ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ២​រូប ករណី​បង្ក្រាប​ទីតាំង​ជល់​មាន់​អន​ឡាញ ស្លា​.​ប់​បុរស​ម្នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ ថា បាន​ឃាត់ខ្លួន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ​០២​រូប ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ រួមមាន ៖ ១-​ឈ្មោះ សុខ ម៉េ​ង​ហុង និង​២-​ឈ្មោះ លុយ តាំង​ឈួ​យ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន និង​គ្រួសារ​របស់​សព​ឈ្មោះ សួង ឌ័​ន ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​៩ ខែសីហា ក្រុមការងារ​ចំពោះ​កិច្ច នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​មក​ដល់​ខេត្តកំពង់ធំ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) នៅ​ចំណុច​ភូមិ​រូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ហើយនឹង​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នេះ ។

សង្ខេប​អំពី​ដំណើររឿង ៖ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ ប្រើប្រាស់​កម្លាំង​ចំនួន ១៣​នាក់ មធ្យោបាយ​រថយន្ត ២​គ្រឿង ម៉ូតូ ១​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សុខ ម៉េ​ង​ហុង មុខងារ​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​, លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារ​ជា​ប្រធាន​អង្គភាព​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​បាន​ឲ្យ​លោក ឃឿ​ន សុ​លាភ ជា​ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ផង​ដែរ ។

កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ និង​ចាប់​យក​វត្ថុ​តាង ម៉ូតូ ចំនួន​៦​គ្រឿង ទូរទស្សន៍​ៗ គ្រឿង CPU ចំនួន​១​គ្រឿង បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ប៉ុន្ដែ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក Toyota Sienna មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួង ឌ័​ន បាន​ទទួលមរណភាព ។ តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត សុខ មុន្នី​ឧត្តម ថា អ្នកជំងឺ​បាន​ស្លាប់​មុន​នឹង​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍ ស​ន្ទុ​ក ។

អំពី​ចំណាត់ការ​របស់​កងរាជអាវុធហត្ថ បានឃើញ​របាយការណ៍​របស់​លោក​ឧត្តម សេនីយ៍​ត្រី ហង្ស ថុ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Nearadey Din” បាន​បង្ហោះ​ថា “07/08/22 ភូមិ​រូង ឃុំ​ក្រ កំពង់ធំ ឈ្មោះ សួង ឌ័​ន អាយុ​៤៧​ឆ្នាំ វេលា​ម៉ោង​៥​ល្ងាច គាត់​មក​ពី​ប្រជុំ​វិញ ចៃដន្យ​ភ្លៀង​គាត់​ក៏​បាន​ជ្រក​ភ្លៀង​នៅ​តូប​កា​ហ្វ មិន​បាន​ប៉ុន្មាន ស្រាប់តែ​មាន​ប៉េ​អឹ​ម​ចាប់​លោកឪពុក​ខ្ញុំ ទៅ​សង្កត់​ត្រង់​ចំណុច​ក រហូត​គាត់​ដកដង្ហើម​មិន​ចេញ គាត់​ក៏​ស្រែក​អោយ​គេ​យក​ទៅ​ពេទ្យ តែ​បែ​គិត​ថា ពុក​ខ្ញុំ​យក​លេស​វិញ​រហូត គាត់​ផុតដង្ហើម​លើ​ឡាន អនុវត្ត​ច្បាប់ តែ​គ្មាន​ទំនួល​ខុស​ត្រូវ អយុត្តិធម៌​ណាស់​សម្រាប់​គ្រួសារ​ខ្ញុំ ជួយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​ផង (​គាត់​ជា​មនុស្ស​ស្លូតត្រង់ ស្រលាញ់​គោរព​អ្នក​ភូមិ អ្នក​ណា​ក៏​ស្រលាញ់​ចូល​ចិត្ត​គាត់​គ្រប់​គ្នា គាត់​ក៏​មិន​ព្រម​ដោយ​គ្មាន​យុត្តិធម៌​បែប​នេះ​ដូច​គ្នា​) ។

នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តីសម្រេច​លេខ ១០២/២០២២ សសរ​, ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ នូវ​បាតុភាព​មិន​ប្រក្រតី ក្នុង​ការ​ប្រតិបត្តិ​តួនាទី​ភារកិច្ច​ពាក់ព័ន្ធ​នឹង​ករណី​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ។

អំពី​ការ​អនុវត្ត​ច្បាប់ ៖ ក្រោយ​ពី​ក្រុមការងារ​ចំពោះ​កិច្ច បាន​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត តាម​នីតិវិធី​រួច​មក ជំនាញ​មន្ត្រី​នគរបាល​យុត្តិធម៌ បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត អំពើ​ល្មើស​ចំនួន ០២​រូប មាន​ជា​អាទិ៍ ៖ ១-​ឈ្មោះ សុខ ម៉េ​ង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ​ព្រហ្មទណ្ឌ ។ ២ ឈ្មោះ លុយ តាំង​ឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ ។

ជាមួយ​គ្នា​នោះ​ដែរ កងរាជអាវុធហត្ថ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត ស្រាវជ្រាវ​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​ការ​ស្លាប់​ជនសង្ស័យ ម្នាក់​ឈ្មោះ សួង ឌ័​ន ។

សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​វេលា​ម៉ោង​៩​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ ទីកន្លែង​សាល​ប្រជុំ នៃ​បញ្ញា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ស្ថិត​នៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

គួររម្លឹកឡើងវិញថា «លោក សៅ សុខា បញ្ជា​ឲ្យ​រក​មូលហេតុ​ពិត ករណី​ស្លា​.​ប់​បុរស​ម្នាក់​ ខណៈ​អាវុធហត្ថ​ខេត្តកំពង់ធំ​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​អន​ឡាញ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ