សៀមរាប ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ គឺចំថ្ងៃកាន់បិណ្ឌទី២ នោះលោក យឹម យ៉ុម ដែលជាកសិករមកពីខេត្តព្រៃវែងបានសម្រេចចិត្តចាកចេញពីដីចម្ការនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីបានចំណាយពេលមួយរយៈធំក្នុងការចូលរួមស្តាប់ធម៌ ជាមួយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានពេលកំពុងចាកចេញពីដីចម្ការជាមួយនឹងក្រុមគ្រួសារនិងសាច់ញាតិចំនួន ៧ នាក់ដើម្បីវិលត្រឡប់ទៅខេត្តព្រៃវែងវិញនោះ លោក យឹម យ៉ុម បានបញ្ជាក់ថា លោកបាននាំក្រុមគ្រួសារប្រពន្ធកូននិងសាច់ញាតិ សរុប៧រូបមកដីចម្ការនៅជើងភ្នំគូលែន ដើម្បីស្តាប់ធម៌ជាមួយប្រជាពលរដ្ឋផ្សេងទៀតនៅដីចម្ការដែលជាដីរបស់សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅថាគណបក្ស LDP របស់លោក ខឹម វាសនា។
កសិករដែលមកពីស្រុក ស៊ីធរកណ្ដាល ក្នុង ខេត្ត ព្រៃវែង និងមានវ័យ៥៧ឆ្នាំរូបនេះ បានឱ្យដឹងបន្តថា លោកនាំគ្រួសារត្រឡប់ទៅស្រុកវិញក្រោយពីបានស្តាប់ធម៌ ដែលលោកអះអាងថា លោកខឹម វាសនា បានប្រៀបប្រដៅនិងណែនាំអំពីធម៌ផ្សេងៗនោះ។

នៅពេលសាកសួរថាតើ គណបក្ស LDP ឬគណបក្សជួង មានប្រមូលលុយកាក់ពីបងប្អូនដែលសម្រុកចូលមកចម្ការទាំង២កន្លែងរបស់គណបក្ស LDP ដើម្បីស្តាប់ធម៌លោក ខឹម វសនា ដូចអ្វីដែលគេបាននិយាយតៗគ្នានោះ លោក យឹម យ៉ុម ថ្លែងបញ្ជាក់ថា អត់មានការប្រមូលលុយកាក់អីនោះទេ តែលោកបានយកប្រាក់កាសមកតាមខ្លួនមួយចំនួនសម្រាប់ចាយវាយ។

ជាមួយគ្នានោះលោកបានឱ្យដឹងថា ទោះបីជាមិនមានពេទ្យប្រចាំការក្នុងដីចម្ការ ទីកន្លែងដែលធ្លាប់មានមនុស្សជាង១ម៉ឺន៥ពាន់នាក់ប្រមូលផ្តុំក្នុងដីចម្ការនៅជើងភ្នំគូលែនរបស់គណបក្សលោក ខឹម វាសនាក្តី តែពេលមាននរណាម្នាក់មិនស្រួលខ្លួន ឬកើតជំងឺផ្តាសាយអី គឺខាងក្រុមការងារលោកខឹម វាសនា មានចែកថ្នាំឱ្យលេប។

យ៉ាងណាមិញរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋបានបន្តចាកចេញជាបន្តបន្ទាប់ដីចម្ការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្ស LDP។ ជាក់ស្តែង ចាប់ពីម៉ោង៦ព្រឹក ដល់ ម៉ោង៦ ល្ងាច ថ្ងៃទី ១២ ខែ កញ្ញាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលបានចាកចេញ ពីជំរុំបរិវេណ ដីចម្ការម្រេច មានចំនួនសរុប២០៣ នាក់ ក្នុងនោះគឺមានមនុស្សស្រីចំនួន ៨៦នាក់ និងក្មេងៗ ចំនួន១៤នាក់។ ជាមួយគ្នានោះផងដែរ សមត្ថកិច្ចដែលឈរជើងនៅជិតដីចម្ការរបស់គណបក្ស LDP កាលពីថ្ងៃម្សិលមិញក៏បាន ទទួលបណ្ដឹងបន្ថែមពីប្រជាពលរដ្ឋចំនួន៣នាក់ ដែលបានស្វែងរកបងប្អូន ប្តី ប្រពន្ធ និងកូន។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ខែ កញ្ញា នេះ ប្រជាពលរដ្ឋដែលមកស្នាក់នៅជុំវិញបរិវេណដីចម្ការរបស់គណបក្ស LDP បានចាកចេញ ជាបន្តបន្ទាប់ នៅសល់ប្រមាណជាង ១ ពាន់ នាក់ ប៉ុណ្ណោះ រួមទាំងសកម្មជន របស់គណបក្ស។
ប្រភពបានបញ្ជាក់ថា ជាការពិតណាស់ អាជ្ញាធរខេត្ត បានឱ្យសមត្ថកិច្ចនគរបាល ចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែរក្សាឥរិយាបទសម្របសម្រួលដដែល មិនឱ្យកម្លាំងសមត្ថកិច្ច ចូល ទៅបំបែកបំបាក់ ក្រុមសកម្មជន ឬ ប្រជាពលរដ្ឋ ដែលមកស្នាក់នៅទីនោះឡើយ ដោយសារ ខ្លាចប៉ះពាល់ឬប្រឈមមុខគ្នាដែលអាចកើតជាការប្រើអំពើហិង្សា។

សូមរម្លឹកផងដែរថា តាំងពីថ្ងៃទី ២៣ រហូតមកមានពលរដ្ឋជាង ១៥០០០ នាក់ដែលក្នុងនោះមានទាំងពលករមកពីក្រៅប្រទេសផងបានសម្រុកចូលមកកាន់ដីចម្ការ២កន្លែងនៅជើងភ្នំគូលែន ដែលជាទីកន្លែងមនុស្សជាច្រើនមកជួបជុំជាមួយលោក ខឹម វាសនា មេបក្សជួង ដែលបានឃោសនាប្រជាភិថុតបែបអបិយជំនឿថាពិភពលោកនឹងជន់លិចខ្ទេចខ្ទី គឺមានតែតំបន់ភ្នំគូលែនទើបមានសុវត្ថិភាព។ ពលរដ្ឋមួយចំនួនដែលជឿលង់លើលោក ខឹម វាសនា បានបោះបង់ចោលផ្ទះសំបែង ការងារ និងមុខរបរទៅប្រមុខផ្តុំគ្នានៅដីចម្ការ នៅជើងភ្នំគូលែននេះ ។
ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅ ឱ្យប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នាទៅស្តាប់ធម៌លោក ខឹម វាសនា ដែលតាំងខ្លួនជាព្រហ្ម រំសាយនោះ គឺឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានសម្រេចចាកចេញត្រឡប់ទៅស្រុកវិញជាបន្តបន្ទាប់ ខណៈមានកូនចៅខ្លះ ប្រកែកដាច់អហង្ការមិនព្រមចេញពីដីចម្ការនោះទេ រហូតខ្លះដៀលប្រមាថអ្នកមានគុណថែមទៀតផង៕








ចែករំលែកព័តមាននេះ