ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ បន្តចលនាប្រជាពលរដ្ឋ អោយពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

1 ឆ្នាំ មុន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញអោយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើយ៉ាង​បន្តចលនាប្រជាពលរដ្ឋ អោយពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានលឿន និងគ្រប់គ្នា ពិសេសការចាក់ដូសជំរុញ…

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញអោយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើយ៉ាង​បន្តចលនាប្រជាពលរដ្ឋ អោយពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានលឿន និងគ្រប់គ្នា ពិសេសការចាក់ដូសជំរុញ ដូសទី៥ ខណៈដែលជំងឺ​កូវីដ-១៩ ហាក់ដូចជា មានការកម្រើកឆ្លងឡើងវិញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ច​ប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ប្រជុំជាមួយ​អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ បានមានប្រសាសន៍ថា ជំងឺ​កូវីដ-១៩ ជាជំងឺ​រាតត្បាត ដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺនេះ ក៏បានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំង ទើបមិនធ្វើអោយមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះទេ លោកជំរុញអោយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើយ៉ាង បន្តចលនាប្រជាពល​រដ្ឋអោយពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ អោយបានលឿន និងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺ​កូវីដ-១៩ ហាក់ដូចជា កម្រើកឆ្លង​ឡើងវិញ។

លោកបន្តជំរុញអោយអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលចាក់វ៉ាក់សាំង អោយបានច្បាស់លាស់ ជាមួយនឹងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន​លើកឡើងក្នុងកិច្ចប្រជុំ​ថា នៅរាជធានីភ្នំពេញ ខណៈជំងឺ​កូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នា ទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ ដែលយើងបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំង មានការថយចុះ បើទោះបីយើងមានការ​ផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំង ទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម​ក៏ដោយ ដែលកិច្ចការងារនេះ យើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញអោយពួកគាត់ស្ម័គ្រចិត្តទៅទទួលការ​ចាក់វ៉ាក់សាំងដូសជំរុញនេះ អោយបានគ្រប់គ្នា។

សូមរម្លឹកថា កន្លងមក និងមកដល់ពេលនេះ ដោយសារតែជំងឺកូវីដ១៩ ឆ្លងរាលដាល​តិចតួច ហើយអ្នកឆ្លង​ក៏ហាក់ដូចជាមិនធ្ងន់ធ្ងរ ពោលគឺ​ឈឺដូចផ្តាសាយធម្មតាសព្វថ្ងៃ។ ដូច្នេះ​ហើយ​ ទើបមានអ្នកយល់ឃើញថា ចាក់វ៉ាក់សាំង ដល់ទៅ ៥ដូស ក៏នៅតែឆ្លងកូវីដ។ ប៉ុន្តែសូមកុំភ្លេចថា ដោយសារតែ​អ្នកបានចាក់វ៉ាក់សាំង ពិសេសចាក់បានដល់ ៥ដូសនេះហើយ ទើបឆ្លងកូវីដ ក៏កូវីដនោះ ហាក់ក្លាយជាជំងឺផ្តាសាយធម្មតា ហើយត្រឹមតែ ៣ថ្ងៃ ទៅ ៥ថ្ងៃ ក៏ជាសះស្បើយមកវិញ​។ ដូច្នេះ​យើងម្នាក់ៗ គួរតែទៅចាក់វ៉ាក់សាំងកូវីដ ព្រោះចាក់​មិនអស់លុយ ហើយក៏មិន​ធ្វើទុក្ខអ្វីឡើយ តែបានជួយ​យើងច្រើន ពិសេសបើឆ្លងកូវីដ ក៏ឈឺ​ស្រាល ដូចជំងឺផ្តាសាយប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ