ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ញៀន​ល្បែង​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នៅ​តាម​ភូមិ​នានា​ …

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នៅ​តាម​ភូមិ​នានា​ឱ្យ​ខាង​តែ​បាន ទើប​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ដុតដៃដុតជើង​ចុះ​បង្ក្រាប​ចាប់​បាន​ក្រុម​ស្ត្រី​ញៀន​ល្បែង​(​បៀរ​) នៅ​ចំណុច​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យោង​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ចំណុច​ទី​០៥ បាន​កំណត់​ថា គ្មាន​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ហើយដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ទទួលបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក អ៊ី​វ គឹ​ម​ស៊ា​ន ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង ថុ​ល គឹ​ម​ហ៊ឹង ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឆ​ម វ៉ា​ន់​ធី ប្រធាន​ក្រុម​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ប៉ៃលិន ទើប​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ធ្វើការ​បង្ក្រាប​ចាប់​បាន​ស្ត្រី​ញៀន​ល្បែងស៊ីសង​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​បៀ​១​ហ៊ូ និង​ឃាត់ខ្លួន​អ្នក​លេងបៀ​៥​នាក់ ១-​ឈ្មោះ ផ​ន ធា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​, ២-​ឈ្មោះ ម៉ាក សា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ​, ៣-​ឈ្មោះ កង នាង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​, ៤-​ឈ្មោះ ប៊ុ​ន សុខ​លី​ន​ដា ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​៥-​ឈ្មោះ សុខ វ​ណ្ណី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ។ អ្នក​ទាំង​៥​នាក់​នេះ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ទោះបីជា​យ៉ាងណា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​បំភ្លឺ​រួច​មក អ្នក​ទាំង​៥​នាក់​បាន​សារភាព​ថា ពួក​គាត់ ពិតជា​បាន​លេងល្បែង​ពិតប្រាកដ​មែន ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​រាងចាល និង​ធ្វើការ​ផាកពិន័យ រួច​អប់រំ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ល្បែងស៊ីសង​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បើ​ទោះបីជា​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​ញឹកញាប់​ក៏​ដោយ ក្នុង​នោះ​មាន​ល្បែងស៊ីសង​កន្ទុយលេខ​(​ឆ្នោត​) បៀ អាប៉ោង ហើយ​ក៏​មាន​អ្នកខ្លះ​យក​អាប៉ោង​ទៅ​លេង​នៅ​ក្នុង​កាស៊ីណូ​ផង​ដែរ ខណៈ​ច្បាប់​ហាម​មិន​ឱ្យ​ខ្មែរ​ចូល​លេង​នោះ ៕