ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​សត្វ​កម្រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ព្រៃ​ភ្នំ​ព្រេច មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បាន​អះអាង​ថា ក្នុង​រយៈពេល​១១​ឆ្នាំ មកនេះ បរិមាណ​សត្វ​កម្រ​ៗ​មួយ​ចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។…

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បាន​អះអាង​ថា ក្នុង​រយៈពេល​១១​ឆ្នាំ មកនេះ បរិមាណ​សត្វ​កម្រ​ៗ​មួយ​ចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ការ​អះអាង​នេះ ខណៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ច្រើន​ស្ថាប័ន ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែក​ពក ស្ថិត​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ពិនិត្យ​លើ​ការ​សិក្សា​ស្រាវជ្រាវ​របាយ​សត្វព្រៃ​របស់​ក្រុម​អ្នកជំនាញ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ WWF នៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០២២ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​បរិមាណ​សត្វ​ក្រម ដោយសា​ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ ការ​បរបាញ់​សត្វព្រៃ និង​ចាប់​សត្វព្រៃ​ដោយ​ការ​ប្រើប្រាស់​ឆ្កែ​ប្រមាញ់​ដោយ​ខុសច្បាប់ គឺជា​កត្តា​គំរាមកំហែង ដែល​កំពុង​តែ​កើតឡើង​មក​លើ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ចាំបាច់​គ្រប់​ភាគី​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្ទាក់​នេះ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ ទាំង​ជម្រក ប្រភព​ទឹក និង​កន្លែង​រក​ចំណី ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​បរិស្ថាន និង​អង្គការ WWF បរិមាណ​សត្វ​កម្រ​ៗ​មួយ​ចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​កត្តា​គំរាមកំហែង​ចម្បង​គឺ​អន្ទាក់ ការ​ប្រើប្រាស់ កាំភ្លើង​ពិត និង​កាំភ្លើង​កែ​ច្នៃ ដើម្បី​បាញ់​សត្វព្រៃ និង​ការ​ប្រើប្រាស់​សត្វ​ឆ្កែ​ប្រមាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់ នៅ​តែ​កើត​មាន ។

លោក​បន្ត​ថា ថ្វី​ត្បិត​តែ​ចំនួន​សត្វ​ក្រចកជើង​ចំពាម​មានការ​ប្រឈម​មុខ​ថយ​ចុះ តែ​ទន្ទឹម​នឹង​នេះ ប្រភេទ​សត្វព្រៃ​ខ្លះ ប្រភេទ​ពានរ រួម​មាន​សត្វ​ស្វា​កន្ទុយ​ស ស្វា​ព្រាម មាន​ចំនួន​ថេរ និង​មានការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ស្លាប ដូច​ជា​សត្វ​ត្មាត​មា ន​វត្តមាន​ឡើង​វិញ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។
រដ្ឋលេខាធិការ បាន​ថ្លែង​ថា គ្រប់​ភាគី​ទាំងអស់​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស និង​ខិតខំ​ដាក់ចុះ​វិធានការ​ផ្សេង​ៗ​រួម​ទាំង​វិធានការ ច្បាប់​និង​វិធានការ​សេដ្ឋកិច្ច​ទន្ទឹម​គ្នា ។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ឆ្នាំ​២០២១ កន្លង​ទៅ អន្ទាក់​ជាង ១២,០០០ ត្រូវ​បាន​ដោះ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។ កត្តា​អន្ទាក់​បាន​នឹង​កំពុង​គំរាមកំហែង​ជីវៈចម្រុះ​ក្នុង​តំបន់ការពារធម្មជាតិ ។

កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ នៃ​អង្គការ WWF បាន​ថ្លែង​ថា បើ​ប្រៀបធៀប​ទិន្នន័យ​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ពី ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២២ ក្នុង​រយៈ ពេល​១១​ឆ្នាំ ចំនួន​សត្វ​ទន្សោង​ធ្លាក់​ចុះ​ចំនួន ៨៩% គឺ​ពី​ចំនួន ៣,០១៣ ក្បាល​នៅ​ឆ្នាំ​២០១០ (​ក្នុង​នោះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ ពល​មាន​ទន្សោង​ចំនួន ១,៩១១​ក្បាល និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មាន​ចំនួន ១,១០២ ក្បាល​) មក​នៅ​ត្រឹម ៤៣៩ ក្បាល (​ស្រែ​ពក​ចំនួន ១២២ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ៣១៧​ក្បាល​) នៅ​ឆ្នាំ​២០២២​នេះ ។ សត្វ​ឈ្លូស​ធ្លាក់​ចុះ​ចំនួន ៦៥% ពី​ចំនួន​សត្វ​ឈ្លូស​ចំនួន ៦,៩៩៦ ក្បាល (​ស្រែ​ពក​ចំនួន ៤៤៥៣​ក្បាល និង​ភ្នំ​ព្រេច​ចំនួន ២,៥៤៣​ក្បាល​) មក​នៅ​ចំនួន ២,៤៦៦ ក្បាល (​ស្រែ​ពក​ចំនួន ១,២៤៧ និង​ភ្នំ​ព្រេច​ចំនួន ១,២១៩)​។ សត្វ​ជ្រូកព្រៃ​ធ្លាក់​ចុះ​ចំនួន ១៥% ពី​ចំនួន ៤,៩០៩​ក្បាល (​ស្រែ​ពក​ចំនួន ៣,៣១៩ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ១,៥៩៥) មក​នៅ​ចំនួន ៤,១៦២​ក្បាល នៅ​ឆ្នាំ​២០២២ (​ស្រែ​ពក​ចំនួន ៣,៣៦៥ និង​ភ្នំ​ព្រេច ៧៩៧​ក្បាល​។

ចំណែក​លោក សេង ទៀក ប្រធាន​អង្គការ WWF ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា តំបន់​ទេសភាព​ភាគ​ខាងកើត​គឺជា​គ្រាប់ពេជ្រ​មិន​ទាន់​ច្នៃ​ដែល​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​ជា​ពិសេស នៅ​ដែនជម្រកសត្វព្រៃ​ស្រែ ពក​ជា​តំបន់​ព្រៃ​ល្បោះ​ដែល​ជា​ជម្រក​សត្វ​ប្រ ភេទ​ក្រចកជើង​ចំពាម​ជា​ពិសេស​សត្វ​ទន្សោង ដែល​តំណាង​ឱ្យ ៦០% នៃ​សត្វ​ទន្សោង​នៅ លើ​ពិភពលោក រស់នៅ​តំបន់​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី​នេះ ។

លោក​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ដែល​ត្រូវ​គ្រប់គ្រង​និង​អភិរក្ស​ឱ្យ​បាន​លើ​តំបន់​អភិរក្ស​នេះ​ដើម្បី​បង្កើន​ចំនួន​ជីវៈចម្រុះ ។

សូម​ជម្រាប​ថា​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​ដែរ ក្រុមការងារ​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ចុះ​ពិនិត្យ​ការ​រៀបចំ​ការ​ប្រមូល​ទិន្នន័យ​នៅ​លើ​ទីវាល​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ ។ ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​គ្រប់គ្រង និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​រួម​មាន​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​ជា​តំបន់​ព្រៃ​ល្បោះ ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន ផ្ទៃដី​សរុប​ទំហំ​ជាង ៣៧​ម៉ឺន​ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ