ស្រាវជ្រាវ ៖ តាម AFP បានផ្សាយថា ថ្លៃទំនិញនៅលើពិភពលោកមានការកើនខ្ពស់បំផុតក្នុងអំឡុងខែមករា កន្លងមក ។ ក្រៅពីនេះដោយសារស្ថាន ភាពអាកាសធាតុដ៏អាក្រក់ ដែលបង្កការខូចខាតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏ជាកំលាំងសម្ពាធបង្កើនភាពវឹកវរ ។ បញ្ហាខាងលើនេះ បានជះឥទ្ធិពលក្លាយជាកំលាំងបាតុករធ្វើបាតុកម្មដ៏រីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ាពេលបច្ចុប្បន្ន ។ នៅក្នុងអំឡុងពេល៧ខែកន្លងមក អត្រាថ្លៃទំនិញរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានការកើនខ្ពស់ជាបន្តបន្ទាប់ និងនៅក្នុងខែមករា កន្លងមក ស្ថិតិថ្លៃទំនិញកើនលើសពីការកំណត់ត្រាក្នុងស្ថិតិឆ្នាំ១៩៩០ និងបានបំបែកឯតទគ្គកម្មឡើងខ្ពស់ក្នុងខែមិថុនា ២០០៨ បណ្តាលមកពីវិបត្តិម្ហូបអាហារក្នុងអំឡុងឆ្នាំ២០០៧-២០០៨។
លោកអាប់ឌុលរ៉េសា អាប់បាស់សៀន សេដ្ឋវិទូ និងជាអ្នកជំនាញផ្នែកធញ្ញជាតិរបស់ FAO បានថ្លែងថា សំរាប់តួលេខថ្មីដែលបង្ហាញនៅពេលនេះមានន័យថា សម្ពាធលើកំរិតថ្លៃទំនិញដែលស្ថិតក្នុងទិសដៅឡើងខ្ពស់នេះ មិនបានបន្ធូរបន្ថយឱ្យធ្លាក់ចុះទេ លើសពីនេះក៏មាននិន្នាការអូសបន្លាយពេលជាច្រើនខែទៅមុខទៀត ។ បញ្ហាថ្លៃម្ហូបអាហារឡើងខ្ពស់បានក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក និងចំណុចមួយផ្សេងទៀត គឺបញ្ហាថ្លៃទំនិញឡើងខ្ពស់ ធ្វើឱ្យប្រជាជនក្នុងប្រទេសទុយនីស៊ីខឹងសម្បាបណ្តេញប្រធានាធិបតីចុះចេញពីតំណែងកាលពីខែមករា រួមទាំងរីករាលដាលដល់ប្រទេសអេហ្ស៊ីប និងហ្ស័រដានី ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានការព្យាករណ៍ទុកថា ប្រទេសផ្សេងៗទៀតក្នុងភូមិភាគខាងលើ អាចពង្រឹងបទដ្ឋានបង្កើតស្ថិរភាពនៃការស្តុកស្បៀងដើម្បីឱ្យមានភាពប្រាកដប្រជាថា នឹងមិនឱ្យជួបកង្វះខាតរហូតក្លាយជាអំពើហិង្សាផ្នែកនយោបាយបែបនេះទៀតទេ ។ ចំណែកលោករ៉ូបើត សេលលិក ប្រធានធនាគារពិភពលោក បានចេញមុខជំរុញឱ្យថ្នាក់ដឹកនាំពិភពលោកទាំងឡាយ ងាកទៅសង្កត់ធ្ងន់ពីបញ្ហាសំខាន់ផ្នែកម្ហូបអាហារ រួមទាំងយល់ពី តំរូវការចាំបាច់ត្រូវកាត់បន្ថយកំរិតថ្លៃទំនិញដែលពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានភាពអាក្រក់កាន់តែ ខ្លាំងឡើងនោះ ៕
ចែករំលែកព័តមាននេះ