ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនត្រូវប្រែក្លាយជាផ្លូវមរណ:

1 ឆ្នាំ មុន

ប្រជាជន​កម្ពុជា​នឹង​អាច​បើករថយន្ត​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដែល​វិនិយោគ​ក្រោម​ទឹកប្រាក់​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​មាន​ប្រមាណ​១៩០​គីឡូម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​មួយ ខែតុលា​ខាង​មុខ​។តាម​ការ​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ​នឹង​មាន​ល្បឿន​អប្ប​បរិ​មា​ត្រឹម​៦០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​ហើយ​អតិបរិមា គឺ​រហូត​ដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដូច្នេះ​ល្បឿន​នេះ គឺ​វា​លឿន​ណាស់ ដែល​អ្នកបើកបរ​ទាំងអស់​ត្រូវ​លើកកម្ពស់​ស្មារតី និង​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា…

ប្រជាជន​កម្ពុជា​នឹង​អាច​បើករថយន្ត​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដែល​វិនិយោគ​ក្រោម​ទឹកប្រាក់​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​មាន​ប្រមាណ​១៩០​គីឡូម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​មួយ ខែតុលា​ខាង​មុខ​។តាម​ការ​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ​នឹង​មាន​ល្បឿន​អប្ប​បរិ​មា​ត្រឹម​៦០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​ហើយ​អតិបរិមា គឺ​រហូត​ដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដូច្នេះ​ល្បឿន​នេះ គឺ​វា​លឿន​ណាស់ ដែល​អ្នកបើកបរ​ទាំងអស់​ត្រូវ​លើកកម្ពស់​ស្មារតី និង​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​គ្រប់គ្រង​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​។

ពិសេស​អ្នកបើកបរ​ទាំងអស់​មិន​ត្រូវធ្វើ​អោយ​ផ្លូវ​ល្បឿន​លឿនទី​មួយ​របស់​កម្ពុជា​នេះ​ក្លាយជា​ផ្លូវ​មរណ​:​ដែល​បង្ក​គ្រោះថ្នាក់​នាំ​អោយ​មាន​មនុស្ស​ស្លា​.​ប់ និង​របួស​នោះ​ឡើយ​។កន្លង​មក​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ជា​ច្រើន​បាន​កើត​មាន​ដងផ្លូវ​ដោយ​បណ្តាល​អោយ​មនុស្ស​ស្លា​.​ប់ របួស និង​ការ​ខូចខាត​យាន្ត​យន្ត​។ដោយសារ​បទ​ពិសោធន៍ គេ​ក៏​មានការ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​តាម​ដង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ដូចនឹង​គ្រោះថ្នាក់​បាន​កើត​មាន​តាម​ដងផ្លូវ​ជាតិ​លេខ​បួន​កន្លង​មក​។

នៅ​ចំពោះ​មុខការ​ព្រួយបារម្ភ​បែប​នេះ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែងប្រាប់​សាធារណជន​ថា ថ្មី​ៗ​នេះ​ថា​យានយន្ត​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ដាច់ខាត​ត្រូវ​គោរព​ស្តងដា​អប្ប​បរិ​មា និង​អតិបរមា​នៃ​ល្បឿន​ដែល​បាន​កំណត់ ដាច់ខាត ហើយ​យានយន្ត​ដែល​ប្រើ​ល្បឿន​ទាប​ជាង​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឡើយ ហើយ​នៅ​ពេល​ប្រើប្រាស់ គឺ​អ្នកបើកបរ​ត្រូវ​គោរព​គន្លង​ឲ្យ​ច្បាស់លាស់ ហើយ​ត្រូវ​ប្រកាន់​ស្តាំ​ជា​និច្ច​។

បើ​តាម​លោក ស៊ុន ចាន់​ថុ​ល ទោចក្រយានយន្ត​(​ម៉ូតូ​)​ធម្មតា​នឹង​មិន​ត្រូវ​អនុញ្ញាត​ជា​ដាច់ខាត លើកលែងតែ​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ី​ម៉ាំង​ចាប់ពី​៥០០cc ឬ​២៧kw ឡើង​ទើប​អនុញ្ញាត​ប៉ុន្តែ​អ្នកបើកបរ​ដែល​មាន​បំណង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ គឺ​ត្រូវ​បាន​តម្រូវ​ឱ្យ​ស្នើ​សុំ​ស្លាក​សញ្ញា​សម្រាប់​បិទ​បញ្ជាក់ (Sticker) ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​មុន​។

លោក​បាន​បន្ត​ថា ឡាន​ដឹក​ទំនិញ​ដែល​ផ្ទុក​កុងតឺន័រ​នឹង​ត្រូវ​បាន​កំណត់​ត្រឹម ៨០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ចំណែក​រថយន្ត​ធុន​ធ្ងន់​ដែល​មិន​មាន​ផ្ទុកទំនិញ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក៏​ត្រូវ​ប្រកាន់​ស្តាំ​គ្រប់ពេល​លុះត្រាតែ​ជែង​។ក្រៅពី​នេះ លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​ជំរុញ​ឲ្យ​អ្នកបើកបរ​ទាំងអស់​គួរតែ​ស្វែង​យល់​ពី​ផ្លូវ​នេះ និង​ត្រួតពិនិត្យ​យានយន្ត​ឲ្យ​គ្រប់គ្រាន់ មុន​នឹង​ត្រូវ​ប្រើប្រាស់​ផ្លូវ​នេះ ដើម្បី​សុវត្ថិភាព ទាំងអស់​គ្នា​។

នេះ​គឺជា​សមិទ្ធិ​ផល និង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ថ្មីស្រឡាង​មួយ​សម្រាប់​កម្ពុជា​។​ដូច្នេះ​យើង ខ្ញុំ​សង្ឃឹមថា យើង​ទាំងអស់​គ្នា​នឹង​មិន​ប្រើប្រាស់​ផ្លូវ​នេះ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​នោះ​ឡើយ ហើយ​ក៏​សង្ឃឹមថា​នៅ​ពេល​ដែល​ផ្លូវ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ហើយនឹង​មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កើត​មាន​ឡើង​ដូច​ប៉ុន្មាន​ករណី​ដែល​កើតឡើង​នៅ​ពេល​ដែល​ផ្លូវ​នេះ​កំពុង​សាងសង់​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ឡើយ​។

ម្យ៉ាងវិញទៀត​ដោយសារ​តែ​ផ្លូវ​នេះ គឺជា​ផ្លូវ​ដែល​វិនិយោគ​ដោយ​ឯកជន ដូច្នេះ​អ្នកបើកបរ នៅ​លើ​ផ្លូវ​នេះ គឺ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ពោល គឺ​ប្រមាណ​ជា​១២​ដុល្លារ​សម្រាប់​ចម្ងាយ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដោយ​ត្រូវ​ឆ្លងកាត់​ខេត្តកណ្តាល កំពង់ស្ពឺ និង​កោះកុង​ផង​ដែរ​។សូម​ចូលរួម​គោរព និង​ប្រើប្រាស់​ផ្លូវ​នេះ​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ជា​ផលប្រយោជន៍​សម្រាប់​យើង​ទាំងអស់​គ្នា​តាម​រូបភាព​ឈ្នះ​ឈ្នះ​ពីព្រោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះ​សីហ​នុ គឺជា​សមិទ្ធផល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដំបូង​ដែល​មាននៅ​កម្ពុជា​។

ដូច្នេះ​វា​ក៏​ជា​គំរូ​មួយ ដែល​អាច​នឹង​ដកស្រង់​បទ​ពិសោធន៍​សម្រាប់​កម្ពុជា យើង​នៅ​ក្នុង​ផែនការ​ពង្រឹង និង​អភិ​វ​ឌ្ឈ​ន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​នៅ​ពេល​នេះ រដ្ឋាភិបាល​កំពុង​តែ​សិក្សា​ដោយ​រួម​ទាំង​ផ្លូវ​ក្រោម​ដីការ​កសាង​ផ្លូវដែក​ភ្ជាប់​ទៅ​វៀតណាម និង​ឡាវ​ហើយ​ជា​ពិសេស គឺ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​បា​វិត ព្រំដែន​វៀតណាម​។

គម្រោង​នេះ គ្រោង​នឹង​ចុះហត្ថលេខា​នៅ​ខែវិច្ឆិកា ស្រប​ពេល​ដែល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះ​សីហ​នុ​ត្រូវ​សម្ភោ​ធ​ជា​ផ្លូវការ​ដែរ​នោះ​។ ក្រុមហ៊ុន​ដែល​នឹង​ទទួល​សិទ្ធិ​សាងសង់​ផ្លូវ​នេះ​ដែរ គឺជា​ក្រុមហ៊ុន​ចិន​ដែល​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះ​សីហ​នុ នេះ​ស្រាប់ គឺ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ហើយនឹង​ស្ពាន​ចិន (China Road and Bridge Cooperate)​។ គម្រោង​ទី​ពីរ​នេះ គឺ​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ ដោយ​មាន​ប្រវែង ១៣៥ គីឡូម៉ែត្រ​មាន​ទទឹង ២៥,៥ ម៉ែត្រ មាន​ពីរ​គន្លង​តាម​ទិស​នីមួយ​ៗ ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ ដោយ​ផ្តោត​ជា​ពិសេស​លើ​កំណើន​ការ​នាំ​ចេញ​។

សរុប​មក​វិញ​យើងខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​ដែល​នឹង​មាន​បំណង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះ​សីហ​នុ​នេះ​នឹង​បើកបរ​តាម​ល្បឿន​កំណត់​ដ៏​ត្រឹមត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ហើយ​នៅ​ពេល​ដែល​វ៉ា​ឬ​ជែង ត្រូវ​មាន​ភ្លើង​សញ្ញា​គោរព​គន្លង​នៅ​ក្នុង​ការ​បើកបរ ហើយ​ត្រូវ​ប្រកាន់​ស្តាំ ជា​ពិស​ស គឺ​មិន​ត្រូវ​យក​ផ្លូវ​នោះ​គឺជា​កន្លែង​សាកល្បង​ឡាន ឬ​ប្រែក្លាយ​ទីនោះ គឺជា​ទីលានប្រណាំង ដែល​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​គ្មាន​ច្បាប់ ពីព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយសារ​ទីនោះ​ជា​ផ្លូវ​ដែល​អនុញ្ញាត​ឲ្យ​បើកបរ​លឿន​បំផុត​នៅ​កម្ពុជា​។
ដូច្នេះ​យើង​រួម​គ្នា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ជា​ប្រយោជន៍​ហើយ​ចៀសវាង​អោយ​បានការ​ប្រែក្លាយ​ផ្លួ​វ​ល្បឿន​លឿន​នេះ​អោយទៅ​ជា​ផ្លូវ​មរណ​:៕ អត្ថបទ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ