ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង់​សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ មកដល់កម្ពុជាហើយ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ត្រូវបាន​នាំមកពីប្រទេសឥណ្ឌូនេស៊ី មកដល់​រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ​​។ ទង់សហព័ន្ធកីឡាជនពិការ​អាស៊ី​អាគ្នេយ៍នេះ ត្រូវបាន​លោក…

ភ្នំពេញ៖ ទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ត្រូវបាន​នាំមកពីប្រទេសឥណ្ឌូនេស៊ី មកដល់​រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ​​។ ទង់សហព័ន្ធកីឡាជនពិការ​អាស៊ី​អាគ្នេយ៍នេះ ត្រូវបាន​លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជា​ប្រធានគណៈកម្មការរដ្ឋសភា បានទៅ​ទទួល​យក​​នៅប្រទេសឥណ្ឌូនេស៊ី នាំមកកាន់កម្ពុជា ដែល​កម្ពុជាយើង ត្រូវធ្វើជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣​។

ទិដ្ឋភាពអបអរសាទរដល់ជ័យលាភីមេដាយ និងពិធីទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ាន ត្រូវបានធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ​ការប្រកួត​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សម្តេច ទៀ បាញ់ បាន​ទទួលទង់​​ ពីលោក​ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជា នាល្ងាចថ្ងៃទី៧ ខែសីហានេះ នៅអាកាសយានដ្ឋាន​ភ្នំពេញអន្តរជាតិ បន្ទាប់ពីប្រតិភូកីឡាជនពិការកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញ ពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

បន្ទាប់ពីពិធីប្រគល់ និងទទួលទង់រួចហើយ កម្ពុជាក៏បានរៀបចំ​ក្បួនដង្ហែ ដោយមានឡានឆៃយាំ ឡានទង់ ឡានកីឡាករ កីឡាការិនីប៉ារ៉ាហ្គេម ដែលទទួលបានមេដាយ រួមទាំង​មានម៉ូតូអមផងដែរ​។ ក្បួនដង្ហែ​នេះ ចាប់ផ្តើមចេញពីអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាមមហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​សាធារណរដ្ឋ​ប្រជាមានិតប៉ូឡូញ និងចូលទីស្នាក់​ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅជាប់របង​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​ ជិតរង្វង់មូលវត្តសំពៅមាស​។

សូមរម្លឹកថា ក្នុង​ពិធីបិទកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងកម្ពុជាទទួលទង់សហព័ន្ធកីឡា​ជនពិការ​អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជា បានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាផ្លូវការ ពីលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បន្ទាប់មក ផ្តល់ទៅលោក​ យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម​កីឡាជនពិការកម្ពុជា។

​ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេស​ឥណ្ឌូនេស៊ី ដែលទើបបិទបញ្ចប់នេះ កម្ពុជា ទទួលបានមេដាយ ចំនួន ២៨គ្រឿង ដោយមានមេដាយមាស ៧គ្រឿង មេដាយ​ប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធ ១១គ្រឿង​។ កម្ពុជា ស្ថិតនៅលំដាប់ទី៧ ក្នុងចំណោម​ ១១ប្រទេស ដែលចូលរួម​ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ