ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​​រស់​តាម​ដងស្ទឹង​នៃស្រុក​ទឹកផុស​ ប្រើ​រហាត់​​ទាញ​​​ទឹក​ស្រោច​ស្រែប្រាំង​-​វស្សានិង​​ដំណាំ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រទេះ​ទឹក​ដែល​យើង​គ្រប់​គ្នា​និយម​ហៅ​ថា (​រហាត់ទឹក​) ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅ​​តាម​មាត់​ស្ទឹង ក្នុងស្រុក​ទឹកផុស ប្រើ​ធ្វើ​ជា​ឧបករណ៍​យោង​ទឹក​ស្រោចស្រព​ស្រែប្រាំង វស្សា និង​ដំណាំ​ដាំ​ដុះ​ផ្សេង​ៗ ជំនួស​ដោយ​ការ​ប្រើ​ម៉ាស៊ីនបូមទឹក​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រចាំ​ថ្ងៃ…


ខេត្តកំពង់ឆ្នាំង ៖ រទេះ​ទឹក​ដែល​យើង​គ្រប់​គ្នា​និយម​ហៅ​ថា (​រហាត់ទឹក​) ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅ​​តាម​មាត់​ស្ទឹង ក្នុងស្រុក​ទឹកផុស ប្រើ​ធ្វើ​ជា​ឧបករណ៍​យោង​ទឹក​ស្រោចស្រព​ស្រែប្រាំង វស្សា និង​ដំណាំ​ដាំ​ដុះ​ផ្សេង​ៗ ជំនួស​ដោយ​ការ​ប្រើ​ម៉ាស៊ីនបូមទឹក​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រចាំ​ថ្ងៃ ។

ប្អូនប្រុស ឡាំ សា​រ៉ាត់ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំ​រឹប ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​ថា​គាត់​បាន​ចេះ​ធ្វើ​រហាត់ទឹក ឬ​ហៅ​តាម​អ្នកស្រុក​តំបន់​នោះ​ថា (​រទេះ​ទឹក​) ត​ពី​ឪពុក​របស់​គាត់ ។​ចំណែក​ឪពុក​របស់​គាត់​ក៏​ចេះ បន្ត​ពី​ជីតា​បន្តបន្ទាប់​គ្នា​ពី​ដូនតា​មក​ដែរ ។ សម្រាប់​រូប​គាត់​បាន​ធ្វើ​រហាត់ទឹក​នេះ ប្រើប្រាស់​បាន​ជាង​៣​ឆ្នាំ​មក​ហើយ​។ ដោយ​បាន​យក​ទឹក​មក​ស្រោចស្រព​លើ​ដំណាំ​និង​ស្រូវប្រាំង​-​វស្សា​របស់​គាត់​។

ទឹក​ដែល​ហូរ​ជាប់​ជា​ប្រចាំ​ពេល​ច្រើន​ហួស​កំរិត គាត់​បាន​បង្ហូរ​ចូល​ស្រែ​អ្នក​ដទៃ​នៅ​ជិតខាង​គាត់​ដែល​គ្មាន​រហាត់ ឬ ពេល​ខ្លះ​គាត់​ដាក់​បំពង់​យោង​ទឹក ចាក់​ចូល​ទរ​ចំនួន​តិច ដើម្បី​កាត់​បន្ថយ​កំរិត​ទឹក​ហូរ​ចូល​ស្រែ​ចំការ​គាត់​ដែរ ។ ម្ចាស់​រហាត់ទឹក​រូប​នោះ​បាន​បញ្ជាក់​ថា​ចំពោះរ​ដំឡើង​រហាត់ទឹក​មួយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ បើ​យើង​មាន​ធ្នួ​ស​ស្រាប់ (​របាំង​ទប់ទឹក​)​។ ប៉ុន្តែ​បើ​វ៉ៃ​ធ្នួ​ស​ថ្មី ត្រូវ​បន្ថែម​ថវិកា​ច្រើន​ជាង​នេះ ។

យ៉ាងណា​ក្តី ប្អូនប្រុស ឡាំ សា​រ៉ាត់ បាន​បញ្ជាក់​ពី​អត្ថប្រយោជន៍​ថា យើង​មិន​ពិបាក​ទិញ​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ស្រូវ​ដែល​នៅ​ជាប់មាត់​ស្ទឹង គឺ​ពឹង​លើ​ទឹក​ហូរ​ជាប់​ជា​ប្រចាំ​។ មិន​គ្មាន​ទឹក​ទេ​ទិន្នផល​ស្រូវ​ត្រូវ​ថយ​ចុះ​ដែរ ។ ដោយសារ​តែ​ដី​ជាប់មាត់​ស្ទឹង ជា​ដីល្បាយខ្សាច់ ឆាប់​ខ្សោះ​ទឹក​ណាស់​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក គុយ ឡេ​ង មេឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា​៖ នៅ​តំបន់​នេះ គេ​ហៅ​រទេះ​ទឹក គេ​មិន​ហៅ​រហាត់ទឹក​ទេ ។ ចំណែក​ក្នុង​ឃុំ​របស់​លោក​មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​ប្រើប្រាស់​រទេះ​ទឹក​នេះ ជា​មធ្យោបាយ​យក​ទឹក​ស្រោច​សព ស្រែប្រាំង ស្រែវស្សា និង ដំណាំ​ដាំ​ដុះ​ផ្សេង​ៗ ។

បើ​តាម​លោក​ដឹង ឃុំ ដែល​ជាប់​ដងស្ទឹង ក្នុងស្រុក​ទឹកផុស​នេះ មាន​ដូច​ជា ឃុំ​ក្បាលទឹក ឃុំ​ទួល​ខ្ពស់ ឃុំ​តាំងក្រសាំង ឃុំ​អភិវឌ្ឍន៍ ។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ទាំងនេះ សុទ្ធតែ​ប្រើប្រាស់​រហាត់ទឹក​បែប​នេះ ជា​មធ្យោបាយ​យក​ទឹក​ជំនួស​ដោយ​ម៉ាស៊ីនបូមទឹក ដែល​ត្រូវ​ចំណាយ​ថវិការ ។ ហើយ​បើ​តាម​ការប្រមាណ អ្នក​ប្រើប្រាស់​រហាត់ទឹក​ទូរ​ទាំង​ស្រុក​ទឹកផុស​មាន​ប្រមាណ​ជាង​១០០​គ្រឿង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ