ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ព្រះ​បទុម​ត្ថេ​រ​ងួ​ន សោម អ្នកនិពន្ធ​រឿង​«​ទុំ​ទាវ​»​ដ៏​មាន​ប្រជាប្រិយ

7 ឆ្នាំ មុន

ភិក្ខុ ងួ​ន សោម ឬ​ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ កើត​នៅ​ឆ្នាំ​១៨៥២ នៅ​ភូមិ​កំ​ព្រៅ ស្រុក​ស៊ី​ធរ​កណ្តាលខេត្តព្រៃវែង ជា​បុត្រ​របស់​អ្នកស្រី​យិ​ន និង​លោក​ងួ​ន ។ កាល​នៅ​កុមារភាព កុមារ​សោម បាន​សិក្សា​នៅ​សាលា​វត្ត រហូត​អាយុ​១៥​ឆ្នាំ បាន​

ភិក្ខុ ងួ​ន សោម ឬ​ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ កើត​នៅ​ឆ្នាំ​១៨៥២ នៅ​ភូមិ​កំ​ព្រៅ ស្រុក​ស៊ី​ធរ​កណ្តាលខេត្តព្រៃវែង ជា​បុត្រ​របស់​អ្នកស្រី​យិ​ន និង​លោក​ងួ​ន ។ កាល​នៅ​កុមារភាព កុមារ​សោម បាន​សិក្សា​នៅ​សាលា​វត្ត រហូត​អាយុ​១៥​ឆ្នាំ បាន​បួស​ជា​សាមណេរ​នៅ​វត្ត​ឥន្ទ​កាលា​រាម ហៅ​វត្តកំ​ព្រៅ ។ ជន្មាយុ​បាន​២១​វស្សា សាមណេរ សោម បាន​បំពេញ​ឧប​សម្បទា​​ជា​ភិក្ខុ ហើយ​ទទួល​បាន​នាម​បញ្ញត្តិ​ថា បទុម​ត្ថេ​រ ។ ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ​សោម បាន​បន្ត​ការ​សិក្សា​ផ្នែក​បរិយត្តិ​ធម៌​ជា​ច្រើន​ឆ្នាំ​នៅ​ភ្នំពេញ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា លោក​សិក្សា​នៅ​ទីណា និង​ក្នុង​សំណាក់​អាចារ្យ​ណា​ជាក់លាក់​ឡើយ ។

យោង​តាម​សៀវភៅ​«​មហា​បុរស​ពុទ្ធសាសនា​ប្រទេស​ខ្មែរ​»​អត្ថាធិប្បាយ​ថា ក្រោយ​ពី​បាន​ត្រឡប់​ទៅ​ភូមិកំណើត​វិញ (​ឆ្នាំ​…​?​) ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ​សោម បាន​ទទួល​ឋានៈ​ជា​ព្រះ​ចៅអធិការ​វត្ត​កំ​ព្រៅ ដោយ​មាន​ងារ​ជា​ព្រះសង្ឃ​វង្ស ។ គេ​យល់​ស្របគ្នា​ថា ព្រះ​បទុម​ត្ថេ​រ សោម បាន​អនិច្ចធម្ម​នៅ​ឆ្នាំ​១៩៣២ ពោល​គឺ​ក្នុង​ព្រះ​ជន្មាយុ​៨០​វស្សា​គត់ ។ ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា​លោក​បាន​លាចាក​សិក្ខាបទ​ឡើយ ហេតុនេះ​ទើប​គេ​សន្មត​ថា ព្រះ​បទុម​ត្ថេ​រ ងួ​ន សោម បាន​សាង​ផ្នួស​អស់​មួយ​ជីវិត ហើយ​បើ​គិត​ជា​រយៈពេល​នៃ​ការ​សាង​ផ្នួស​វិញ គឺ​មាន​រយៈពេល​៦៥​ឆ្នាំ ។

ពុំ​មាន​ឯកសារ​ណា​បាន​អះអាង​ឱ្យ​បាន​ច្បាស់លាស់​អំពី​ជីវភាព​របស់​ព្រះ​បទុម​ត្ថេ​រ សោម ដូច​ជា​ថា​លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ ហើយ​ការ​សិក្សា​របស់​លោក​មាន​កម្រិត​ណា​ឡើយ ។ ប្រហែលជា​ដោយហេតុ​ថា សម័យ​នោះ​ប្រទេស​យើង​ពុំ​មាន​ស្ថាប័ន​សិក្សា និង​ចាត់​កម្រិត​ដូច​សព្វថ្ងៃ​ឡើយ ។

ពួក​អ្នក​សិក្សា​ភាគច្រើន​មានការ​សង្ស័យ​ថា ភិក្ខុ​សោម បាន​និពន្ធ​ស្នាដៃ​មួយ​ចំនួន​ផ្សេង​ទៀត ប៉ុន្តែ​គេ​រក​មិនឃើញ​ថា​ជា​ស្នាដៃ​អ្វីខ្លះ​ឡើយ ។ អ្វី​ដែល​គេ​ដឹង​ច្បាស់​បំផុត ហើយ​ជា​ស្នាដៃ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដែល​គេ​ចាត់​ទុក​ថា​កេតនភណ្ឌ​អក្សរសិល្ប៍ និង​វប្បធម៌​ជាតិ នោះ​គឺ​រឿង​«​ទុំ​ទាវ​» ។

តាម​ពិត​ទៅ​រឿង​«​ទុំ​ទាវ​» មិនមែន​ជា​រឿង​យុទ្ធសាស្ត្រ ឬ​ផ្ទុក​ទៅ​ដោយ​គតិបណ្ឌិត​ជ្រាលជ្រៅ វិសេសវិសាល​អ្វី​ណាស់ណា​ឡើយ គឺ​គ្រាន់តែ​ជា​រឿង​ប្រលោមលោក​តំណាល​អំពី​គូស្នេហ៍​កំលោះ ក្រមុំ​១​គូ​ដ៏​ស្មោះស្ម័គ្រ គឺ​បណ្ឌិត ទុំ ជា​តួឯក​ប្រុស និង​នាង​ទាវ ជា​តួឯក​ស្រី ។ ពួក​គេ​ក្លាហាន​ហ៊ាន​ប្រឆាំង​នឹង​ប្រពៃណី​ដែល​ថា​«​នំ​មិនធំ​ជាង​នាឡិ​»​របស់​ខ្មែរ​នា​សម័យ​កាលនោះ និង​តស៊ូ​ប្រឈម​នឹង​អំណាច​ដ៏​កំពូល​គឺ​ព្រះរាជា និង​អភិជន គឺ​ឧកញ៉ា​អរជូន ជាមួយនឹង​ទ្រព្យធន ដើម្បី​រក្សា​ភក្តីភាព​នៃ​ស្នេហា​របស់​ពួក​គេ ។ ដោយហេតុ​នេះ​ហើយ កាលណា​និយាយ​ដល់​គូស្នេហ៍​បរិបូរ​ដោយ​មនោសញ្ចេតនា​លន្លង់លន្លោច​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​តស៊ូ​ប្តូរផ្តាច់​នឹង​គ្នា​នោះ ខ្មែរ​តែងតែ​ប្រដូច​គូស្នេហ៍​នោះ​ថា​ជា​ទុំ​ទាវ ។

នៅ​ពេល​នាង​ទាវ​ត្រូវ​ម្តាយ​នាំ​ទៅ​ថ្វាយ​ព្រះរាជា​ធ្វើ​ជា​មហេសី​នោះ​ដោយ​ក្តី​ស្រឡាញ់ដ៏​លើសលុប​ពេក​ក៏​លែង​ខ្លាចក្រែង​ចេស្តា​នៃ​ព្រះរាជា​ទើប​នៅ​ពេល​ទទួលបញ្ជា​ឱ្យ​ច្រៀង​ថ្វាយ​ព្រះរាជា ទុំ​បាន​ច្រៀង​ឡើង​ថា ៖

អស់ឱ​ព្រះ​ចម​ត្រៃ​ថ្លៃ​អនេក
ជា​ឯក​ភូមិ​ភព​គ្រប់​លោកា
លោកិយ​ដែនដី​ឋាន​មនុស្សា
ខ្លបខ្លាច​ចេស្តា​ព្រះ​បារមី ។
ទ្រង់មាន​ឱង្កា​ចាត់​ឱ្យ​រក
ឱ្យ​រើស​រូប​មក​ជា​មហេសី
ឥឡូវ​បាន​ទាវ​ស្រស់ប្រិមប្រិយ
មិន​គួរ​គប្បី​ទាស់​ទទឹង ។
ខ្លាច​ព្រះ​ចេស្តា​ម្ចាស់​ទ្រង់​រឹទ្ធិ
ទូល​បង្គំ​សូម​ពិត​ឯ​ទាវ​ហ្នឹង
ជាក់​ជា​សង្សារ​ប្រាថ្នា​ពឹង
សន្មត​វិលវឹង​គ្រប់​ជាតិ ។
ជាតិ​តាំង​កំណត់​សន្មត​កើត
យោនយកកំណើត​ជា​ប្រុស​ស្រី
ឱ្យ​ជួប​ទាវ​ស្ងួន​នួន​ពិសី
ប្រាថ្នា​កុំបី​ឱ្យ​ឃ្លា​ឃ្លាត ។

រឿង​នេះ​រចនា​ឡើងជា​កំណាព្យ​បទ​ពាក្យ​៧ ហើយ​បាន​សរសេរ​ឡើង​នៅ​ឆ្នាំ​២៤៥៨ នៃ​ពុទ្ធសករាជ ត្រូវ​នឹង​ឆ្នាំ​១៩១៥ នៃ​គ្រឹ​ស្ត​សករាជ ។ ពួក​អ្នក​សិក្សា​ទាំងឡាយ​យល់​ស្រប​ថា រឿង​នេះ​មិនមែន​និពន្ធ​ឡើង​ដោយ​ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ​សោម ដោយ​ផ្ទាល់​ឡើយ គឺ​ព្រះ​ភិក្ខុ​រូប​នេះ​គ្រាន់តែ​ជា​អ្នក​ប្រមូលផ្តុំ​ចងក្រង និង​រចនា​ឱ្យ​មាន​សោភ័ណ​ភាព​ប៉ុណ្ណោះ ដោយ​គេ​ជឿ​ថា​រឿង​នេះ​មាន​គេ​តំណាល​ត​ៗ​គ្នា​តាំងពី​បុរាណកាល​មក​ម្ល៉េះ ហើយ​ក៏​ដោយហេតុ​ថា ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​អក្សរសិល្ប៍​សម្តី និង​នៅ​ក្នុង​ព្រះរាជ​ពង្សាវតារ​ផង។

ពួក​អ្នក​សិក្សា​ទាំងឡាយ មាន​ដូច​ជា​លោក លី ធា​ម​តេ​ង ក្នុង​សៀវភៅ​ឈ្មោះ​«​អ្នកនិពន្ធ​ដែល​មានឈ្មោះ​ល្បី​» (​ភ្នំពេញ សមាគម​អ្នកនិពន្ធ​ខ្មែរ​១៩៧២) បណ្ឌិត​សាស្ត្រាចារ្យ​ឃី​ង ហុ​ក​ឌី​«​មាលី​បទ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» អ៊ុ​ក សា​ម៉​ន​«​សិក្សា​កថា​រឿង​ទុំ ទាវ​»(​ភ្នំពេញ​១៩៦៦) គង់ សម្ភារ​«​សិក្សា​អក្សរសាស្ត្រ​ខ្មែរ បទុម​ត្ថេ​រ​សោម កវី​សតវត្ស​ទី​១៩» (​ទុំ ទាវ ភ្នំពេញ​១៩៦៣) និង​យិ​ន វ៉ា​ន់​ថា​«​បទ​អត្ថាធិប្បាយ​រឿង​ទុំ ទាវ​»(​ភ្នំពេញ​១៩៨៩)​ជាដើម សុទ្ធតែ​យល់​ស្របគ្នា​ថា រឿង​ទុំ​ទាវ ដែល​ត្រូវ​បាន​គេ​ចង​ចាំ​រហូត​មក​ដល់​សព្វថ្ងៃ និង​គេ​ឱ្យ​តម្លៃ​ខ្ពស់​យ៉ាងនេះ ក្រៅពី​ការ​បង្ហាញ​អំពី​ភក្តីភាព​នៃ​គូស្នេហ៍ គឺ​ទុំ និង​ទាវ​ទៅ ក៏​ព្រោះតែ​រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​គេ​ដឹង​អំពី​តថភាព​សង្គម​ខ្មែរ​នា​មុន​សម័យ​អាណាព្យាបាល​បារាំង ដែល​ក្នុង​នោះ​អាច​ឱ្យ​គេ​ដឹង​ថា​វត្ត​អារាម​ជា​មណ្ឌល​វប្បធម៌ និង​ជា​ថ្នាល​បណ្តុះបណ្តាល ហ្វឹកហាត់​វិជ្ជាជីវៈ ដោយ​ហេតុតែ​ទុំ និង​ពេជ្រ បាន​បួស និង​សិក្សា​នូវ​វិជ្ជា​នានា​មាន​ដូច​ជា​ធម៌អាថ៌ ច្បាប់ សីលធម៌ និង​វិជ្ជា​ខាង​ជំនាញ​ពាណិជ្ជកម្ម និង​សិល្បៈ​ផង​នៅ​ក្នុង​វត្ត​អារាម ។

សេចក្តី​នេះ​ត្រូវ​គេ​បកស្រាយ​ថា ព្រះពុទ្ធ​សាសនា និង​សហគមន៍​សង្ឃ​មាន​តួនាទី​យ៉ាង​សំខាន់​ផ្ទាល់​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច សង្គម​នា​សម័យ​នោះ ។ ក្រៅពី​នេះ​ទៅ ពួក​អ្នក​សិក្សា និង​អ្នកវិភាគ​ទាំងឡាយ​ក៏​បាន​យល់​ស្របគ្នា​ថា​រឿង​ទុំ​ទាវ នេះ​បាន​បង្ហាញ​ឱ្យ​យើង​បានដឹង​អំពី​ស្រទាប់សង្គម ទំនៀមទម្លាប់ និង​រដ្ឋបាល​ខ្មែរ​សម័យ​នោះ​ទៀត​ផង ។ ដោយហេតុ​នេះ​គេ​ចាត់​ទុក​ថា​រឿង​នេះ​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​អំពី​សង្គម​ខ្មែរ​នៅ​ចន្លោះ​សតវត្ស​ទី​១៦​ដល់​សតវត្ស​ទី​១៩ ដោយ​រាប់​តាំងពី​វណ្ណៈ​ខ្ពស់​បំផុត ពោល​គឺ​ព្រះមហាក្សត្រ ព្រះសង្ឃ រហូត​ដល់​មនុស្ស​ស្រទាប់​កណ្តាល មាន​មន្ត្រី​អភិជន និង​ប្រជារាស្ត្រ​សា​ម​ញ្ញ ។

នៅ​ឆ្នាំ​១៩៥៨ រឿង​«​ទុំ​ទាវ​»​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា ហើយ​បាន​ផ្តល់​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អក្សរសិល្ប៍​ទំនើប ភាពយន្ត ល្ខោន និង​សំ​ណេ​រ​នយោបាយ​នានា ។ សព្វថ្ងៃ​រឿង​«​ទុំ​ទាវ​»​ក៏​នៅ​តែ​គេ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ទុតិយភូមិ​ផង​ដែរ ។

ឆ្នាំ​២០០៣ រឿង​«​ទុំ​ទាវ​»​គេ​សរសេរ​ឡើង​វិញ​ជា​ពាក្យរាយ ពោល​គឺ​មិនមែន​ជា​ពាក្យកាព្យ​ឡើយ ។ នៅ​ក្នុង​អារម្ភកថា​បាន​ដាក់​ឈ្មោះ​អ្នក​សរសេរ​នេះ​ថា អ ល គ និង​មាន​ចុះ​កាលបរិច្ឆេទ និង​ទីតាំង​ថា​ភ្នំពេញ ថ្ងៃ​ពុធ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០០៣ ។ ការ​បោះពុម្ព​នេះ​មិន​បាន​បញ្ជាក់​ថា រោង​ពុម្ព​ណា​ជា​អ្នក​ធ្វើ​ឡើយ ។

រឿង​«​ទុំ​ទាវ​»​ក៏​ត្រូវ​បាន​គេ​យក​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ដូច​ជា សម្តែង​ជា​យីកេ ផលិត​ជា​បទ​ចម្រៀង និង​ខារ៉ាអូខេ ជាដើម យ៉ាង​មាន​ប្រជាប្រិយ ។

រឿង​មួយទៀត គឺ​រឿង​ទាវ​ឯក ជា​កំណាព្យ​បទ​ពាក្យ​៧ ដែល​មានដំណើរ​ស្រ​ដៀង​គ្នា​នឹង​រឿង​«​ទុំ​ទាវ​»​ដែរ និពន្ធ​ឡើង​ដោយ​លោក​នូ កន ។​អ្នកខ្លះ​យល់​ថា រឿង​ទាវ​ឯក យក​លំនាំ​តាម​រឿង​«​ទុំ​ទាវ​»​របស់​ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ សោម សូ​ម្បី​តែ​ឈ្មោះ​ក៏​ស្ទើរ​មិន​មាន​ខុស​ពី​រឿង​«​ទុំ​ទាវ​»​ដែរ ។​ប៉ុន្តែ​លោក​នូ កន បញ្ជាក់​នៅ​ក្នុង​អារម្ភកថា​នៃ​រឿង​«​ទាវ​ឯក​»​ថា​រឿង​នេះ​លោក​បានឮ​អ្នកចម្រៀង​ច្រៀង​នៅ​ព្រះ​បរមរាជវាំង​ថ្វាយ​ព្រះករុណា​នរោត្តម ហើយ​ថា​ជា​រឿង​ដែល​មាន​ពិត​មក​ពី​បុរាណកាល ។

ដោយ​សម្អាង​លើ​សំ​ណេ​រ​នេះ ទើប​គេ​ចាត់​ទុក​ថា រឿង​ទាវ​ឯក របស់​លោក​នូ កន ជា​រឿង​ទាញ​ចេញពី​អក្សរសិល្ប៍​សម្តី ពោល​គឺ​ចេញពី​សម្តី​អ្នកចម្រៀង​ដែល​បាន​ច្រៀង​ថ្វាយ​ព្រះករុណា​នរោត្តម ៕