ខេត្តស្វាយរៀង ៖ ឈ្មួញវៀតណាមនាំគ្នាយកទូកកាណូតប៉ុកចៃធំៗ ឆ្លងដែនចូលមកចតនៅកំពង់ទូកប្រឡាយទាហាននៃស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ដើម្បីមកចាំទិញស្រូវពីប្រជាកសិករខ្មែរ ខណៈអាជីវករវៀតណាមខ្វះអង្ករនាំចេញទៅលក់នៅប្រទេសទី៣ ។

បើតាមសមត្ថកិច្ចដែលឈរជើងនៅកំពង់កាណូតប្រឡាយទាហានបានឲ្យដឹងថា រយៈពេលជិត២ខែមកនេះ គិតចាប់ពីអំឡុងខែកក្កដា ដល់ថ្ងៃទី២០ សីហា ២០២២នេះ ក្រុមឈ្មួញវៀតណាម ខ្វះស្រូវផលិតអង្ករនាំចេញទៅក្រៅប្រទេស បានយកទូកកាណូតប៉ុកចៃធំៗ ឆ្លងដែនចូលមកកម្ពុជា តាមច្រកផ្លូវទឹក ប្រឡាយទាហាន ស្ថិតនៅចំណុចភូមិព្រៃវល្ល័ ឃុំថ្មីស្រុកកំពង់រោទ៍ ដើម្បីមកចាំទិញស្រូវ ពីក្រុមអាជីវករ និងប្រជាកសិករខ្មែរយើង។

ប្រភពបន្តថា ស្រូវមានតិចតួចខណៈស្រូវវស្សា មិនទាន់មានទុំច្រើន ចំណែកស្រូវរដូវប្រាំងផុត នៅដើមខែកក្កដា ហើយភាគីឈ្មួញវៀតណាមមានតម្រូការស្រូវខ្ពស់ ដើម្បីផលិតអង្ករនាំចេញទៅប្រទេសទី៣ ទើបឈ្មួញវៀតណាម យកទូកកាណូតឆ្លងដែនចូលមកចតចាំទិញស្រូវខ្មែរយើង ខណៈកន្លងទៅ អាជីវករនិងប្រជាកសិករខ្មែរយើង នាំគ្នាដឹកស្រូវមកលក់នៅកំពង់កាណូតប្រឡាយទាហាននេះ តាមគោយន្ត កាឡេថង តាមរថយន្តមកចាំ ឈ្មួញវៀតណាមយកទូកចូលមកទិញស្រូវនិងដឹកស្រូវចេញទៅប្រទេសវៀតណាម ។

ប្រភពបន្តទៀតថា ដោយឈ្មួញវៀតណាមខ្វះស្រូវនាំចេញនៅជាង១ខែចុងក្រោយនេះ ស្រូវមានទីផ្សារ តម្លៃខ្ពស់ ស្រូវស្ងួត ស្រូវអ៊ីអ៊ែ ក្នុង១គីឡូក្រាមតម្លៃ ៥,០០០ដុងស្មើ៩០០រៀល បើប្រៀបធៀប ស្រូវរដូវវស្សា កន្លងទៅ មានតម្លៃទាប ក្នុង១គីឡូក្រាមតម្លៃ១,៥០០ដុងទៅ២,៥០០ដុង បើគិជាប្រាក់រៀលត្រឹម៧០០រៀល ទៅ៧៥០រៀលប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានលើកឡើងថា នៅពេលស្រូវវស្សា បានផលចាប់ពីខែតុលា ដល់ខែវិច្ឆិកា ចាប់ផ្តើមច្រូតកាត់ គឺឈ្មួញវៀតណាម ចូលមកប្រមូលទិញ គឺវៀតណាមចាប់ផ្តើមទម្លាក់តម្លៃស្រូវខ្មែរ មូលហេតុ ដោយទីផ្សារខ្មែរយើងពឹងផ្អែកលើគេ(វៀតណាម)ទាំងស្រុង ។

ហើយប្រជាពលរដ្ឋរស់នៅតាមព្រំដែនលើកឡើងថា ប្រសិនបើឈ្មួញវៀតណាមមិនចូលមកទិញ ស្រូវទៀត គឺមានការប្រឈមកាន់តែខ្លាំង ដូច្នេះ ដើម្បីរក្សារទីផ្សារស្រូវឲ្យមានតម្លៃទីផ្សារនៅលើសហគមន៍កសិករខ្មែរ ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យមន្ទីរកសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម អាជ្ញាធរពាក់ពន្ធ័ផ្សេងទៀតបង្កើនការប្រមូលទិញស្រូវពីប្រជាកសិករ និងបង្កើនការផលិតអង្ករនាំចេញឲ្យបានច្រើន ដើម្បីធានាទីផ្សារស្រូវអង្ករជូនប្រជាពលរដ្ឋដែលជាអ្នកផលិត ទទួលបាននូវជីវភាពល្អប្រសើរ មិនខាត់ធន់ជំពាក់ធនាគារ ៕






ចែករំលែកព័តមាននេះ