ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់រងការប្រហារដោយជះទឹកអាស៊ីតពីស្ត្រីជាប្រពន្ធដើម ក្រោយលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្តីរបស់ខ្លួន អស់រយៈពេលច្រើនឆ្នាំមកហើយ បើទោះបីជាបានហាមប្រាមយ៉ាងណា ក៏មិនព្រមឈប់ ។ លោកអនុសេនីយ៍ឯក ម៉ិច សុភាន់ អធិការ រងនគរបាលស្រុកសំរោងទង បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ មករា ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីរសៀលថ្ងៃទី១១ មករា ស្ថិតនៅចំណុចក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះឆុំ សាវ៉ុន ភេទស្រី អាយុ២៤ ២-ឈ្មោះឆុំ សាវ៉ាន ភេទប្រុស អាយុ៣៧ និង៣-ឈ្មោះហ៊ុយ
សាវុធ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះឆុំ សាវ៉ុន ជាប្រពន្ធដើម បានរៀបរាប់ថា មូលហេតុដែលខ្លួននិងក្រុមគ្រួសារ នាំគ្នាប្រព្រឹត្តហិង្សាជះទឹកអាស៊ីតនេះ ដោយសារតែឈ្មោះស្រីឡា បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្តីរបស់ខ្លួន អស់រយៈពេលច្រើនឆ្នាំមកហើយ ។
ទោះជាខ្លួនបានណែនាំ និងហាមប្រាមមិនឱ្យឈប់ទាក់ទងគ្នាក្តី ក៏ស្រីឡានេះ មិនបានធ្វើតាមឡើយ គឺរិតតែណាត់ជួបគ្នាញឹកញាប់លើសដើម ។ ស្ត្រីដដែលបន្តទៀតថា តាំងពីប្តីខ្លួនមានទំនាក់ទំនងស្នេហាក្រៅផ្ទះជាមួយស្រីឡានេះ គឺប្មិនដែលជួយធ្វើការងាររកស៊ីចិញ្ចឹមប្រពន្ធកូនឡើយ។
ដោយឡែក នារីរងគ្រោះបានបដិសេធថា ខ្លួនមិនដែលមានទំនាក់ទំនងស្នេហាជាមួយឈ្មោះជីម វុទ្ធី ជាប្តីរបស់ឈ្មោះវ៉ុននោះឡើយ នេះគឺជាការចោទទាំងបំពានមកលើរូបនាង ។ នាងបន្តថា ការនិយាយស្តីជាមួយគ្នាកន្លងមក ជារឿងធម្មតា ព្រោះយល់ថាជាអ្នកភូមិផងរបងជាមួយគ្នា។
លោកអធិការរងបន្តថា ករណីឃាត់មនុស្ស៣នាក់នេះ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ហើយ ដោយឡែក ជនសង្ស័យ២នាក់ ដែលរត់គេចខ្លួននោះនគរបាលកំពុងតែស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោស។
គួរំលឹកថា កាលពីថ្ងៃទី១០ មករា ជនសង្ស័យ រួមទាំងបងប្អូនបានរួមគ្នាធ្វើសកម្មភាពជះទឹកអាស៊ីតទៅលើនារីឈ្មោះផេង ស្រីឡា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសផ្ទៃមុខ និងខ្លួនប្រាណ ភ្នែក)ដោយបានទៅព្យាបាលនៅមន្ទីរភ្នំពេញ ។
នារីជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះទាំង៥នាក់ខាងលើហើយ ។
ចែករំលែកព័តមាននេះ