រាជធានីភ្នំពេញ ៖ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាយកាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៥នេះ បេក្ខជន៦រូបទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ដោយក្នុងនោះប្រាកដណាស់ គឺបេក្ខជនដែលមានទឹកដមសម្លេងពីរោះរណ្តំ គឺបេក្ខជន លីម តិចម៉េង និងដុកទ័ររូបសង្ហារ ស៊ឹម ច័ន្ទពន្លឺ បានជាប់ទៅវគ្គបន្តខាងមុខ។

ជាការពិតណាស់នារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ទស្សនិជនក៏ដូចជា អ្នកគាំទ្រដែលតែងតែតាមដានរៀងរាល់ថ្ងៃអាទិត្យ នៅកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៥ នេះ បានទស្សនាយ៉ាងជក់ចិត្ត ព្រោះជាវគ្គដែលបេក្ខជនមានសមត្ថភាពលេចធ្លោរៀងៗខ្លួនចំនួន៩រូប ឡើងទៅបង្ហាញសមត្ថភាពលើឆាកប្រឡងចម្រៀង ដើម្បីឆក់យកបេះដូងអ្នកគាំទ្រអោយផ្ញើសារជូនពួកគេ ដើម្បីបន្តទៅវគ្គខាងមុខ។
មុនឈានទៅលម្អិតអំពីបេក្ខជនទាំង៦រូបដែលបានជាប់ទៅវគ្គបន្ត ខ្ញុំបាទក៏សូមជម្រាបជូនថា កាលពីរាត្រីយប់មិញនេះ ជាសប្ដាហ៍ដ៏អស្ចារ្យបំផុតនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៥ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនដែលបានអញ្ជើញទៅទស្សនាផ្ទាល់ ក៏ដូចជាតាមរយៈការ live តាមលើបណ្តាញសង្គមហ្វេសប៊ុក គឺមានអ្នកទស្សនារហូតដល់ជាងមួយសែននាក់ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការគាំទ្រទៅលើកម្មវិធី និងបេក្ខជននីមួយៗ។

ក្នុងសប្ដាហ៍ទី៥នេះដែរ ជាសប្ដាហ៍ដ៏រំជួលចិត្តមែនទែន ដោយបេក្ខជន៦រូប ត្រូវឡើងទៅកាន់វគ្គបន្តទៀត រីឯបេក្ខជន៣រូបទៀតត្រូវចាកចេញពីកម្មវិធីទាំងអាឡោះអាល័យ លាអ្នកគាំទ្រទូទាំងប្រទេស និងគណៈកម្មការទាំង៤រូបទាំងទឹកភ្នែកហូររហាមផងដែរ ។ ចំពោះបេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនលើសលប់ដូចទឹកបាក់ទំនប់ ដែលអាចឆ្ពោះទៅកាន់វគ្គបន្តនោះ រួមមាន ៖ បេក្ខជន លីម តិចម៉េង បុរសសង្ហារមកពីខេត្តកំពង់ចាម ដែលតែងតែផ្តល់នូវស្នាមញញឹមដ៏ស្រស់ បន្ទាប់មកគឺបេក្ខជន ថុល សុភិទិ បេក្ខជននាង ដាវីន លោកដុកទ័ររូបសង្ហារ ស៊ឹម ច័ន្ទពន្លឺ បេក្ខជន ណាន វីសារ និងបេក្ខនារីចុងក្រោយឈ្មោះ មាស នីតា។
ដោយឡែក អ្វីដែលធ្វើអោយមហាជនអ្នកគាំទ្រក៏ដូចជា គណៈកម្មការរំជួលចិត្តនោះ បេក្ខជនពោរពេញដោយសមត្ថភាពមិនធម្មតាទាំង៣រូប នឹងត្រូវចាកចេញេពីកម្មវិធីទាំងទឹកភ្នែក ដែលទទួលបានសារគាំទ្រតិចជាងគេពីទស្សនិជន ដោយក្នុងនោះមានដូចជា បេក្ខជន ផាន គីមសុង បេក្ខជន ឡាច ណុច និងបេក្ខជន លី ប៊ីលី ផងដែរ ។ ចំពោះការចាកចេញរបស់ពួកគេ បានធ្វើអោយមហាជន ក៏ដូចជាគណៈកម្មការមានការសោកស្ដាយចំពោះសមត្ថភាពរបស់ពួកគេជាខ្លាំង តែទោះជាយ៉ាងណា ក៏មិនអាចប្រកែកបានដោយសារនេះជាលក្ខខណ្ឌរបស់កម្មវិធីនិងជាការសម្រេចចិត្តពីទស្សនិជនអ្នកគាំទ្រ មិនដែលស្ថិតលើគណៈកម្មការទាំង៤រូប ឬកម្មវិធីឡើយ ។

សូមជម្រាបជូនថា ក្នុងរាត្រីដ៏អស្ចារ្យយប់មិញនេះដែរ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៥នេះ បានតម្រូវអោយបេក្ខជនទាំងអស់លើកយកបទចម្រៀងបែបមនោសញ្ចេតនាស្នេហា និងកន្ត្រឹមមកបកស្រាយ ក្នុងការបង្ហាញសមត្ថភាពរៀងៗខ្លួន លើឆាកចម្រៀងលំដាប់ថ្នាក់ពិភពលោក។








ចែករំលែកព័តមាននេះ