ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​លែង​ចេញ ! ពេល​សុំ​ផ្តិត​ថាធ្វើ​ប្លង់​ឲ្យ​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ថា​ផ្ដិត​មេដៃ​ឲ្យ​ដី​ដាំ​កៅស៊ូ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់​មក​ពី​តាម​បណ្តា​ភូមិ​ចំនួន​៧ ក្នុង​នោះ​មាន​ដូច​ជា ភូមិ​ធ្នង់​, ទួល​ថ្មី​, ក្បាល​អូរ​, ទេពនិម្មិត​, វាល​ឃ្មុំ​, វាល​ទឹក​ចេញ …

ខេត្ត​ត្បូងឃ្មុំ ៖  ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់​មក​ពី​តាម​បណ្តា​ភូមិ​ចំនួន​៧ ក្នុង​នោះ​មាន​ដូច​ជា ភូមិ​ធ្នង់​, ទួល​ថ្មី​, ក្បាល​អូរ​, ទេពនិម្មិត​, វាល​ឃ្មុំ​, វាល​ទឹក​ចេញ និង​ភូមិ​ទំនប់​សែន​ជ័យ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ នាំ​គ្នា​មក​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៊ិ​ន​សេស​មេន គ្រុប ខូ​អិ​ល​ធី​ឌី ដែល​បាន​ទទួល​សិទ្ធិ​ដាំ​ដុះ​ដំណាំ​កៅស៊ូ ត្រង់​ចំណុច​ដី​ឡូ​ត៏​លេខ 4.16ABCD, 4.17ABCD និង​តាម​បណ្តា​ដី​ឡូត៍​ផ្សេង​ៗ​ទៀត​ត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​ទួល​ថ្មី ឃុំ​គរ ដោយ​មាន​បោះ​តង់ និង​បង្គោល រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​មក​ប្រជុំ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ  តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។

ប្រជាពលរដ្ឋ​ឈ្មោះ ប៉ិល ប៉ូ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មក​ពី​ភូមិ​ក្បាល​អូរ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក រូប​គាត់​បាន​ប្រឹងប្រែង​កាប់​រាន​ដី​នេះ​មាន​ទំហំ​២​ហិ​កតា ដើម្បី​ដាំ​ស្រូវ សណ្តែក ព្រមទាំង​ដំណាំ​ផ្សេង​ៗ​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដកហូត​យក​ទៅ​ដាំ​ដំណាំ​កៅស៊ូ ។ គាត់​មក​ព្រឹក​នេះ ដើម្បី​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ ក្រែង​គេ​មានចិត្ត​ប្រណី​សណ្តោស​បាន​ឲ្យ​ដី​មក​វិញ បើ​មិន​ឲ្យ​ក៏​មិនដឹង​ថា​អី​ដែរ ។

ប្រជាពលរដ្ឋ​និយាយ​ថា ដី​តំបន់​នេះ​កាលពីមុន​សំបូរ​ទៅ​ដោយ​ព្រៃ មាន​សត្វ​ព្រៃតូច​ធំ ប្រសិនណាបើ​ចង់​ធ្វើ​ដំណើរ​ឆ្លងកាត់​មាន​គ្នា​២​នាក់​នោះ មិន​ហ៊ាន​ដើរ​ឡើយ ទាល់តែ​មាន​គ្នា​ចាប់ពី​១០​នាក់​ឡើង ដោយសារ​តែ​ជីវភាព​ខ្វះខាត​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ទន្ទ្រាន​ដី​ដើម្បី​ដាំ​ដំណាំ​ទ្រទ្រង់​ជីវភាព​គ្រួសារ បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ស្រាប់តែ​ត្រូវ​បាន​អាជ្ញាធរ​មក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​គ្រប់​ៗ​គ្នា​ថា យក​ទៅ​ធ្វើ​ប្លង់​ដី​ឲ្យ លុះ​ពេល​ដែល​ទៅ​ដល់​សាលាស្រុក​ក្នុង​អំឡុង​ឆ្នាំ​១៩៩៦ បែរជា​គេ​ថា ផ្តិត​មេដៃ​ឲ្យ​ដី​ដាំ​កៅស៊ូ​ទៅ​វិញ ធ្វើ​ឲ្យ​ម្នាក់​ៗ​ស្រ​កាំ​ង និង​និយាយ​លែង​ចេញ ។ ចំពោះ​សកម្មភាព​ខាងលើ​នោះ​មិន​មាន​មេខ្យល់​ណា​នាំ​ធ្វើ​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ម្នាក់​ៗ  បាន​មក​ចូល​កាន់កាប់​ដី ស្រាប់តែ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ​ឲ្យ​ពួក​គាត់​ចេញ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ឈ្មោះ ស្លេះ អ៊ែ​ល​សះ ភេទ​ស្រី ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម នៅ​ភូមិ​ទួល​ថ្មី ប្រាប់​ថា កាលពីមុន​គាត់​មាន​ដី​ទំហំ​១​ហិ​កតា ដាំ​ស្រូវ សណ្តែក ដោយ​បាន​បង្កបង្កើន​ផល​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​បាន​អាជ្ញាធរ​មក​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​ប្រាប់​ថា ធ្វើ​ប្លង់​ឲ្យ តែ​ក្រោយមក​បែរជា​ដកហូត​យក​ដី​ទៅ​ដាំ​កៅស៊ូ​ទៅ​វិញ ។ ហើយ​មក​ដល់​ឆ្នាំ​២០១៦ ដើម​កៅស៊ូ​ចោល​អស់​រាប់រយ​ហិ​កតា និង​ល្បី​ថា គេ​បម្រុង​ង​ដាំ​ស្វាយចន្ទី ទើប​អ្នក​ភូមិ​រាប់រយ​នាក់​នាំ​គ្នា​មក​តវ៉ា ដើម្បី​សុំ​ដី​ដែល​ធ្លាប់​កាន់កាប់​មក​វិញ ប្រសិនបើ​អាជ្ញាធរ​មិន​ឲ្យ​ទាំងអស់​ទេ បាន​តែ​២៥​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ក៏​បាន​សម្រាប់​ធ្វើ​ផ្ទះ​នៅ ។

លោក កេង ប៊ុ​ន​ណា អភិបាលស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា បងប្អូន​ដែល​នាំ​គ្នា​មក​វាស់ដី​នេះ គឺជា​ដី​របស់​រដ្ឋ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ទទួលស្គាល់​ថា​ជា​ដី​ដែល​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​បង្កបង្កើន​ផល​ក្នុង​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៤​ទៅ​តាម​ទំហំ​ដី​នីមួយ​ៗ តែ​ចាប់ពី​ឆ្នាំ​១៩៨៦ ដល់​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ ហើយ​រដ្ឋ​បាន​ប្រគល់​ដី​ទាំងនោះ​ទៅ​ឲ្យ​ក្រុមហ៊ុនចំការកៅស៊ូ​ជប់ ដើម្បី​ដាំ​ដំណាំ​កៅស៊ូ ហើយ​ចាប់ពី​ឆ្នាំ​១៩៩១​មក​ទើប​មានការ​បែងចែក​ដីធ្លី​ទៅ​តាម​គោលនយោបាយ​ជូន​ពលរដ្ឋ​នោះ ។

លោក ធួន ជេដ្ឋា  ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ត្បូងឃ្មុំ បាន​ពន្យល់​ថា ចំពោះ​ដី​ដែល​ពាក់ព័ន្ធ​ខាងលើ​មាន​ទំហំ​ប្រមាណ​ជិត​៣០០​ហិ​កតា ដែល​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​នានា​ចូល​កាន់កាប់​នោះ តាម​ពិត​គឺជា​ដី​របស់​រដ្ឋ ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ ។ ដោយ​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​និ​វិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ដែល​មាន​រយៈពេល​វែង និង​បាន​បង់​កម្រៃ​ជូន​រដ្ឋ​ទៅ​តាម​ឆ្នាំ​ផង​ដែរ ។

ចំណែក​លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ​របស់​លោក​ដែល​បាន​ចុះ​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា​នេះ មិនមែន​ក្រុមហ៊ុន​ជា​អ្នក​ហៅ​មក​នោះ​ទេ គឺជា​ភារកិច្ច​របស់​លោក​តែ​ម្តង ត្រូវធ្វើ​អ្វី​ៗ​ទៅ​តាម​នីតិវិធី ព្រោះ​ប្រទេស​កម្ពុជា​មានច្បាប់ ។ យោង​តាម​លិខិត​ជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រំលោភ​ទន្ទ្រាន កាន់កាប់​ដោយ​ខុសច្បាប់​លើ​ដី​ទាំងនេះ បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព ត្រូវ​រុះរើ​បង្គោលព្រំ​ដី ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​(​តង់​) ដែល​បាន​បោះ និង​សាងសង់ ចាប់ពី​ថ្ងៃ​ជូនដំណឹង ថ្ងៃ​ទី​២២ មក​រា ២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៣ មក​រា ២០១៧​ជា​កំហិត ។ បន្ទាប់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ចាត់ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ជា​ធរមាន និង​មិន​ទទួល​ការ​ខុស​ត្រូវ​លើ​ការ​ខូចខាត ឬ​ឧប្បទ្ទវហេតុ​ណាមួយ​ដែល​កើត​មាន​ពី​ការ​អនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​នោះ​ឡើយ ៕