​ខ្ញុំ​បែក​ថ្នាំ ? ។

មតិ​ខ្លះ​ទៀត បានអោយ​ដឹង​ថា ឲ្យ​គ្នា​ជិះឡាន រួច​ចោទ​ថា គ្នា​លួច​ឡាន​ទៅ​វិញ ? ខ្ញុំ​អង្គុយ​មើល​វី​ឌី​អូ​នេះ ៣​ទៅ​៤​ដង​ហើយ គ្នា​ឆ្លើយ​ថា មិន​បាន​លួច​ទេ ម្ចាស់​ឡាន​គាត់​ឲ្យ​ជិះ​(​ដើម្បី​លួង​កូនប្រុស​កំពុង​យំ​) គ្នា​មិន​លក់​ថ្នាំ​ទេ ចោទ​ថា​គ្នា​លក់​ថ្នាំ​ទៀត ? បើ​គ្នា​ជា​ចោរ​មែន គ្នា​មិន​យក​កូន​តូច មក​លួច​ជាមួយ​ទេ គួរ​យល់​ផង​ទាន ? គ្នា​បើក​យឺត​ៗ​ទៀត ។ ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន ដៃ​ជាប់​ខ្នោះ គ្នា​អោន​មក​ថើប​កូន ខ្ញុំ​មើល​ហើយ​កំសត់​ណាស់ ហេតុតែ​គ្នា​ក្រ រស់នៅ​ក្នុង​សង្គម​នេះ វេទនាណាស់ ខ្ញុំ​មើល​ហើយ​អាណិត​ក្មេង​ណាស់ ឈរ​យំ​មើល​ឪពុក​ដែល​ត្រូវ​បាន​គេ​ចាប់ បោក​សក់​ធ្វើបាប​យ៉ាងនេះ តើ​អារម្មណ៍​ក្មេង​យ៉ាងម៉េច​ទៅ ? ឆ្ងល់​ឲ្យ​គ្នា​នាំ​កូន​តូច​ចូល​ទៅ​លួច​ឡាន នៅ​ក្នុង​ស្ថាប័ន​ប៉េ​អឹ​ម​បាន​យ៉ាងម៉េច ? សុំ​បញ្ចា​ក់​ខ្ញុំ​មិនមែន​កាន់ជើង​ចោរ​ទេ តែ​នេះ​វា​អយុត្តិធម៌​ពេក ។

ជាមួយ​គ្នា​នេះ ប្រភព​មួយ​ក៏​បានអោយ​ដឹង​ដែរ​ថា បើ​តាម​សម្តី​ជនជាប់ចោទ គាត់​ប្រាប់​ថា បើក​លេង​ទេ គឺ​បើក​លួង​ក្មេង​កុំអោយ​យំ ។ ប៉ុន្តែ​ខុស ត្រង់​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ឡាន ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក លោក ផ​ន ផល្លា នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ បាន​បង្ហោះ​សារ​ថា ទីបំផុត លោក​បាន​ជួប​ក្មេង​ប្រុស ជា​កូន​របស់​ជនជាប់ចោទ​ខាងលើ​នោះ​ហើយ រូបគេ​គួរ​ឲ្យ​ស្រលាញ់​ណាស់ ឆ្លាត​និង​រួសរាយ ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា «​ឆ្លាត​» អាយុ​ត្រឹម ២​ឆ្នាំ ។

លោក ផ​ន ផល្លា បន្ត​ថា ក្រោយ​ឪពុក​ម្ដាយ​បែកបាក់​គ្នា ក្មេង​តូច​ឈ្មោះ​«​ឆ្លាត​»​នេះ បាន​បែក​ពី​ម្ដាយ​តាំង​តែ​ពី​អាយុ​ត្រឹម ២​ខែ​មក​ម្ល៉េះ ត្រូវ​បាន​ឪពុក​ទទួលយក​មក​ចិញ្ចឹម​បីបាច់​ជាមួយ​ខ្លួន ពី​ពេល​នោះ​មក ។ តាម​ការ​បញ្ជាក់​ពី​លោកយាយ របស់​ឆ្លាត គឺ​ឪពុក​រូប​នេះ​ស្រលាញ់​កូនប្រុស​ខ្លាំង​ណាស់
ហើយ​តែងតែ​យក​កូន ទៅ​ជាមួយ​ជា​និច្ច ទោះបី​រូបគេ​ទៅ​ធ្វើការ​ក្នុង​ចម្ការ​ចេក ក៏​ដោយ ។

ប្រភព​ពី​បងស្រី​ម្នាក់​ជា​បុគ្គលិក​នៅ​ក្នុង​ចម្ការ​ចេក ក៏​បាន​និយាយ​ប្រាប់​លោក ផ​ន ផល្លា ផង​ដែរ​ថា ពេលធ្វើការ​ជំ​រះ​ស្មៅ ក្នុង​ចម្ការ​ចេក​ម្តង​ៗ ឪពុក​របស់​ឆ្លាត តែងតែ​ប្រើ​ដៃ​ម្ខាង បី​កណ្តៀត​កូនប្រុស ហើយ​ដៃ​ម្ខាង​ទៀត កាន់​ចប​ជំ​រះ​ស្មៅ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា ៖ តាំង​តែ​ពី​កើតមក ពួក​គេ​មិន​ដែល​បានឃើញ ឪពុក​ណា ដែល​តែងតែ​បីកូន អោប​ជាប់​ទ្រូង យ៉ាង​ដូច្នោះ​ទេ ។ នៅ​ពេល​ដែល​ថៅកែ បើក​លុយ​ឲ្យ​ឪពុក​របស់​ឆ្លាត ម្តង​ៗ​ប្រហែល​៣​ម៉ឺន​-៤​ម៉ឺន​រៀល គឺ​ឪពុក​រូប​នេះ​មិន​ហ៊ាន​ទិញ​អី​ហូប​ខ្លួនឯង​ផ្តេសផ្តាស់​ទេ គឺ​តែងតែ​ទុក​លុយ ដើម្បី​ទិញ​នំ​ឲ្យ​កូន ។

បុគ្គលិក​នៅ​ក្នុង​ចម្ការ​ចេក បាន​បញ្ចា​ក់​ចំពោះ​មូលហេតុ ដែល​ធ្វើ​ឲ្យ​ឪពុក​របស់​ឆ្លាត លែង​មាន​ធ្វើការ​នៅ​ក្នុង​ចម្ការ​ចេក​នោះ ក៏​ព្រោះតែ​រូបគេ មិន​អាច​បំពេញការងារ​បាន​ច្រើន ព្រោះ​គិតតែ​រវល់​មើល​កូនប្រុស ត្រង់​ចំណុច​នេះ​ហើយ ដែល​ឪពុក​របស់​ឆ្លាត បាន​បីកូន​ចាក​ចេញពី​ចម្ការ​ចេក ជាមួយនឹង​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ដោយ​មាន​ដឹក​ឥ​វ៉ា​ន់​ចង​ដាក់​ពីលើ​យ៉ាង​សំពីងសំពោង ផង​ដែរ ។

បន្ទាប់​ពី​ចាក​ចេញពី​ចម្ការ​ចេក​នោះ មិន​បាន​ប៉ុន្មាន​ផង ក៏​មាន​ផ្ទុះ​រឿងរ៉ាវ ក្លាយជា​ជនជាប់ចោទ​លួច​រថយន្ត​របស់ មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ខេត្តស្ទឹងត្រែង​នេះ តែ​ម្តង ។

ក្រោយ​ពី​ឪពុក​ត្រូវ​បាន​ចាប់ខ្លួន ក្មេង​ប្រុស​ឈ្មោះ​«​ឆ្លាត​» ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ ធ្វើការ​ទំនាក់ទំនង​មក​ឪពុកមា​ម្នាក់​ឲ្យ​មក​ទទួល ដើម្បី​នាំ​យក​ទៅ​នៅ​ខេត្តក្រចេះ ជាមួយ​សាច់ញាតិ ។ ទោះជា​យ៉ាងណា ក្មេង​ប្រុស នៅ​មាន​យាយ​និង​តា ព្រមទាំង​អ៊ុំ​ពូ​មីង​ដទៃ​ទៀត ។

លោកយាយ​និង​លោកតា ដែល​កំពុង​មាន​ជំងឺ​ផង​នោះ បាន​ស្នើ​សុំ​អោយ​លោក ផ​ន ផល្លា ទទួល​កុមា​រ៉ា​ឆ្លាត ទៅ​នៅ​ជាមួយ​ផង ព្រោះថា ពួក​គាត់​គ្មានលទ្ធភាព​ចិញ្ចឹម​ចៅ និង​អាច​មើលថែ​ទាំ​ចៅ ឲ្យ​ល្អ​បាន​នោះ​ទេ ។ ហើយ​លោក ផ​ន ផល្លា ក៏​រីករាយ​ជា​និច្ច​ក្នុង​ការ​ទទួល​កុមា​រ៉ា មក​នៅ​ជាមួយ «​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ​» ប៉ុន្តែ​ត្រូវ​រង​ចាំ​ដំណើរការ​ក្តីក្តាំ​ង​របស់​ឪពុក​កុមា​រ៉ា​នេះ ចប់​សព្វគ្រប់​សិន ។

លោក ផ​ន ផល្លា បញ្ជាក់​ថា លោក​បាន​ផ្ញើ​ទុក​នៅ​ជាមួយ​យាយ​តា ឲ្យ​មើល​សិន ព្រមទាំង​ផ្តល់​ចំណីអាហារ​ឲ្យ បាន​គ្រប់គ្រាន់​ដល់​កុមា​រ៉ា រាល់​ការ​ចំណាយ​ទាំងអស់ លោក ផ​ន ផល្លា ជា​អ្នក​រាប់​រង​ទាំងស្រុង ។

ទោះជា​យ៉ាងណា ករណី​លួច​រថយន្ត​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ខាងលើ​នេះ រង​ចាំ​ការ​កាត់ក្តី​របស់​តុលាការ នៅ​ពេល​សំណុំរឿង និង​ជនជាប់សង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ