ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជា​ឱ្យមន្ត្រីជំនាញ​សិក្សាលទ្ធភាពផលិតវ៉ាក់សាំង​ការពារមហារីក និងទឹកនោមផ្អែមនៅកម្ពុជា​​

2 ឆ្នាំ មុន

ទីក្រុង​ហា​វ៉ា​ណា​-គុយ​បា​ ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​

ទីក្រុង​ហា​វ៉ា​ណា​-គុយ​បា​ ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​ទៅ​កាន់​មជ្ឈមណ្ឌល Fidel Castro ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា នៃ​សាធារណរដ្ឋ​គុយ​បា​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ពី​ថ្នាក់ដឹកនាំ នៃ​មជ្ឈមណ្ឌល Fidel Castro​។ មជ្ឈមណ្ឌល Fidel Castro បាន​ដាក់​តាំង​បង្ហាញ​នូវមហា​ស្នាដៃ​និង​សមិទ្ធផល​នៃ​កេរ្តិ៍​មរតក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ ក្នុង​ការ​ធ្វើ​បដិវត្តន៍​ផ្តួល​រំ​រលំ ពី​ឆ្នាំ​១៩៥១ ដល់​ឆ្នាំ​១៩៥៩ ។

សារមន្ទីរ Centro Fidel Castro ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​វិមាន​ដ៏​ប្រណិត​មួយ​នៅ​ក្នុង​សង្កាត់​វី​ដា​ដូ​ដ៏​ធំ​ទូលាយ​របស់​រដ្ឋធានី​ហា​វ៉ា​ណា ហើយ​បាន​បើកទ្វារ​របស់​ខ្លួន​នៅ​ថ្ងៃ​គម្រប់​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​ស្លា.ប់​របស់​មេ​ដឹកនាំ​បដិវត្ត​គុយ​បា លោក​កា​ស្ត្រូ​។ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា មជ្ឈមណ្ឌល Fidel Castro Ruz (CFCR) ត្រូវ​បាន​សម្ពោធ​នៅ​ទីក្រុង Havana ដែល​ជា​សារមន្ទីរ​ដ៏​ប្រណិត​ដែល​កាន់កាប់​ប្លុក​ទាំងមូល​នៅ​ក្នុង​សង្កាត់ វី​ដា​ដូ ។ គោលបំណង​របស់​មជ្ឈមណ្ឌល​នេះ​គឺ «​ដើម្បី​សិក្សា និង​ផ្សព្វផ្សាយ​គំនិត ការងារ ជីវិត និង​គំរូ​របស់​មេដឹកនាំ​ប្រវត្តិសាស្ត្រ​គុយ​បា​»។

មជ្ឈមណ្ឌល​មានការ​រីក​ចម្រើន​ធំធាត់​ប្រកបដោយ​គុណភាព​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម​ហ្សេ​ន និង​ជីវៈ​បច្ចេកវិទ្យា​ពិសេស​លើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​វិស័យ​សុខាភិបាល​តាម​រយៈ​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ទៅ​នឹង​ជំងឺមហារីក​- ទឹកនោមផ្អែម​-​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩​ដែល​គុយ​បា​ផលិត​ដោយ​ផ្ទាល់​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ឯកឧត្តម​ម៉​ម ប៊ុ​ន​ហេង ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​មជ្ឈមណ្ឌល​នេះ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នាំ​ចូល​ឬ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​និង​ទឹកនោមផ្អែម​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា ក្នុង​សម័យ​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ផ្តល់​ជូន​នូវ​មេដាយ​ឥស្សរិយយស ថ្នាក់ខ្ពស់​បំផុត ជូន​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ​។ មេដាយ​នោះ​ត្រូវ​បាន​រក្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ ជាមួយ​និង​គ្រឿង​ឥស្សរិយយស​ប្រមាណ​៥០០​គ្រឿង ដែល​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ ពី​បណ្តា​មេដឹកនាំ​ពិភពលោក​ដទៃ​ទៀត​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គុយ​បា​ជំនាន់​ក្រោយ ដែល​បាន​ខិតខំ​បង្កើត​នូវ​មជ្ឈមណ្ឌល​នេះ​ឡើង ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ចូល​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិ និង​ស្នាដៃ​ដ៏​មានគុណ​តម្លៃ​របស់ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ ក្នុង​ការ​ដឹកនាំ​ប​ដែនដី​កោះ​មួយ​នេះ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លង​មក​។ នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល Fidel Castro សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អញ្ជើញ​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​របស់​មជ្ឈមណ្ឌល ដើម្បី​ទុកជា​អនុស្សាវរីយ៍​នៅ​ក្នុង​មជ្ឈមណ្ឌល​ផង​ដែរ​។

ខ្លឹមសារ​នៃ​ការ​ចុះហត្ថលេខា​មាន​អត្ថន័យ​ថា បើ​ទោះជា​មជ្ឈមណ្ឌល​ទើបតែ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២១​កន្លង​ទៅ​យ៉ាងណា​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​ពិតជា​បាន​បង្ហាញ​នូវ​ភាព​សំបូរ​បែប ក្នុង​ការ​ផ្តល់​នូវ​ការ​សិក្សា និង​ការ​ផ្សព្វផ្សាយ​គំនិត ទស្សនវិស័យ ជីវិត ការ​តស៊ូ និង​គំរូ​វីរភាព ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ឯកឧត្តម Fidel Castro បិតា​បដិវត្តន៍​ឯករាជ្យ​គុយ​បា​ជា​ប្រវត្តិសាស្ត្រ ហើយ​ក៏​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កម្ពុជា ជា​ពិសេស​ជាមួយ​អតីត​ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ​កម្ពុជា ព្រះបាទ​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​។

​ខ្ញុំ​ពិតជា​មានការ​នឹក​ស្តាយ និង​អា​លោះ​អាល័យ ចំពោះ​ការ​បាត់បង់​នូវ​វីរបុរស របស់​គុយ​បា​មួយ​រូប ដែល​បាន​ចំណាយពេល​មួយ​ជីវិត ប្រឆាំង​នឹង​បច្ចាមិត្ត ជា​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់​ប្រកបដោយ​គុណធម៌​ដែល​តែង​ផ្តល់​ជំនួយ និង​ការ​ឧបត្ថម្ភ មិន​ត្រឹមតែ​ចំពោះ​កម្ពុជា តែ​ដូច​ជា​ប្រទេស​ជា​ច្រើន​លើ​សាកលលោក​ផង​ដែរ​។ លើស​ពី​នេះ​ទៀត ការ​ទស្សនា​មជ្ឈមណ្ឌល Fidel Castro ដ៏​ល្បីល្បាញ​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​ឯកឧត្តម Fidel Castro ជា​ខ្លាំង ជា​ពិសេស គឺ​នឹក​ដល់​ពេល​ដែល​ខ្ញុំ​បាន​ជួប​សន្ទនា​ជាមួយ​រូប​គាត់​អស់​រយៈពេល​៨​ម៉ោង ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយ​បា​កាលពី​ឆ្នាំ​១៩៩៩​។

បន្ទាប់​ពី​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល Fidel Castro រួច​មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញពី​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយ​បា ទៅ​កាន់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ