ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​លួច​ដឹកឈើ​ប្រណិត​ចូល​ក្រុង​បាន​លុង

7 ឆ្នាំ មុន

ខេត្តរតនគិរី​ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​(​អ​.​ហ​)​មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​

ខេត្តរតនគិរី​ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​(​អ​.​ហ​)​មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​វ៉ើ​ន​សៃ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០១៧​នេះ បាន​ស្ទាក់​ចាប់​រថយន្ត​សាំ យ៉ុ​ង​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ​នៅ​ចំណុច​និយាម​ការ​៥៨២៨៧-៥២៨២៩ ត្រង់​ផ្លូវបំបែក​កា​ចូ​ន ស្ថិត​ក្នុងភូមិ​វង ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ​។

មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ លោក​ឡាក់ ស៊ុ​យ​ហន បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដល់​កងកម្លាំង​អ​-​ហ​ក្រោម​ឱវាទ អោយធ្វើ​ការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដូច​ភ្លៀងរលឹម ។ ជាក់ស្តែង​រថយន្ត​សាំ​យ៉ុ​ង​លួច​ដឹកឈើ​ប្រណីត​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-1080 ត្រូវ​បាន​កម្លាំង​សហការ​បង្ក្រាប​ភ្លាម​ៗ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​កម្លាំង​សម្ងាត់ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​យើង​មិន​បាន​ឃាត់​អ្នក​បើករថយន្ត និង​អ្នក​ពាក់ព័ន្ធ​បាន​ទេ ព្រោះ​ពួក​គេ​ដឹងខ្លួន​ទាន់ បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​អស់​។

លោក​មេបញ្ជាការ​អ​-​ហ មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ​បន្ត​ថា ការងារ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ទទួល​បាន​ជោគជ័យ​ដោយសារ​មានការ​ណែនាំ​ពី​លោក​មេបញ្ជាការ​អ​-​ហ​ខេត្ត​ជា​ប្រចាំ និង​មានការ​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

បច្ចុប្បន្ន​វត្ថុ​តាង​រថយន្ត​មួយ​គ្រឿង និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ដុំ បាន​ដឹក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​មក​ធ្វើការ​ពិន័យ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ យ៉ាងណា​ក៏​ដោយ​ចំនួន​ឈើ​ពិតប្រាកដ​មិន​ទាន់​ដឹង​នៅឡើយ ពោល​គឺ​រង់ចាំ​ធ្វើការ​វាស់វែង​នៅ​រសៀល​ថ្ងៃ​ចន្ទ​ដដែល​នេះ​។

លោក​ឡាក់ ស៊ុ​យ​ហន មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​ចាប់​រថយន្ត​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នេះ លោក​ជា​អ្នកដឹកនាំ​ផ្ទាល់ ដោយឡែក​ក្នុង​រយៈពេល​កន្លង​មកនេះ​មាន​មន្ត្រីរាជការ កង​ម្លាំ​ង​ប្រដាប់​អាវុធ​មួយ​ចំនួន​ក្នុង​ខេត្ត ចោទប្រកាន់​មក​គាត់​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​នោះ​ជា​រឿង​មិន​ពិត​ទេ​ហើយ​លោក​សុំ​ធ្វើការ​បដិសេធ​តាម​បណ្តាញ​សារ​ព​ត៌​មាន​ក្នុងស្រុក​ដែល​ផ្សាយ​នា​ពេល​កន្លង​មក​ផង​ដែរ​៕