ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការ​ផ្អាក​ពិធីបុណ្យ​អុំ​ទូក ឆ្នាំ​២០២២ ដោយសារ​កត្តា​ ២សំខាន់ៗ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ការ​សង្ស័យ ពី​មតិ​មួយ​ចំនួន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ច្បាស់​ថា ការ​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ការ​សង្ស័យ ពី​មតិ​មួយ​ចំនួន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ច្បាស់​ថា ការ​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក សម្រាប់​ឆ្នាំ​២០២២​នេះ ដោយសារ​តែ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​ចប់ និង​កម្ពុជា​ធ្វើ​ជា​ម្ចាស់ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ។

យោង​តាម​សារ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក នៅ​ក្នុង​រាជធានី​ភ្នំពេញ នោះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​បងប្អូន​ជនរួមជាតិ ពិសេស​នៅ​តា​មូលដ្ឋាន​ខេត្ត​នានា អាច​រៀបចំ​ពិធី​ប្រណាំងទូក​ទៅ​តាម​ចំណង​ចំណូលចិត្ត ហើយ​មក​ដល់​ពេល​នេះ មាន​ខេត្ត​ខ្លះ​បាន​រៀបចំ​ទូក​សម្រាប់​អុំ យ៉ាងច្រើន​រួច​ដែរ ។

សម្តេច​លើក​ឡើង​ថា សម្រាប់​ការ​ផ្អាក​នេះ មាន​មជ្ឈដ្ឋាន​មួយ​ចំនួន ចេះ​មក​វិភាគ ឬ​វាយតម្លៃ​ថា មូលហេតុ ដែល​នាយក​រដ្ឋមន្ត្រី ផ្អាក​ការ​អុំទូក​ថ្នាក់​ជាតិ គឺ​ដោយសារ​មូលហេតុ​រដ្ឋាភិបាល​អស់​លុយ ។

សម្តេច​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​អ្នកវិភាគ​ដល់​ឆ្កួត​លីលា និង​ការ​វាយតម្លៃ ដោយ​ឆ្កួត​លីលា របស់​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច ។ ខ្ញុំ​ពិតជា​ទទួលស្គាល់​ថា កម្ពុជា​ក្រីក្រ ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ដល់​ដំណាក់កាល នៃ​រដ្ឋ​ក្ស័យធន​នោះ​ទេ ។ យើង​នៅ​តែ​មាន​លទ្ធភាព ដើម្បី​ចំណាយ​ទៅ​លើ​ពិធីបុណ្យ​អុំទូក​មួយ បើសិន​ត្រូវ​រៀបចំ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ហេតុ​អ្វី​បានជា​ខ្ញុំ​សម្រេចចិត្ត​លុប​ចោល​នូវ​បុណ្យអុំទូក​ឆ្នាំ​នេះ​» ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​បន្ថែម​ថា មូលហេតុ ០២​សំខាន់ ក្នុង​ការ​ផ្អាក​បុណ្យអុំទូក​ឆ្នាំ​នេះ ដែល​ខ្ញុំ​សូម​យោគយល់ សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ទី​១. បញ្ហា​កូ​វី​ដ មិន​ទាន់​ចប់​ទេ យើង​បាន​លុប​ចោល​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០២០, ២០២១ ហើយ​ឆ្នាំ​២០២២ បន្ត​លុប​ទៀត ដោយសារ​បញ្ហា​ធំ គឺ​មិន​ចង់​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ទ្រង់ទ្រាយ​ធំ នៅ​ភ្នំពេញ ហួសហេតុ​ពេក ។ បងប្អូន​ជនរួមជាតិ ដឹង​ហើយ​ថា រាល់​ឆ្នាំ​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា នៅ​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​រាប់​លាន​នាក់​មក​ភ្នំពេញ ដូច្នេះ​បើសិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នឹង​បង្កើត​នូវ​ស្ថានភាព​គ្រោះថ្នាក់​ទៀត ។
ការ​មិន​ធ្វើ​ពិធីបុណ្យ​អុំទូក ពីរ​ឆ្នាំ​ជាប់​គ្នា​កន្លង​មក ដោយសារ​មូលហេតុ​កូ​វី​ដ នឹង​នៅ​ឆ្នាំ​២០២២​នេះ ក៏​ដោយសារ​កូ​វី​ដ ។ យើង​មិន​ចង់​រំខាន​ដល់​បងប្អូន ដែល​ត្រូវ​នាំ​ទូក ពី​តាម​បណ្តាល​ខេត្ត ចំណុះ​ទូក​ពី​បណ្តាល​ខេត្ត​មក​ទីក្រុង​ភ្នំពេញ នៅ​ពេល​បងប្អូន​ដែល​ត្រូវ​បង្កបង្កើន​ផល​នោះ​ទេ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា មូលហេតុ ទី​២. ដែល​នាំ​ឲ្យ​ផ្អាក​បុណ្យអុំទូក​នោះ ដោយសារ​តែ​ថ្ងៃ​បុណ្យអុំទូក ចំ​ថ្ងៃ​ទី​៧, ៨ និង​៩ ខែវិច្ឆិកា ដែល​ជា​ចំណុច​សំខាន់​នោះ គឺ​ការ​ប្រជុំ​អាស៊ាន គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ហើយ​នៅ​ថ្ងៃ​ទី​១០​ដល់​១៣ គឺជា​ការ​ប្រជុំ​ដ៏​ធំ នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​យ៉ាងច្រើន មក​កាន់​ទីក្រុង​ភ្នំពេញ ។ ហើយ​ប្រ​សិន កម្មវិធី​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ ចាប់ពី​ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​មាន​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នា​ថ្ងៃ​ទី​៨ វិច្ឆិកា មាន​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន និង​ថ្ងៃ​ទី​៩ វិច្ឆិកា នឹង​មាន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន ជាដើម ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ករណី​ខាងលើ​នេះ មិន​ទាន់​គិតដល់​ពិធីបុណ្យ​ជាតិ ដែល​ត្រូវ​ព្រះករុណា​ព្រះមហាក្សត្រ យាង​ដុត​ទៀនជ័យ នៅ​វិមាន​ឯ​រាជ្យ ផង ។

សម្រាប់​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី គឺ​មិន​អាច​លៃលក ពេលវេលា​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ជាមួយ​សភាពការណ៍ បុណ្យអុំទូក​ដែល​មាន​មនុស្ស​ជា​ច្រើន ហើយ​មាន​ពេលវេលា ត្រូវ​ត្រៀម​សន្តិសុខ សម្រាប់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល នៅ​បណ្តា​ប្រទេស​អាស៊ាន និង​ដៃគូ​អាស៊ាន ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ត្រូវ​មក​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ នោះ​ទេ ។

សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​ការ​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា​លើក​នេះ គឺជា​ការ​ប្រជុំ ដ៏​ធំ ដែល​អាច​ចាត់​ថា មិន​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិ នៃ​ការ​ប្រជុំ​អាស៊ាន រាប់​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស ដែល​ប្រតិភូ រហូត​ជិត​៤០ គណៈប្រតិភូ មក​កាន់​ទីក្រុង​ភ្នំពេញ កាលពីដើម​ខែសីហា កន្លង​ទៅ ។ ឯការ​ប្រជុំ​កំពូល​អាស៊ាន នៅ​ពេល​ខាង​មុខ ក៏​ជា​ការ​ប្រជុំ ដ៏​ធំ ដែល​កម្រ​កើត​មាន​ហើយ​មិនកើត​មាននៅ​ក្នុង​ឆ្នាំ​២០២០ ,២០២១ ដែល​ត្រូវធ្វើ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ប្រុយ​ណេ ។ ប៉ុន្តែ​ជា​កុសល យើង​អាច​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​» ។

ការ​លើក​ឡើង​ថា រដ្ឋាភិបាល​អស់​លុយ គ្មាន​លទ្ធភាព ដើម្បី​នឹង​បម្រើ​ឲ្យ​ពិធីបុណ្យ​អុំទូក សូម​វិភាគ​ទៅ​តាម​ការ​គួរ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​ខណៈ​ជា​ម្ចាស់ផ្ទះ ទទួលខុសត្រូវ យើង​កំពុង​ទទួល​សំណូមពរ នូវ​ទស្សនកិច្ច​ផ្សេង​ៗ​ទៀត ក៏​ប៉ុន្តែ​យើង​គ្រាន់តែ​អាច​ទទួល​បាន​នាយក​រដ្ឋមន្ត្រី​វៀតណាម នាយក​រដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​ហ្វី​លី​ន ។

តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខាងលើ គឺជា​ហេតុផល នៃ​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០២២​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ