រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាចាន់ ស្រីនាថ បានធ្វើឲ្យអ្នករួមអាជីពចាប់អារម្មណ៍ចំពោះពិធីឡើងផ្ទះថ្មី នៅតំបន់បុរីវាលស្បូវខណ្ឌច្បារអំពៅ មានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ។ ពិធីនោះកាលពីរាត្រីថ្ងៃទី១ ខែមីនា ២០១៧ ក្រោមវត្តមានភ្ញៀវជាង២០០នាក់ ក្នុងនោះមួយចំនួនជាអ្នកសិល្បៈជិតដិត ។
តារាស្រីវ័យ២៤ឆ្នាំ ចាន់ ស្រីនាថ បញ្ជាក់ថា «ផ្ទះដែលនាងខ្ញុំរៀបចំពិធីឡើងនេះទិញជាយូរខែមកហើយក្នុងតម្លៃប្រមាណ៦ម៉ឺនដុល្លារ ប៉ុន្តែដោយសារមានតែមួយជាន់ផ្ទាល់ដីទើបនាងខ្ញុំ និងក្រុមគ្រួសារសម្រេចចិត្តកែលម្អ និងដំឡើងទៅលើបន្ថែមមួយជាន់ទៀត បូករួមទាំងបំពាក់សម្ភារ ប្រើប្រាស់មួយចំនួន គឺមិនតិចជាង២ម៉ឺនដុល្លារទេ ។ ផ្ទះនេះជាការចូលរួមចំណែករបស់នាងខ្ញុំជាមួយក្រុមគ្រួសារ ហើយប្រាក់ដែលរកបានគឺក្រោយចាប់អាជីពសិល្បៈ៦ឆ្នាំ។ ផ្ទះនេះនាងខ្ញុំ និងក្រុមគ្រួសាររាសគ្នាទិញយ៉ាលំបាក មិនមែនបុរសណាទិញឱ្យនាងខ្ញុំទេ» ។
ម្ចាស់បទ«មនុស្សប្រុសគ្មានអ្នកណាស្មោះទេ» កញ្ញាចាន់ ស្រីនាថ លើកឡើងថា កម្មវិធីឡើងផ្ទះថ្មីនេះមិនមានអ្វីធំដុំទេ គឺគ្រាន់តែជាការជួបជុំសាច់ញាតិមិត្តភក្តិ ព្រមទាំងអ្នករួមអាជីពជិតដិតក្នុងសិល្បៈមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានអញ្ជើញ និងដើម្បីជួបជុំកម្សាន្តសប្បាយរួមគ្នា ។
តារាចម្រៀងប្រចាំក្លឹបកម្សាត្តRCA និយាយថា បច្ចុប្បន្ននាងនៅតែបន្តប្រឹងប្រែងច្រើនជាមួយនឹងការងារសិល្បៈទាំងច្រៀងនៅតាមក្លឹបកម្សាន្ត និងច្រៀងនៅក្រៅប្រទេស ដើម្បីរកចំណូលជួយគ្រួសារ ។ ក្រៅពីនេះនាងឆ្លៀតសម្តែងបទចម្រៀងខារ៉ាអូខេ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែនាងនៅមិនទាន់មានពេលប្រឡូកអាជីពសម្តែងនៅឡើយ ព្រោះតែមិនមានពេលគ្រប់គ្រាន់ ។
ថ្មីៗកន្លង ចាន់ ស្រីនាថ បានចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ធំៗ ជាច្រើននៅតាមបណ្តាខេត្តនានា ហើយរំពឹងថា ឆ្នាំថ្មីនេះនាងនឹងទទួលបានការងារកាន់តែច្រើនទៀត៕
ចែករំលែកព័តមាននេះ