ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​កំណត់​គោលដៅ​បន្ថយ​អតិផរណា​រហូត​ដល់​ឆ្នាំ 2021

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ឥណ្ឌូ​ណេ​ស៊ី​បាន​កំណត់​ទិស​ដៅ​បន្ថយ​អតិផរណា​បន្តិច​ម្តង​ៗ​រហូត​ដល់​ឆ្នាំ​២០២១ ដែល​នឹង​អាច​សម្រេច​តាម​រយៈ​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​តម្លៃ​ក្នុង​វិស័យ​ស្បៀងអាហារ និង​ថាមពល ។ នេះ​បើ​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ឥណ្ឌូ​ណេ​ស៊ី​បាន​កំណត់​ទិស​ដៅ​បន្ថយ​អតិផរណា​បន្តិច​ម្តង​ៗ​រហូត​ដល់​ឆ្នាំ​២០២១ ដែល​នឹង​អាច​សម្រេច​តាម​រយៈ​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​តម្លៃ​ក្នុង​វិស័យ​ស្បៀងអាហារ និង​ថាមពល ។ នេះ​បើ​យោង​តាម​អភិបាល​ធនាគារកណ្តាល​ឥណ្ឌូ​ណេ​ស៊ី (BI) លោក Agus Martowardojo បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ។

នៅ​ក្រៅ​កិច្ចប្រជុំ​សម្របសម្រួល​អត្រា​អតិផរណា ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ការិយាល័យ លោក Agus បាន​ថ្លែង​ថា រដ្ឋាភិបាល និង​ធនាគារកណ្តាល​បាន​កំណត់​គោលដៅ​អតិផរណា​ក្នុង​រង្វង់​៣,៥%​សម្រាប់​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ និង​ក្នុង​រង្វង់​៣%​សម្រាប់​ឆ្នាំ​២០២០ និង​២០២១ ។

ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​នេះ រដ្ឋាភិបាល និង​ធនាគារកណ្តាល នឹង​បន្ត​លើកកម្ពស់​ការ​សម្របសម្រួល​របស់​ពួក​គេ​នៅ​ក្នុង​ការ​កំណត់​តម្លៃ ព្រមទាំង​ការ​កំណត់​ពេលវេលា​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​អនុវត្ត​គោលនយោបាយ​នៅ​ក្នុង​វិស័យ​ថាមពល ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជុំ​ទី​ពីរ​ពី​ការ​កែសម្រួល​តម្លៃ​ថាមពល ។

លោក Agus បានឱ្យ​ដឹង​ថា ផល​ប៉ះពាល់​ជុំ​ទី​ពីរ​ធ្លាប់​កើតឡើង​នៅ​ក្នុង​ការ​បង្កើន​ថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្ក​ឱ្យ​មាន​អតិផរណា ។

លោក Agus បាន​បន្ថែម​ថា​៖«​ក្រៅពី​វិធានការ​ទាំងនោះ ការ​អនុវត្ត​គោលនយោបាយ​អាហារ​ដែល​មាន​ស្រាប់ នឹង​មាន​ប្រយោជន៍​ដើម្បី​គ្រប់គ្រង​ការ​ប្រែប្រួល​អតិផរណា​នៅ​ក្នុង​វិស័យ​ម្ហូបអាហារ​ជាតិ ដែល​មាន​ចាប់ពី​៤​ទៅ ៥%» ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី អាច​ទទួល​បាន​នូវ​អតិផរណា​ទាប​បំផុត​ចំនួន​៣,០២%​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កាលពី​ឆ្នាំ​មុន ដែល​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​កាលពី​ដំបូង​នៅ​ក្នុង​ថវិកា​ឆ្នាំ​២០១៦ ។

អតិផរណា​ទាប​កាលពី​ឆ្នាំ​មុន​បាន​កើតឡើង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ក្នុង​វិស័យ​ម្ហូបអាហារ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​អាច​ទិញ​អាហារ​ដែល​មាន​តម្លៃ​សមរម្យ ៕