ខេត្តរតនគិរី ៖ រថយន្តមួយគ្រឿងខណៈកំពុងតែធ្វើដំណើរនៅលើដងផ្លូវជាតិ សុខៗ ស្រាប់តែរបូតកង់ក្រោយ រមៀលទៅបុកស្ត្រីម្នាក់ បណ្តាលឲ្យរបួសធ្ងន់ និងបាត់បង់ជីវិត ពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំ ។
ហេតុការណ៍គ្រោះថ្នាក់មិននឹកស្មានមិនដល់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។
យោងតាមអធិការនគរបាលស្រុកកូនមុំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ី ភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តថា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ បានបើករថយន្ត១គ្រឿង ម៉ាក SCANIA ប្រភេទវេអងសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខខាងមុខ រតនគិរី 3A-8866 និងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0255 ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្វជំនាញ បានដេញតាមទាន់នៅត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ទើបអ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅលើផ្លូវជាតិ ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាក SCANIA បើកបរក្នុងទិសដៅពីកើតទៅលិច ចេញពីខេត្តរតនគិរី ឆ្ពោះទៅអូរពងខេត្តស្ទឹងត្រែង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរបូតកង់ខាងក្រោយ ផ្នែកខាងស្តាំ ហើយកង់នោះបានរមៀលទៅបុកស្ត្រីម្នាក់កំពុងឈរទិញបន្លែ ដើម្បីយកមកធ្វើម្ហូប ជាអកុសលស្ត្រីជនរងគ្រោះបានស្លា.ប់ ពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំ ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ រឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ