ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​អ្នក​បើករ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ផ្ទុក​លើស​ចំណុះ​​ជា​ច្រើន​គ្រឿង​ដែល​ល្មើស​ផ្លា​ក​សញ្ញា​ហាម​ចូល​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

រថយន្ត​ធំ​ៗ​ផ្ទុក​លើស​ចំណុះ​ជា​ច្រើន​គ្រឿង ដែល​បើកបរ​ចេញចូល​ដឹក​ទំនិញ ឬ​ទម្លាក់​ទំនិញ ចាប់ពី​ចំណុច​ត្រង់​រង្វង់​មូល​ព្រះ​នរាយ​ដៃ​ប្រាំបី ចូល​ទៅ​តាម​ច្រក​ផ្សារ​ក្រុង​សំរោង

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ធំ​ៗ​ផ្ទុក​លើស​ចំណុះ​ជា​ច្រើន​គ្រឿង ដែល​បើកបរ​ចេញចូល​ដឹក​ទំនិញ ឬ​ទម្លាក់​ទំនិញ ចាប់ពី​ចំណុច​ត្រង់​រង្វង់​មូល​ព្រះ​នរាយ​ដៃ​ប្រាំបី ចូល​ទៅ​តាម​ច្រក​ផ្សារ​ក្រុង​សំរោង ដោយ​មិន​គោរព​នូវ​ស្លាក​សញ្ញា​ហាម​ចូល​របស់​មន្ត្រី​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ដែល​បាន​ដាក់​នូវ​ស្លាក​សញ្ញា​ហាម​ចូល​នៅ​រថយន្ត​ចាប់ពី​ទម្ងន់​ផ្ទុក​លើស​ចំណុះ​៣​តោន​កន្លះ​ឡើង​ទៅ គឺ​ពុំ​អនុញ្ញាតិ​ចេញចូល​ដាច់ខាត ដើម្បី​ថែរក្សា​ការពារ​ផ្លូវថ្នល់​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ធូ សុភា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តឧត្តរមានជ័យ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា ចំពោះ​ការ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ទៅ​ដល់​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​លើស​ចំណុះ មក​ទំលាក់​ដែល​ល្មើស​ស្លា​កក​សញ្ញា​ចរាចរណ៍​ផ្សេង​ៗ នៅ​តាម​ដងផ្លូវ​ទីប្រជុំ​ទី​សាធារណៈ​នានា​។

លោក​វរសេនីយ៍ឯក បន្ត​ថា កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ដែរ ក្រោម​ការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ទោ ហ៊ួ​ត សុធី ស្នងការ​នគរបាល​ខេត្ត ដើម្បី​ទប់ស្កាត់​រាល់​នូវ​រថយន្ត​ល្មើស​ស្លាក​សញ្ញា​ហាម​ចូល​ក្រុង​។

លោកនាយ​ការិយាល័យ​ចរាចរណ៍​ដដែល​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​ករណី​រថយន្ត​គ្រប់​ប្រភេទ ដែល​បាន​ល្មើស​ទៅ​នឹង​ស្លាក​សញ្ញា​ហាមឃាត់​នៅ​តាម​ដងផ្លូវ​ចូល​ក្រុង​សំខាន់​ៗ នៅ​ក្នុង​ក្រុង​សំរោង គឺជា​ភារៈកិច្ច​របស់​នគរបាល​ជំនាញ​ផ្នែក​ខាង​ចរាចរណ៍​ផ្លូវគោក​គ្រប់គ្រង ធ្វើការ​ផាកពិន័យ ហើយ​បើ​ក្រោយ​ពី​ការ​អប់រំ​ធ្វើ​កិច្ចសន្យា​រួច​ហើយ រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ទាំងនោះ​នៅ​តែ​បន្ត​បើកបរ​ល្មើស​នឹង​ស្លាក​សញ្ញា​ហាម​រថយន្ត​មិន​ឲ្យ​ចូល​ក្រុង​បន្ត​ទៀត នគរបាល​ចរាចរណ៍​ជំនាញ​ត្រូវ​តែ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​អនុ​ក្រឹ​ត​លេខ​៣៩ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ការ​ជាក់ស្តែង​តែ​ម្តង​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត ក៏​ដូច​ជា មតិ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​សំរោង បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា ផ្លូវថ្នល់​ដែល​រង​ការ​ខូ​ត​ខាត​ជាង​១​គីឡូម៉ែត្រ​នោះ គឺ​ពុំ​មែន​មក​ពី​កត្តា​ជំនន់​ទឹកភ្លៀង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ទោះបី​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​បែប​ណា ក៏​វា​មិន​ជាប់​បាន​យូ​ដែរ បើ​ពុំ​មានការ​ទប់ស្កាត់​ពី​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​លើស​ចំណុះ​ចូល​ដឹក ឬ​ទម្លាក់​ទំនិញ​ជា​រៀងរាល់ថ្ងៃ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ