រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមមន្ត្រី ចុះពិនិត្យជាក់ស្ដែងនៅភូមិសាស្ត្រដែលមានពលរដ្ឋក្រីក្រចំនួន១០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងប៉ះពាល់ដល់ការរស់នៅ ស្ថិតនៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
![Picture]()
ជាភាពជាក់ស្តែងចំពោះមុខលោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរសង្កាត់ និងមន្ត្រីជំនាញ ព្យាយាមធ្វើការសម្របសម្រួលជាមួយម្ចាស់ដីដែលនៅព័ទ្ធជុំវិញទីតាំងផ្ទះប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកលិចផ្ទះត្រាំត្រែង ដោយស្នើសុំជីកកាយដីធ្វើជាប្រឡាយ ដើម្បីបង្ហូរទឹកចេញ ។ ក្នុងនោះ ដោយធ្វើការធានាអោយបានជាមួយភាគីខាងម្ចាស់ដីថា អាជ្ញាធរ នឹងមិនបំពានដីរបស់បងប្អូនសូម្បីមួយម៉ែត្រការ៉េឡើយ ហើយទន្ទឹមនឹងការជីកកាយនោះ អាជ្ញាធរ ក៏នឹងធ្វើលិខិតធានាអះអាងចំពោះម្ចាស់ដី ដើម្បីទុកជាភស្តុតាងបញ្ជាក់ផងដែរ ជៀសវៀងម្ចាស់ដីគិតថា ក្រុមអាជ្ញាធរ នឹងមន្ត្រីជំនាញ ដែលកំពុងចុះរកដំណោះស្រាយដោះស្រាយទុក្ខលំបាកជូនពលរដ្ឋក្រីក្រនោះ មានចេតនាគេងប្រវ័ញ្ញ ឬបន្លំចង់បានដីរបស់បងប្អូន ។
![Picture]()
ក្នុងករណីដែលក្រុមអាជ្ញាធរ និងមន្ត្រីជំនាញ ដោះស្រាយបង្ហូរទឹកជន់លិច ចេញពីភូមិពលរដ្ឋក្រីក្ររួចរាល់ហើយនោះ អាជ្ញាធរនឹងធ្វើការចាក់បំពេញដីដែលបានកាយជូនបងប្អូនពលរដ្ឋជាម្ចាស់ដីវិញ អោយបានដូចដើមផងដែរ ។
![Picture]()
សូមបញ្ជាក់ថា ស្របពេលជាមួយគ្នានោះ លោកអភិបាលធ្វើដំណើរលើផ្លូវលំ ចូលទៅផ្ទះដែលរងគ្រោះដោយសារទឹកលិច បានពិនិត្យឃើញថា ផ្លូវលំ ពិបាកក្នុងការធ្វើដំណើរ លោកអភិបាលខណ្ឌបានចាត់ចែងអោយក្រុមការងារដឹកក្រួសខ្សាច់ យកមកចាក់បំពេញលើផ្លូវជាបន្ទាន់ដោយចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីកុំឲ្យពិបាកក្នុងការធ្វើដំណើរ ហើយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវលំនេះ ។
![Picture]()
លើសពីនេះទៀត លោកអភិបាលខណ្ឌ ក៏មានបំណងចង់ពង្រីកផ្លូវលំក្នុងភូមិអោយបានធំទូលាយផងដែរ ទាល់តែមានការចូលរួមពីម្ចាស់ដីដែលនៅអមសងខាងផ្លូវ ប៉ុន្តែនៅពេលនេះអាជ្ញាធរត្រូវចាំបាច់ដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខសិន ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ