ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច ៣ថ្ងៃ នៅប្រទេសឡាវ ដើម្បី​ពង្រឹងកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ…

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារជាមួយនឹង​លោក​ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ។ កិច្ចប្រជុំនេះ បានធ្វើឡើង ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃរបស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៩-៣១សីហា ឆ្នាំ២០២២។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក មកកាន់ប្រទេសឡាវ ​លើកនេះ នឹងក្លាយជាស្ពាននៃការភ្ជាប់ទំនាក់ទំនង និងជាជំហាន​ថ្មីមួយទៀត ក្នុងការជំរុញសម្ទុះរវាងកងទ័ពកម្ពុជា-ឡាវ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើង ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយ​នៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នា​ក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក” នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

ក្នុងជំនួបនេះ លោក​ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោក​ ក៏បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនេះ ក៏នឹងចូលរួមចំណែកដល់ការ​លើក​កម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា។

ជាការឆ្លើយតប លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើត​ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ជាពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការបន្តលើកកម្ពស់​ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។

លោក​ក៏បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះស្មារតីនៃការជួយយកអាសារគ្នា​ទៅវិញ​ទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ឡាវ ក្នុងនាមជាអ្នកជិតខាងភូមិផង​របងជាមួយគ្នាដ៏ល្អ ជាពិសេសនៅក្នុងកាលៈទេសៈលំបាក។ ចំពោះកិច្ចសហប្រតិបត្តិការ​ក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបានកន្លងមក ទោះបីជាមានការរអាក់រអួលខ្លះ ដោយសារផលប៉ះពាល់​នៃជំងឺកូវីដ-១៩ ដោយថែរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់របៀបរៀប​រយបានល្អប្រសើរនៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កត្តានេះ ជាការបង្កលក្ខណៈឱ្យប្រជាជនទាំងសងខាង ទទួលបាននូវផលប្រយោជន៍តាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកទទួលទាន​ជាមួយគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ឱ្យបានកាន់តែរីកចម្រើន។

ចំពោះទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញ​កិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ក្រៅពីនេះ កិច្ចពិភាក្សា ក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាប្រឈមសាកល និង​តំបន់​មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែក​ដោះស្រាយបញ្ហា ដែលកើតមាន និងថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ