ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ ឯកឧត្តម អា​បេ ស៊ិ​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន

1 ឆ្នាំ មុន

ទីក្រុងតូក្យូ ៖ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ​២០២២ ពិធី​បុណ្យសព​ថ្នាក់​ជាតិ ​ជូន​ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន…

ទីក្រុងតូក្យូ ៖ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ​២០២២ ពិធី​បុណ្យសព​ថ្នាក់​ជាតិ ​ជូន​ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ចាប់ផ្តើម​រៀបចំ​ឡើង​នៅ​សាល Nippon Budokan តាម​បែបបទ​ប្រពៃណី និង​សាសនា​ជប៉ុន និង​ត្រូវ​បាន​ផ្តល់​មហា​កិត្តិយស​ជូនអំណោយ​ពី​ប្រេសិត​របស់​ព្រះ​ចៅ​អធិរាជ និង​ព្រះរាជ​អគ្គមហេសី និង​អតីត​ព្រះ​ចៅ​អធិរាជ និង​ព្រះរាជ​អគ្គមហេសី រួម​នឹង​ការ​ថ្វាយ​កម្រងផ្កា​ពី​សមាជិក​ព្រះរាជ​វង្សានុវង្ស​ជប៉ុន រួម​នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល អតីត​មេដឹកនាំ​ពិភពលោក ប្រមាណ៥០​រូប និង​ភ្ញៀវ​កិត្តិយស​អន្តរជាតិ ប្រមាណ៧០០​នាក់ និង​ភ្ញៀវ​ជាតិ សរុប​ទាំងអស់​ប្រមាណ ៤,៥០០នាក់ បាន​អញ្ជើញ​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​ដើម្បី​លាគ្នា​ជា​លើក​ចុង​ក្រោយ ​។

ជា​គុណ​បំណាច់​ចំពោះ​ស្នាដៃ និង​ការ​ចង​ចាំ ឯកឧត្តម អា​បេ ជា​អ្នកនយោបាយ​អភិរក្សនិយម ដែល​ត្រូវ​បាន​គេ​ចង​ចាំ​ចំពោះ​សមិទ្ធិ​ផល​គោលនយោបាយ​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​ការ​ដឹកនាំ​ពិភពលោក និង​ទំនាក់ទំនង​ដ៏​កក់ក្តៅ ដែល​ឯកឧត្តម​បាន​កសាង​ជាមួយ​មេដឹកនាំ​ពិភពលោក កាលពី​អតីតកាល និង​បច្ចុប្បន្ន ។ លើស​ពី​នោះ ឯកឧត្តម អា​បេ ក៏​ត្រូវ​បាន​គេ​ចង​ចាំ​ថា ជា​បុគ្គល ដែល​ខ្វាយខ្វល់​អំពី​សុខុមាលភាព​ប្រជាជន​-​កម្មករ ស្ថិរភាព​សង្គម និង​សន្តិសុខ​ជាតិ​របស់​ជប៉ុន​ជា​ដរាប បើ​ទោះ​ឯកឧត្តម ពុំ​មែន​ជា​នាយក​រដ្ឋមន្ត្រី ក្នុង​ពេល​ដែល​ជីវិត​របស់​ឯកឧត្តម ត្រូវ​បាន​គេ​លួច​ធ្វើឃាត​ក៏​ដោយ ឯកឧត្តម​នៅ​តែ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ ប្រជាជន​ជប៉ុន​ភាគច្រើន ដែល​មក​ចូលរួម​កាន់ទុក្ខ​ឯកឧត្តម​អា​បេ គឺជា​ក្រុម​យុវជន​វ័យក្មេង ដែល​ទទួល​បានការ​ងារ​ធ្វើ​ដំបូង ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច ដែល​មានឈ្មោះ​ថា អា​បេ​ណូ​មិ​ក (Abenomics) ។

នៅ​ក្នុងអំឡុងពេល​នៃ​ការ​កាន់​តំណែង​ក្នុង​អាណត្តិ​ទី២ ចាប់ពី​ចុងឆ្នាំ​២០១២ ដល់​ខែកញ្ញា ឆ្នាំ២០២០ ក្នុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត ជប៉ុន​បាន​បង្កើត​ការងារ​ថ្មី ប្រមាណ ៥​លាន​កន្លែង ។ លើស​ពី​នោះ ឯកឧត្តម អា​បេ គឺជា​មិត្ត​ភ័​ក្រ​ដ៏​ល្អ​ពិតប្រាកដ និង​ជា​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​ជ្រាលជ្រៅ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ។ ឯកឧត្តម អា​បេ គឺជា​មិត្ត​ជាទី​ស្រលាញ់ រាប់អាន​ដ៏​យូរ​ម្នាក់ ដែល​បាន​រួមចំណែក​ពូន​ជ្រុំ​ភាព​ជា​ដៃគូ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​៨​កក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​វ័យ​ជាង​៤១​ឆ្នាំ​ម្នាក់ បាន​ធ្វើការ​បាញ់ប្រហារ​មក​លើ​ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ ក្នុង​ឱកាស​ដែល​រូប​ឯកឧត្តម​អញ្ជើញ​ថ្លែង ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​ជ្រើ​រើស​ព្រឹទ្ធសភា​ជប៉ុន នៅ​ទីក្រុង​ណា​រា ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​៨​កក្កដា ឆ្នាំ​២០២២​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ថា មរណភាព​របស់​ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ មិន​គ្រាន់តែ​ជា​ការ​បាត់បង់ នូវ​រដ្ឋបុរស​ស្នេហា​ជាតិ​ម្នាក់​របស់​ជប៉ុន ដែល​បាន​ដឹកនាំ​ឲ្យ​មានការ​រីក​ចំរើន និង​លើកកម្ពស់​តួនាទី​របស់​ជប៉ុន នៅ​លើ​ឆាក​អន្តរជាតិ និង​តំបន់ ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បាត់បង់​នូវ មិត្តភក្តិ​ដ៏​ល្អ​ពិតប្រាកដ​មួយ​រូប របស់​ប្រជាជន​កម្ពុជា និង​រូប​សម្តេច​ផ្ទាល់ ដែល​បាន​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ជប៉ុន រហូត​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ឆ្នាំ​២០១៣ ក៏​ដូច​ជា​បាន​ជំរុញ​ការ​ផ្តល់​ជំនួយ​គាំទ្រ ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ​។

កាយវិការ​ដ៏​សប្ប​រស និង​មនោសញ្ចេតនា​ស្មោះស្ម័គ្រ​របស់ ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ នឹង​ត្រូវ​បាន​ចង​ចាំ​ដិតដាម​ជាប់​ជា​និច្ច ក្នុង​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រូប​សម្តេច​ជា​រៀង​រហូត​។ ក្នុង​កាលៈទេសៈ​ដ៏​សែន​សោកសង្រេង​នេះ សម្តេច​បាន​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ បាន​ទៅ​សោយសុខ ក្នុង​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​។ នៅ​ក្នុង​ពិធី​លាគ្នា​ជា​លើក​ចុង​ក្រោយ​នោះ នៅ​ចំពោះ​មុខ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ និង​លោក​ជំទាវ អា​បេ ស៊ិ​ន​ហ្សូ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ បាន​សំដែង​នូវ​ចូលរួម​រំលែក​ទុក្ខ និង​ការ​គោរព​ស្រឡាញ់ សោកស្តាយ​បំផុត ចំពោះ​ការ​បាត់បង់​រូប ឯកឧត្តម អា​បេ ស៊ិ​ន​ហ្សូ ដែល​ជា​រដ្ឋបុរស​ដ៏​ឆ្នើម​របស់​ប្រទេស និង​ប្រជាជន​ជប៉ុន និង​ជា​មិត្ត​ភ​ក្រ​ជាទី​គោរព​ស្រឡាញ់​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ