ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ ផលិត​បទ​ចម្រៀង​ផ្តល់​ជូន​អ្នកគាំទ្រ​ស្តាប់​កម្សាន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានទឹក ចិត្ត​ស្រឡាញ់ និង​ចង់​ចូលរួម​អភិរក្ស​បទ​ចម្រៀង​មរតក​ដើម ក្រុម​តារាចម្រៀង​និង​ក្រុមការងារ​របស់​ផេ​ក​ហ្វេ​សបុ​៊​ក​ឈ្មោះ «​ជួប​គ្នា​ម្តងទៀត​» បាន​សហការ​ផលិត​បទ​ចម្រៀង

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានទឹក ចិត្ត​ស្រឡាញ់ និង​ចង់​ចូលរួម​អភិរក្ស​បទ​ចម្រៀង​មរតក​ដើម ក្រុម​តារាចម្រៀង​និង​ក្រុមការងារ​របស់​ផេ​ក​ហ្វេ​សបុ​៊​ក​ឈ្មោះ «​ជួប​គ្នា​ម្តងទៀត​» បាន​សហការ​ផលិត​បទ​ចម្រៀង​ពី​ដើម​បែប​ក្លា​ស៊ិ​ក​ដើម្បី​ផ្តល់​ជូន​អ្នកគាំទ្រ​ស្តាប់​កម្សាន្ត ។

តារាចម្រៀង​បែប​មនោសញ្ចេតនា មាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន គឺ កញ្ញា​ស៊ូ ដា​ណេ​បាន​ផលិត​បទ​ចម្រៀង​ជំនាន់​មុន​បញ្ចូល​សាច់ភ្លេង​ថ្មី ដោយ​ចាត់​ទុក​ថា​ដើម្បី​លើកកម្ពស់​មរតក​បទ​ចម្រៀង​ពី​ដើម ។ អ្នកចម្រៀង​រូប​នេះ បាន​ព្យាយាម​ផលិត​បទ​ចម្រៀង​យក​បទ​ពី​ដើម​មក​សម្រិតសម្រាំង​ច្រៀង​ឡើង​វិញ​បញ្ចូល​ក្នុង​ប្រព័ន្ធ​យូ​ធូប បង្ហោះ​ឲ្យ​មហាជន​បាន​ស្តាប់​កម្សាន្ត ដោយ​នាង​មិន​គិត​ចង់​ចំណេញ​ប្រាក់​ទេ ។

ដោយ​ការ​ស្រឡាញ់ និង​ចង់​លើក​ស្ទួយ​បទ​ចម្រៀង​ពី​ដើម កញ្ញា​ស៊ូ ដា​ណេ តែងតែ​ចំណាយពេល​ផលិត​បទ​ពី​ដើម ហើយ ថ្មី​ៗ​នេះ​នាង​បាន​ថត​បទ​ពី​ដើម​ឡើង​វិញ​ក្រោម​ចំណងជើង​ថា «​ស្រឡាញ់​បង​ណាស់​» ជា​សំនៀង​ដើម​របស់​អ្នកស្រី​ហួយ មាស ហើយ​បាន​បង្ហោះ​លើ Page​ឈ្មោះ «​ជួប​គ្នា​ម្តងទៀត​»​។ នាង​ជា​សមាជិក​ក្រុម​នេះ និង​ពេញចិត្ត​ជួយ​គ្នា​ក្នុង​ការ​យក​បទ​ពី​ដើម​មក​ច្រៀង​ម្តងទៀត​បែ​បក​ក្លា​ស៊ិ​ក តែ​មិន​យក​ធ្វើ​អាជីវកម្ម​ទេ ចង់​ឲ្យ​តែ​ប្រិ​យ​មិត្ត​បាន​ស្គាល់ និង​ស្តាប់​កម្សាន្ត​ប៉ុណ្ណោះ ។

តារាចម្រៀង​ស៊ូ ដា​ណេ ដែល​តែងតែ​ចាប់​ឱកាស​សម្តែង​នៅ​ក្រៅប្រទេស​ញឹកញាប់​នោះ​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​មាន​បំណង​ចង់​លើក​ស្ទួយ​បណ្តា​បទ​ចម្រៀង​មរតក​ដើម​របស់​រៀមច្បង​ជំនាន់​មុន ក្នុង​ន័យ​ចង់​បង្ហាញ​ថា បទ​ពី​ដើម​ពិតជា​បង្កប់​នូវ​ខ្លឹមសារ​ជ្រាលជ្រៅ ស្តាប់​មិន​ចេះ​រីងស្ងួត​ទេ ។ នាង​បម្រើ​សិល្បៈ ដោយ​យក​បទ​ចម្រៀង ពី​ដើម​ៗ​មក​ច្រៀង​នោះ តែងតែ​នឹក​គុណ ហើយ​ខំ​ផលិត និង​ច្រៀង​ឡើង​វិញ​បែប​លក្ខណៈ​ក្លា​ស៊ិ​ក​ចែក​ដល់​ប្រិ​យ​មិត្ត​អ្នក​គ្រាំ​ទ្រ​ស្តាប់​កម្សាន្ត ។

នៅ​មាន​បទ​ចម្រៀង​ត្រៀម​បង្ហាញ​ជា​ច្រើន​ទៀត​ដែល​រៀបចំ​ទុក​បង្ហាញ​លើ​ផេ​ក​«​ជួប​គ្នា​ម្តងទៀត​» ចេញផ្សាយ​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នេះ ។

កញ្ញា​ស៊ូ ដា​ណេ មុន​ក្លាយជា​អ្នកចម្រៀង​មានឈ្មោះ​ល្បី​គួរសម​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​សិល្ប​ការិនី​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ។ នាង​ចេះ​ច្រៀង​ទាំង​បទ​ប្រពៃណី សម្តែង​របាំ ល្ខោនបាសាក់​។ ដោយ​មាន​សំឡេង​ល្អ នាង​ក៏​បញ្ចូល​ខ្លួន​ជា​អ្នកចម្រៀង រហូត​មានមុខមាត់​ក្នុង​វិស័យ​ចម្រៀង ដោយ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​តែងតែ​ផ្តល់​ឱកាស​ឲ្យ​នាង​សម្តែង​ជា​ញឹកញាប់ ។

កម្មវិធី​ជា​ច្រើន​ដែល​ស៊ូ ដា​ណេ បាន​ឡើង​សម្តែង​ដូច​ជា​កម្មវិធី «​តន្ត្រី​ស្រុកស្រែ​»  «​ប្រជុំ​តារា​តន្ត្រី​» «​មន្ត​ស្នេហ៍​សំនៀង​» និង​នៅ​ស្ថានីយទូរទស្សន៍​នានា​ដូច​ជា​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជាដើម ។ ក្រៅពី​នេះ​នាង​មានឱកាស​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ដូច​ជា​ធ្លាប់​ទៅ​អា​មេ​រិ​ក អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត ។ នា​ពេល ឆាប់​ៗ​ខាង​មុខ​ដា​ណេ​ត្រៀម​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង ។

ស៊ូ ដា​ណេ រំពឹង​ថា មហាជន​នឹង​ជួយ លើកទឹកចិត្ត​ដល់​ផេ​ក​របស់​នាង​ដើម្បី​មាន​ទឹកចិត្ត​រៀបចំ​បទ​ចម្រៀង​ថ្មី​ទៀត ៕