ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស LDP ប្រកាន់​ជំហរ​ជួបជុំ​ដល់​ដំណាច់​ខែកញ្ញា ខណៈ​អាជ្ញាធរ​ ថាឲ្យ​រំសាយ​ពី​ចម្ការ​លោក ខឹ​ម វាសនា ត្រឹម​យប់​ថ្ងៃនេះ​ជា​កំហិត

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រចាំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ពី​គម្រោង​ជួបជុំ​សមាជិក​បក្ស​របស់​ខ្លួន​នឹង​ត្រូវ​បន្ត​រហូត​ដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២​។ ប្រកាស​ប្រកាន់​ជំហរ​ថា ការ​ជួបជុំ​សមាជិក​គណបក្ស រហូត​ដល់​ដំណាច់…

ខេត្តសៀមរាប ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រចាំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ពី​គម្រោង​ជួបជុំ​សមាជិក​បក្ស​របស់​ខ្លួន​នឹង​ត្រូវ​បន្ត​រហូត​ដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២​។ ប្រកាស​ប្រកាន់​ជំហរ​ថា ការ​ជួបជុំ​សមាជិក​គណបក្ស រហូត​ដល់​ដំណាច់ ខែកញ្ញា ឆ្នាំ​២០២២​ខាង​មុខ​នេះ ខណៈ​អាជ្ញាធរ​ខេត្តសៀមរាប ជម្រាប​ជូន​លោក ខឹ​ម វាសនា ឲ្យ​បញ្ឈប់​ការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង​រំសាយ​ការ​ជួបជុំ​ឲ្យ​អស់​ត្រឹម​ម៉ោង​២៤​និង​០០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ ជា​កំហិត ។

ក្រោយ​ពី​ទទួល​បាន​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២ រួច​មក ប្រធាន​ការិយាល័យ​គណបក្ស LDP ប្រចាំ​ខេត្តសៀមរាប បាន​ជម្រាប​ជូន​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​សមាជិក​គណបក្ស ស្ថិត​ក្នុង​បរិវេណ​ចម្ការ នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ ចំពោះ​ការ​ជួបជុំ​នេះ គណបក្ស​បាន​សហការ​យ៉ាង​ជាប់លាប់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​ឃុំ​ត្បែង ដើម្បី​ជ្រាប​ជា​ដំណឹង​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២២ និង​បាន​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច អាច​ចេញចូល ដើម្បី​ត្រួតពិនិត្យ​ក្នុង​បរិវេណ​ទីតាំង​ជួបជុំ​រាល់ពេល​វេលា ។ សម្រាប់​ការ​ជួបជុំ​នេះ គណបក្ស​បាន​រៀបចំ​រក្សា​សណ្តាប់ធ្នាប់ យ៉ាង​មាន​របៀបរៀបរយ ហើយ​រក្សា​អនាម័យ​បាន​ល្អ និង​បាន​អនុវត្ត​តាម​វិធានការ​ចុង​ក្រោយ​របស់​ក្រសួងសុខាភិបាល​អំពី​ការ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ ចំពោះ​សំណង់​នានា ក្នុង​បរិវេណ​ចម្ការ​ដែល​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ គ្រាន់តែ​ជា​សំណង់​ស្រាល សម្រាប់​សម្រាក​ក្នុង​រយៈពេល​ខ្លី ពុំ​មែន​ជា​សំណង់​រឹង​មាំ​ឡើយ ហើយ​រយៈពេល នៃ​ការ​ជួបជុំ​របស់​គណបក្ស​ក្នុង​បរិវេណ​ចម្ការ​នេះ បាន​បញ្ជាក់ច្បាស់​លាស់​​ក្នុង​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​ឃុំ​ត្បែង រួចរាល់​ហើយ គឺ​នឹង​បញ្ចប់​នៅ​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២ ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺជា​គណបក្ស​នយោបាយ​ស្របច្បាប់ មាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ ដូច្នេះ​ការ​ជួបជុំ​សមាជិក​របស់​គណ​បក្សី​ដែល​បាន​ធ្វើ​មកនេះ ពុំ​មាន​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ជម្រាប​ជូន​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ថា ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​បណ្តា​រាជធានី​-​ខេត្ត និង​ក្រៅប្រទេស​មក​ធ្វើការ​ជួបជុំ និង​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្នុង​គោលបំណង ដើម្បី​ចូលរួម​ស្តាប់​ការ​ពន្យល់​បកស្រាយ​នូវ​អ្វី ដែល​លោក​បាន​ផ្សព្វផ្សាយ​ថា លោក​បាន​ធ្វើ​វិបស្សនា​មើលឃើញ និង​បំភ្លឺ​សារ​ជា​ថ្មី​នូវ​មេរៀន​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ និង​ដំណើរ​​នៃ​ធម្មជាតិ​(​ទឹកជំនន់​) ក្រោម​ការ​រៀបចំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ។ ការ​ជួបជុំ​នេះ ពុំ​បាន​សុំ​កិច្ចសហការ និង​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន អនាម័យ និង​វិធានការ​បង្កា​ប់​ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ។ ដូច្នេះ ដើម្បី​កុំឱ្យ​ការ​ប្រមូលផ្តុំ ការ​ជួបជុំ និង​ការ​បោះ​តង់​ស្នាក់​នៅ​ខាងលើ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាម័យ បរិស្ថាន ការ​រីក​រាលដាល នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​សុខុមាលភាព​របស់​ក្មេង ចាស់ជរា បងប្អូន​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្តសៀមរាប ជម្រាប​ជូន លោកប្រធាន​គណបក្ស បញ្ឈប់​ការ​ប្រមូលផ្ដុំ និង​រំសាយ​ការ​ជួបជុំ ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ២៤​និង​០០​នាទី​យប់ និង​រាល់​សំណង់​ដែល​បាន​សាងសង់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២២​កន្លង​ទៅ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ហ៊ុន ម៉ា​និ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ ម្ដង​រួច​មក​ហើយ ព្រមទាំង​បាន​បញ្ជា​ឲ្យ​លោក ខឹ​ម វាសនា បញ្ឈប់​សកម្មភាព​ជួបជុំ និង​ប្រមូលផ្ដុំ​ក្រុម​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ក៏​ប៉ុន្តែ​ការ​បញ្ជា​នោះ​ត្រូវ​បាន​លោក ខឹ​ម វាសនា បដិសេធ​ហើយ​ស្នើ​សុំ​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ ។

គួរ​រម្លឹក​ថា លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​អះអាង​និង​តាំងខ្លួន​ជា​តួអង្គ​ព្រហ្ម​នោះ បាន​បំផុសបំផុល ប្រជាពលរដ្ឋ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស នូវ​ពាក្យ​ទំនាយ​ថា «​បាងកក​រលំ ភ្នំពេញ​រលាយ ព្រៃនគរ​ខ្ចាត់ខ្ចាយ សម្បូរ​សប្បាយ​នគរវត្ត​» ហើយ​បំភ័យ​ថា នឹង​មាន​គ្រោះ​រញ្ជួយ​ផែនដី កើត​មាន ទឹកជំនន់ ក្នុង​ពេល​ឆាប់​ៗ​នេះ ប្រជាពលរដ្ឋ​ត្រូវ​តែ​នាំ​គ្នា​ប្រញាប់ប្រញាល់ រត់​មក​ជ្រកកោន​នៅ​ម្តុំ​ដីចំការ​របស់​គាត់ (​ជើងភ្នំ​គូលែន​) នៅ​ខេត្តសៀមរាប ទើប​អាច​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​បាន ។ ដោយ​លង់​នឹង​ជំនឿ​បែប​នេះ ប្រជាពលរដ្ឋ​រាប់​សិន​ម៉ឺន​នាក់ ភាគច្រើន​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ជា​លក្ខណៈ​គ្រួសារ ដោយ​មាន​ទាំង​ក្មេង​តូច​ៗ រួម​ទាំង​មាន ៖ ចាន ឆ្នាំង មុង ភួយ កន្ទេល ខ្នើយ តង់ គោ​យន្ត ម៉ូតូ រថយន្ត និង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ បាន​មក​ជួបជុំ​នៅ​ទីនោះ​តាម​ការ​ឃោសនា​បោកប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ