ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ប្រពន្ធ​ទិញ​កង់​បី​ថ្មី​មិន​បាន​ដើរ​ចេញពីផ្ទះ ២​ថ្ងៃក្រោយ​ឃើញ​អណ្ដែត​ទឹក​ស្ពីង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រឿង​សុំ​ទិញ​កង់​បី​ថ្មី​មិន​បាន​ក៏​ដើរ​ចេញ​បាត់​ពី​ផ្ទះ​២​ថ្ងៃ ស្រាប់តែ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ …

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រឿង​សុំ​ទិញ​កង់​បី​ថ្មី​មិន​បាន​ក៏​ដើរ​ចេញ​បាត់​ពី​ផ្ទះ​២​ថ្ងៃ ស្រាប់តែ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ ២០១៧ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​គាត់​អណ្ដែត​ទឹក​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ​ខាងក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​រង​គ្រោះ​ឈ្មោះ ចិន កេ អាយុ​៥២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ប្រពន្ធ​ឈ្មោះ ឱ​ក កក់ អាយុ​៤២​ឆ្នាំ មុខរបរ​កល់​ដូរ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​សាកសព​របស់​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ​នៅ​ចំណុច​ក្រោយ​ស​ណ្ឋា​ការ​កាំ​បូ​ឌី​យ៉ា​ណា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ហើយ​ស្រង់​យក​មក​លើគោក​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​បានឃើញ​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ការ​លង់ទឹក ។

ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​រួច កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សព ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ស្ត្រី​ម្នាក់​អះអាង​ថា បុរស​រង​គ្រោះ​គឺជា​ប្តី​របស់​គាត់ ដែល​បាន​បាត់​ពី​ផ្ទះ​តាំងពី​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​គាត់​រឿង​សុំ​ទិញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ថ្មី​មិន​បាន ដោយ​គាត់​គ្មាន​លុយ​ឲ្យ​ប្តូរ​នោះ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ពាក់ព័ន្ធ​ការ​ស្លាប់​របស់​បុរស​វ័យ​ចំណាស់​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ខាងលើ​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទំនងជា​គាត់​ខឹង​ប្រពន្ធ​គ្មាន​លុយ​ប្តូរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ថ្មី​ឲ្យ ទើប​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ហើយ​អណ្តែត​មក​ទើ​លើ​មាត់ច្រាំង​បែប​នេះ ៕