ខេត្តកំពត ៖ មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តកំពត សហការជាមួយសមត្ថកិច្ចស្រុកទឹកឈូ និងនគរបាលក្រុងកំពត ព្រមទាំងកម្លាំងអធិការដ្ឋានក្រុងបូកគោ បានស្រាវជ្រាវរួចឃាត់ខ្លួនយុវជន៣នាក់ពីបទសង្ស័យឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ កញ្ញា ស្ថិតក្នុងទឹកដីភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។

លោកវរសេនីយ៍ទោ សូ ប៊ុនធឿន អធិការស្រុកទឹកឈូបានរៀបរាប់ថា កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា មានករណីចោរឆក់ខ្សែកនៅចំណុចក្បែរខ្លោងទ្វារវត្តទឹកវិល ខណៈពេលស្ត្រីម្នាក់ឈ្មោះឈីវ ណាយ អាយុ៥៥ឆ្នាំ កំពុងរុញរទេះដឹកចៅលើដងផ្លូវ ។
ប្រភពបន្តថា ប៉ុន្តែសកម្មភាពរបស់ពួកគេ គឺមិនបានសម្រេចទើបនាំគ្នាគេចខ្លួនបាត់ភ្លាមៗ ។ ក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងគឺពាក់ស្លាកលេខភ្នំពេញ1FB-2987ពណ៌ខ្មៅ និងពាក់ស្លាកលេខព្រះសីហនុ1I-1385ពណ៌ស ។ លោកអធិការបានបន្តថា ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់កម្លាំងនគរបាលខេត្ត សហការជាមួយសមត្ថកិច្ចស្រុកទឹកឈូ កម្លាំងក្រុងកំពត និងក្រុងបូកគោតាមឃ្លាំមើលនិងស្រាវជ្រាវដើម្បីឃាត់ខ្លួនឱ្យខាងតែបានដាច់ខាត ។

តាមការស្រាវជ្រាវយ៉ាងដុតដៃដុតជើងរបស់សមត្ថកិច្ចទាំងបីក្រុងស្រុកខាងលើ រហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ទើបសមត្ថកិច្ចក៏តាមទាន់ និងឃាត់ខ្លួនមុខសញ្ញាឆក់ទាំង៣នាក់ បានជាបន្តបន្ទាប់នៅក្នុងទឹកដីក្រុងបូកគោដែលពួកគេបម្រុងរត់គេចខ្លួនទៅខេត្តព្រះសីហនុ។

លោកវរសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ រួមមាន: -ឈ្មោះ សាក់ ឌុលការីម ហៅត្រា អាយុ២១ឆ្នាំ។ ២-ឈ្មោះ សុប យូសុះ ហៅប៉ៃ អាយុ១៨ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។ ៣-ឈ្មោះ សាយ ថង ហៅសាក់ អាយុ២៤ឆ្នាំ មានទីលំនៅភូមិកោះទន្សែ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរក្រុមជនសង្ស័យទាំង៣នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ