ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ទៅ​ចម្ការ ប្រពន្ធ​ទៅ​ប្រចាំការ យប់​ឡើង​ភ្លើង​ឆេះ​ផ្ទះ​អស់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៧ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប …

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៧ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ទូច សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កូវ ចាន់​ថន អាយុ​៥៦​ឆ្នាំ ជា​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ព្រៃ​ញី ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​នោះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​កើតហេតុ បុរស​ជា​ប្តី​បាន​ទៅ​ធ្វើ​ចម្ការ​នៅ​ស្រុក​ភ្នំក្រវាញ ចំណែក​ប្រពន្ធ​ទៅ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព ដោយ​នៅផ្ទះ​មាន​តែ​ជីដូន​អាយុ​៨០​ឆ្នាំ និង​ចៅ​ៗ៣​នាក់​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៨​គ្រឿង ធំ​៤​គ្រឿង តូច​៤​គ្រឿង ដោយ​បាញ់​ទឹក​ពន្លត់​រហូត​ដល់​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកុម្ភៈ ទើប​អាច​ទប់ស្កាត់​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​បាន តែ​ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង ។

ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា សម្ភារៈ​ក្នុងផ្ទះ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង រួម​មាន ទូរទស្សន៍​៣​គ្រឿង​, កុំព្យូទ័រ​១​គ្រឿង​, ទូ​ខោអាវ​៣, ម៉ាស៊ីនដេរ​១​គ្រឿង​, កង់​៣​គ្រឿង​, ម៉ាស៊ីនបោកស្រូវ​១​គ្រឿង​, លុយ​ខ្មែរ​១​លាន​៥០​ម៉ឺន​រៀល​, លុយ​អា​មេ​រិ​ក​២០៧៥​ដុល្លារ និង​គ្រឿងអលង្ការ​មាស​៣​តម្លឹង ៕