រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះចំហាយនៃការរិះគន់គ្នារវាងតារាចម្រៀងលី អីុវ៉ាធីណា និងសុខ ពិសី នៅមិនទាន់រំសាយបាត់នៅឡើយទេ ដោយអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីនេះនៅបន្តការរិះគន់ និងកាន់ជើងតារាចម្រៀង រៀងៗខ្លួន ។
កាលពីពេល ថ្មីៗកន្លងមកប្រិយមិត្តគាំទ្ររបស់តារាចម្រៀងសុខ ពិសី បានប្រើពាក្យសម្តីបែបបញ្ចើចបញ្ចើទៅលើការបង្ហោះរូបរបស់លី អីុវ៉ាធីណា ហើយត្រូវអ្នកគាំទ្រលី អីុវ៉ាធីណា ឆ្លើយតបវិញយ៉ាងចាស់ដៃ ។ ជម្លោះនេះផ្តើមចេញពីការគាំទ្រចំពោះតារាដែលពួកគេស្រឡាញ់រៀងៗខ្លួន ធ្វើឲ្យផ្អើលអស់បណ្តាអ្នកលេងហ្វេសប៊ុក ខណៈពេលដែលតារាទាំងពីរហាក់មិនអើពើនូវរឿងរ៉ាវទាំងនេះទេ ។
នៅពេលតារាចម្រៀង លី អ៊ីវ៉ាធីណា បង្ហោះរូបភាពជាមួយសារថា «ឆ្ងល់ខ្លួនឯងមួយហេតុអី ម្នាក់ៗថាខ្ញុំកាចឆ្នាស តែមើលមុខដូចអត់កាចទេ » ។
បន្ទាប់ពីបង្ហោះរូបភាព និងសារនេះរួចមក អ្នកគាំទ្ររបស់តារាចម្រៀងសុខ ពិសី បានបង្ហោះឆ្លើយតបបែបបញ្ចើចបញ្ចើថា «ចង់តែសើច! ឮហើយចង់តែសើចទប់លែងបានហើយហាហាហា…» ។
សម្តីបែបនោះកើតចេញជាជម្លោះនៅពេលអ្នកគាំទ្ររបស់តារាចម្រៀងលី អីុវ៉ាធីណា ឆ្លើយតបទៅវិញយ៉ាងចាស់ដៃ និងប្រកបដោយពាក្យអសុរោះ ។ អ្នកគាំទ្រលី អីុវ៉ាធីណា បោះពាក្យសម្តីទៅកាន់អ្នកគាំទ្រសុខ ពិសី ថា «ជាមនុស្សពូកែឈ្នានីស និងសន្សំរឿង ។ ជាពួកមនុស្សដែលគាំទ្រតារារបស់ខ្លួនយ៉ាងងប់ងុល» ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះតារាចម្រៀងផលិតកម្មថោននាងលី អីុវ៉ាធីណា អះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី៩ មីនា ២០១៧ថា នាងមិនដែលខ្វល់ទៅនឹងរឿងនេះ ហើយមិនមានអ្វីត្រូវបកស្រាយទេ ។
«ជាប្រិយមិត្តគាំទ្រតារាចម្រៀងគេទៅហើយ ទៅនិយាយអី រិះគន់តែកូនFan គេហ្នឹងទៅឈឺក្បាលអី ខ្ញុំមិនចាប់អារម្មណ៍រឿងនេះឡើយ» ។
បើតាមលី អីុវ៉ាធីណា បច្ចុប្បន្នរវាងនាង និងសុខ ពិសី គឺនៅធម្មតា ដោយនាងនៅដោយនាង ចំណែកសុខ ពិសី នៅដោយសុខ ពិសីមិនមានអ្វីកើតឡើងទេ ខណៈពេលអ្នកទាំងពីរស្ថិតនៅក្នុងផលិតកម្មផ្សេងគ្នា ។
លី អីុវ៉ាធីណា និងសុខ ពិសី ចាប់ផ្តើមមើលមុខគ្នាមិនចំនៅពេល អ្នកទាំងពីរបានឆ្លើយឆ្លងគ្នាស្ទើរក្លាយជាជម្លោះក្នុងពេលមានការរិះគន់ទៅលើការកែសម្រស់របស់សុខ ពិសី ។ ជម្លោះឌឺដងមួយនេះបែកខ្ចាយ ក្នុងពេលប្រិយមិត្តអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរនេះចាប់ផ្តើមផ្លែផ្កាដាក់គ្នាជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ ។ អ្វីកាន់តែពិសេសទៀតនោះ អ្នកទាំងពីរបានចេញបទចម្រៀងចូលឆ្នាំជាន់គ្នាទៀត ៕
ចែករំលែកព័តមាននេះ