ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ បុក​គោយន្តដឹកអុស របួស ១គ្រួសារ អ្នក​បើកបរ ​គេចខ្លួនបាត់

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប៖ រថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ បានបុកគោយន្តដឹកអុស ពេញទំហឹង បណ្តាលឱ្យ ១គ្រួសារ របួសធ្ងន់ស្រាល ៣ នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់​មណ្ឌលសុខភាព…

​ខេត្តសៀមរាប៖ រថយន្តដឹកដីរបស់ក្រុមវិស្វកម្មសម្តេចតេជោ បានបុកគោយន្តដឹកអុស ពេញទំហឹង បណ្តាលឱ្យ ១គ្រួសារ របួសធ្ងន់ស្រាល ៣ នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់​មណ្ឌលសុខភាព រុនតាឯក ដឹកយកទៅ​ព្យាបាលភ្លាមៗ។ អ្នកបើកបររថយន្ត បានចុះ រត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២​រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវកៅស៊ូ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពថា មុនពេល​កើតហេតុ ពួកគាត់ឃើញគោយន្ត បើកបរពីកើតទៅលិច ខណៈពេលនោះ ម្ចាស់គោយន្ត ​មកដល់ចំណុចកើតហេតុ ក៏ បានលើក ដៃសុំឱ្យរថយន្ត ដឹកដី ឈប់ ដើម្បីគាត់ធ្វើដំណើរទៅមុខ ព្រោះផ្លូវគាត់ បើកត្រង់ រីឯ​រថយន្តដឹកដីរបស់យោធាវិស្វកម្មសម្តេចតេជោ បើកលឿន មកពីជើង បត់ទៅកើត មកដល់ទល់មុខគ្នា មិនព្រមឈប់ តាមការស្នើសុំរបស់ម្ចាស់គោយន្ត ក៏បុកគោយន្តពេញទំហឹង បណ្តាលឱ្យប្តីរបស់គាត់ ជាអ្នកបើកដួលបោកក្បាលទៅនឹង​ម៉ាស៊ីនគោយន្ត របួសធ្ងន់ និងប្រពន្ធកូនប្រុស របួសស្រាល។

ប្រភពពីសាក្សីបានរៀបរាប់បន្តថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តដឹកដីរបស់ក្រុមវិស្វកម្ម​សម្តេចតេជោ ឃើញបើកទ្វារឡានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ម៉ាក HINO ពណ៌ស គ្មានស្លាកលេខ នៅពីខាងមុខ មានសម្គាល់ លេខក្នុង (ហ្លូកូ) មានអក្សរ (ហ.ស) នៅកន្លែងកើតហេតុ។ មួយសន្ទុះក្រោយមក ក៏ឃើញរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌល​សុខភាពរុនតាឯក ដឹកប្តីគាត់យកទៅពេទ្យដេរជាច្រើនថ្នេរ​។

ប្រពន្ធជនរងគ្រោះ ឈ្មោះ អ៊ុយ កេង អាយុ ៤៣ឆ្នាំ និងប្តីឈ្មោះ ស សៀន អាយុ ៤៤ឆ្នាំ និងកូនប្រុស ឈ្មោះ ស ដាលីន អាយុ ១៥ឆ្នាំ។ អ្នកទាំង ៣ រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទិញអុសពីប្រជាពលរដ្ឋ រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីយកទៅ ផ្ទះទុកលក់ឱ្យថៅកែឡឥដ្ឋ មិនទាន់បានដល់ពាក់កណ្តាលផ្លូវផង ក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី មកបុកគោយន្ត​ពេញទំហឹង បណ្តាលឱ្យប្តីរបស់គាត់ ចូលពេទ្យ ដេរជាច្រើនថ្នេរ។

អ្នកស្រី រៀបរាប់បន្តថា «បន្ទាប់ពីរថយន្តដឹកដី បុករួច អ្នកបើកបរ បានបើកទ្វារ ចុះមកឃើញពួកខ្ញុំ ហើយ សើចដាក់ខ្ញុំ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ចំពោះពួកខ្ញុំសោះ ហើយក៏ឡើងរថយន្ត​ផ្សេង ចេញទៅបាត់ស្រមោល​ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ»។

ជុំវិញករណីខាងលើនេះ កោះសន្តិភាព បានទំនាក់ទំនងតាមទូរស័ព្ទដៃរបស់លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី។ ប៉ុន្តែ​លោកអធិការឆ្លើយប្រាប់កោះសន្តិភាព​យើងវិញ នៅវេលាម៉ោង ២០ និង០៤ នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះថា «មិនបាច់យកទេ ( ព័ត៌មាន )  ព្រោះរឿងតូចតាច» រួចក៏បិទ​ទូរស័ព្ទទៅវិញ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ