ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រជែងមកុដ Miss Grand Cambodia 2022 បានសម្រេច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួត Miss Grand Cambodia ឆ្នាំ២០២២ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងវគ្គនីមួយៗ។ ឆ្នាំនេះ កម្មវិធីដែលមហាជននិយមតាមដាន និងសរសើរថាល្អ ហាក់រងការរិះគន់មិនសម្ចៃមាត់ព្រោះមានចំណុចមួយចំនួនបានឆ្គាំឆ្គង ដូចជាឈុតតំណាងជាតិក្រុងបាវិត រំលេចលក្ខណៈល្បែ.ងស៊ីសង, ឈុតរ៉ូបរាត្រីសមោលសខេត្តស្ទឹងត្រែង សិចស៊ីលើស និងការណែនាំខ្លួនស្រែកជំទាលរបស់បេក្ខនារីតាមខេត្ត-ក្រុងនីមួយៗជាដើម។

ឆ្លងកាត់រឿងរ៉ាវបែបនេះ ដែលមានក្នុងព្រឹត្តិការណ៍វរកញ្ញា Miss Grand Cambodia រំពឹងថា បណ្តាកម្មវិធីប្រឡងសម្រស់មួយចំនួនទៀតនឹងយល់ ហើយរៀបចំអោយបានល្អត្រឹមត្រូវ គិតគូរអោយបានហ្មត់ចត់មុននឹងដាក់គោលដៅប្រព្រឹត្តឡើងចៀសវាងការដិះដៀល ព្រោះតែចង់ល្បីហើយផ្គើន។
អ្នកស្រឡាញ់កម្មវិធី Miss Grand Cambodia ខំលើកស្ទួយតាមដានរំពឹងថា ឆ្នាំ២០២៣ នឹងមានការកែលម្អអោយបានត្រឹមត្រូវ ព្រោះកម្មវិធីនេះ បានចាក់ចំបេះដូងទស្សនិកជនច្រើនណាស់ គួរតែប្រុងប្រយ័ត្ន ហើយលោកអិន សុភិន អ្នករៀបចំផ្ទាល់ច្បាស់ជារីករាយពេលមើលឃើញថា អ្នកទស្សនាចូលចិត្ត។ នេះសំណាងដែលក្រសួងពាក់ព័ន្ធ មិនទាន់ចាត់ការអោយផ្អាកការប្រកួតមុននេះ។

យ៉ាងណា យើងសូមអបអរបេក្ខនារីតំណាងខេត្តព្រះសីហនុ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ដ៏មានភាពឆ្លាតវៃ និងសម្រស់ទាក់ទាញ ដំណើរដងខ្លួនសមសួន បានបន្តវេនពីរៀមច្បងប៉ូគីមថេង សុតធីតា ក្លាយជារាជនីសម្រស់ ឆ្នាំ២០២២។ ដូចការព្យាករណ៍ ទុករបស់មិត្តអ្នកតាមដាន ក្នុងចំណោមបេក្ខនារី៣៥រូប មាន២រូបប្រមាញ់ខ្លាំងជាងគេ គឺពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហង្ស សុរិយ៉ាន់ តំណាងខ្មែរក្រោម។
ពួកគេបានដើរដល់គោលដៅសល់២រូបចុងក្រោយ កាន់ដៃគ្នាផ្ចង់លទ្ធផលមែន។ ដោយវិនាទីចុងក្រោយ សារ៉ាវឌ្ឍី បានឈ្នះមកុដប្រកបដោយភាពរីករាយ។ ម្ចាស់មកុដទើបគ្រងនេះ នឹងឡើងទៅប្រកួតលក្ខណៈអន្តរជាតិ នាប្រទេសឥណ្ឌូនេស៊ី ឯ ហង្ស សុរិយ៉ាន់ តាមដំណឹងនាង តំណាងកម្ពុជា ប្រកួតបវរកញ្ញាភពផែនដី។

ប្រភពក្រៅផ្លូវការសម្រាប់ ថប់5 Miss Grand Cambodia 2022 បានក្លាយជាម្ចាស់តំណែងរៀងៗខ្លួនមាន ៖ ១-ពេជ្រ សារ៉ាវឌ្ឍី Miss Grand Cambodia 2022, ២-ហង្ស សុរិយ៉ាន់ Miss Earth Cambodia 2022, ៣-លឹម ណាលី Miss Global Cambodia 2023, ៤-កែវ ស្រីលីន Miss interGlobal Cambodia 2022, ៥-ភាព ថាវរី Miss Polo Cambodia 2022។

















ចែករំលែកព័តមាននេះ