ខេត្តមណ្ឌលគិរី ៖ មានការភ្ញាក់ផ្អើលមួយកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រៃរបោះតូចៗលើដីព្រលានយន្តហោះ ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខណៈអ្នករត់ម៉ូតូឌុបម្នាក់បានប្រទះឃើញគ្រោងឆ្អឹងសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលគេនាំគ្នាដាក់ការសង្ស័យថា ជាករណីឃាតកម្ម តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីអត្តឃាត ។
ប្រជាពលរដ្ឋជាច្រើននាក់ដែលទៅមើលឃើញឆ្អឹងសពមិនស្គាល់អត្តសញ្ញាណនោះបានឲ្យដឹងថា ហើយបើគេពិនិត្យមើលតាមការជាក់ស្ដែងសភាពគ្រោងឆ្អឹងខាងលើបានរលេះរលួយអស់ទៅហើយ នៅសល់តែគ្រោងឆ្អឹង ដោយជនរងគ្រោះស្លាប់រយៈពេលយូរណាស់មកហើយ ។
លោក សូ សុវណ្ណ ស្នងការរងទទួលបន្ទុកកណ្ដាលយុត្តិធម៌ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រោងឆ្អឹងជនរងគ្រោះខាងលើត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញកាលពីល្ងាចថ្ងៃទី១៦ ខែមករា ហើយគាត់បានរាយការណ៍ទៅសមត្ថកិច្ចនគរបាល ។ លោកថា ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា ជាករណីអត្តឃាត ព្រោះសមត្ថកិច្ចនៅមិនទាន់ដឹងពីអត្តញ្ញាណ្ណសពនៅឡើយទេ ។
លោកស្នងការរងបានបញ្ជាក់ថា សាកសពខាងលើអាចនឹងស្លាប់រយៈពេលយ៉ាងតិច៦ខែមកហើយ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ។ លោកបន្ថែមថា កាលពី៦ខែមុន នៅឃុំពូជ្រៃ ស្រុកពេជ្រាដា មានករណីមនុស្សប្រុសបាត់ខ្លួនម្នាក់ លោកកំពុងបញ្ជាឲ្យមេប៉ុស្តិ៍នៅទីនោះ ស្រាវជ្រាវរកបងប្អូនឲ្យទៅមើលសពនៅព្រលានយន្តហោះនោះហើយ ក្រែងមានតម្រុយខ្លះ ។
នៅជិតគ្រោងឆ្អឹងសពខាងលើគេឃើញមានស្បែកជើងរបស់មនុស្សប្រុសមួយគូ ធ្វើពីស្បែក ពណ៌ខ្មៅ ចំណែកខោអាវ និងរបស់របរផ្សេងៗទៀតគេមិនបានឃើញនោះទេ ៕




ចែករំលែកព័តមាននេះ