រាជធានីភ្នំពេញ ៖ មហាជនសម្ដែងការសាទរនៅទឹកចិត្តដ៏ធំធេងរបស់លោក ប៉ែន ចំរុង ដែលជាពិធីករដ៏ល្បីឈ្មោះ និងលោក តាន់ គីមសួរ ដែលជាអ្នកស្រលាញ់ និងការពារសត្វព្រៃរួមទាំងព្រៃឈើ ហ៊ានប្រថុយក្នុងយុទ្ធនាការជួយសង្គ្រោះ និងស្រោចស្រង់ភ្នំតាម៉ៅឡើងវិញ ដោយមិនខ្លាចអ្វីទាំងអស់ ខណៈលោក ប៉ែន ចំរុង ត្រូវបានគេដឹងថា ស្ទើរតែបាត់បង់ការងារដែលជាឆ្នាំងបាយរបស់ខ្លួនទាំងស្រុងផងដែរ។

ជាការពិតណាស់ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជាជនកម្ពុជា សម្ដែងការសាទរ និងត្រេកអរជាខ្លាំង ក្រោយសម្តេចតេជោ បានប្រកាសបញ្ជាអោយលុបចោលការដោះដូរ និងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ និងតម្រូវឲ្យមានការដាំកូនឈើឡើងវិញ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនក្នុងប្រទេសទាំងមូល។
យ៉ាងណាមិញ តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង ត្រូវបានលោក តាន់ គីមសួរ ទម្លាយថា ស្ទើរតែបាត់បង់ការងារធ្វើ ព្រោះតែលោកបានចូលរួមក្នុងយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ។

នេះបើយោងតាមការបង្ហោះសំណេរមួយឃ្លារបស់លោក ប៉ែន ចំរុង ក្រោយរាជរដ្ឋាភិបាលបានប្រកាសថា នឹងបញ្ឈប់ការឈូងឆាយអភិវឌ្ឍ ព្រមទាំងដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាមៅ់ បានអោយដឹងថា «អភិនិហា ប្រាកដជាមាន ហោះហើយៗ អរគុណទេវតាសំរាប់ការគិតសារជាថ្មី អរគុណឧត្តមគតិជាសារជាតិមនុស្សល្អ » ក្នុងការបង្ហោះសំណេរមួយនេះ លោក ប៉ែន ចំរុង ត្រូវបានមហាជនមួយចំនួនបញ្ចេញមតិរិះគន់ស្រដៀងៗគ្នាថា «ពេលឈួសឆាយដីព្រៃស្ងាត់អោយជ្រាប ពេលប្រកាសបញ្ឈប់ការអភិវឌ្ឍ និងដាំដើមឈើឡើងវិញ សុទ្ធតែអភិនិហាលោកអើយលោក»។

ក្នុងការបញ្ចេញមតិរិះគន់ ទាំងទទឹងទិសមិនដឹងក្បាល មិនដឹងកន្ទុយរបស់អ្នកលេងបណ្ដាញសង្គមមួយចំនួន ស្រាប់តែលោក តាន់ គីមសួរ ចេញមុខមកនិយាយថា «លោក ប៉ែន ចំរុង ស្ទើរតែបាត់បង់ការងារទាំងស្រុង ដោយសារធ្វើរឿងទាំងអស់នេះ សូមកុំដាក់សម្ពាធលើគាត់ជាងនេះទៀតអី គឺពួកយើងដើរជាមួយគ្នារហូតក្នុងរឿងនេះ»។

លោក ប៉ែន ចំរុង ក៏បានតបទៅលោក តាន់ គីមសួរ វិញថា «ពាក្យអរគុណ និងពាក្យថា លះបង់នេះ ត្រូវជូនពួកម៉ាក់ឯងទៅវិញទេ ដែលហ៊ានលះបង់មិនស្តាយសូម្បីតែជីវិតខ្លួនឯង ដើម្បីកិច្ចការងារជួយសង្គមទាក់ទងនឹងកិច្ចការពារព្រៃឈើ និងសត្វព្រៃ ។ កម្លាំងសាមគ្គីប្រាកដជាអាចបង្កើត អភិនិហាបានមែន អរគុណបងប្អូនទាំងអស់ តែមួយជួយសង្គ្រោះភ្នំតាម៉ៅបាន»។
ដោយឡែក ក្រឡេកមកមើលការបង្ហោះរបស់លោក តាន់ គីមសួរ ឯណោះវិញ បានបង្ហាញពីបុគ្គលដែលបានចូលរួមជួយសង្គ្រោះភ្នំតាម៉ៅ ក្នុងនោះក៏មានលោក ប៉ែន ចំរុង ផងដែរ។ នេះបើយោងតាមសំណេរទាំងស្រុងរបស់លោក តាន់ គីមសួរ បានអោយដឹងថា «នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ខ្ញុំមិនភ្លេចថ្ងៃដំបូង ដែលពួកយើងជួបគ្នាជជែកអំពីរឿងភ្នំតាម៉ៅទេ បុគ្គលប៉ុន្មាននាក់នៅក្នុងរូបភាពនេះហើយ គឺជាស្នូលសំខាន់ក្នុងការស្វះស្វែងរកដំណោះស្រាយ កាលនោះក្តីសង្ឃឹមស្ទើរតែ១% ក៏គ្មានដែរ តែពួកយើងនៅតែមានការជឿជាក់ថា នឹងអាចមានរឿងអភិនីហាកើតឡើង ជាពិសេសជឿជាក់ទៅលើគតិបណ្ឌិតរបស់សម្តេចពុក ហ៊ុន សែន តែម្តង»។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីប្រកាសថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា ៖ ១- លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ។ ២- រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។ ៣- ក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា»។







ចែករំលែកព័តមាននេះ