រាជធានីភ្នំពេញ ៖ ខ្សែជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ខ្លះកើតមកលើគំនរទ្រព្យសម្បត្តិ ខ្លះទៀតកើតមកក្នុងគ្រួសារក្រីក្រ ត្រូវតស៊ូក្នុងជីវិតដើម្បីរកប្រាក់ចិញ្ចឹមជីវិតតាមជំនាញរៀងៗខ្លួន និងមានបងប្អូនខ្លះត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដើម្បីរកការងារធ្វើជាដើម។
តួយ៉ាង ណាន វីសារ ដែលជាបេក្ខជនប្រឡងចម្រៀងមួយរូប នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក មានខ្សែជីវិតគួរឱ្យអាណិត ព្រោះលោកបានខិតខំតស៊ូពីជីវិតជាចំណាកស្រុកធ្វើកម្មករសំណង់ និងកំពុងឈរជើងលើឆាកប្រឡងចម្រៀងលំដាប់ពិភពលោក។
យ៉ាងណាមិញ មនុស្សម្នាក់ៗមិនអាចផ្គាប់ចិត្តមនុស្សទូទៅឱ្យស្រលាញ់យើងគ្រប់គ្នានោះទេ។ ជាក់ស្តែងថ្មីៗនេះ មានការរិះគន់ជាច្រើនពីទស្សនិកជនមួយចំនួន ដែលតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol ទៅលើបេក្ខជនឈ្មោះ ណាន វីសារ (Nan Visa) ដោយខ្លះបានបញ្ចេញមតិរិះគន់ថា គាត់មានអំណួតពេក ចរិតឡូយ មានភាពជឿជាក់ពេក និងពាក្យរិះគន់ជាច្រើនទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បេក្ខជនរូបនេះ មិនខឹង ឬអន់ចិត្តចំពោះអ្នកគាំទ្រដែលបានរិះគន់គាត់ឡើយ តែលោកបានបង្ហាញការអរគុណចំពោះការរិះគន់ និងសម្តែងការដឹងគុណដល់អ្នកគាំទ្ររូបលោកដែលបានអាណិតស្រលាញ់ និងបោះឆ្នោតគាំទ្រលោករូបជាបន្តបន្ទាប់។
លោកណាន វីសារ បាននិយាយយ៉ាងដូច្នេះថា ៖ «ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រមៃ ហើយខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។ ខ្ញុំចង់លើកទឹកចិត្តដល់អ្នកដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រម៉ៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម»។
ជាមួយគ្នានោះ មិត្តភក្តិ និងអ្នកគាំទ្រ ណាន វីសារ បានលើកឡើងថា និយាយដោយស្មោះត្រង់ទៅ រូបគាត់មិនមានចរិតលក្ខណៈដូចគេរិះគន់នោះទេ។ តាមពិតក្នុងពេលប្រឡង ឬច្រៀង ឬនៅមុខទស្សនិកជន លោកគ្រាន់តែបង្ហាញនូវភាពជឿជាក់ បង្ហាញនូវអ្វីដែលជាទំនុកចិត្តខ្លួនឯង និងបង្ហាញអ្វីដែលគាត់តាំងចិត្តធ្វើឱ្យបានប៉ុណ្ណោះ មិនមែនជាអំណួតនោះទេ»។
ណាន វីសារ ជាមនុស្សតស៊ូ និងគួរឱ្យអាណិត។ គាត់បានក្លាយពីកម្មករសំណង់ចំណាកស្រុក មកឈរលើឆាកលំដាប់ពិភពលោក Cambodia Idol គាត់បានខិតខំប្រឹងប្រែងខ្លាំងណាស់។ លោកអ្នកប្រហែលជាបានឃើញហើយ គឺយុវជនរូបនេះ មានភាពតស៊ូ អត់ធ្មត់ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើន ទំរាំអាចក្រោកឈរដល់សព្វថ្ងៃ ដើម្បីស្វែងរកក្តីសុបិន។
ដូចអ្នកទាំងអស់គ្នាបានដឹង កាលពីវគ្គដំបូង Judge Audition មកអ៊ីចឹង គឺ វីសា ជាកូនកំព្រាឪពុកតាំងពីតូច ចំណែកម្តាយត្រូវជាប់ពន្ធនាគារ តើគ្រួសារមួយដែលគ្មានជំហរមេបា? តើកូនៗនឹងទៅជាយ៉ាងណា? រសាត់ អណ្តែតដល់ណា? វីសារ ត្រូវរស់នៅជាមួយតាយាយ ហើយដោយសារតែជីវភាពខ្សត់ ទើបបានចំណាកស្រុកទៅធ្វើកម្មករសំណង់នៅប្រទេសថៃ។
វីសារ ជាមនុស្សដែលមានក្តីស្រមៃធំ និងដើរតាមក្តីស្រម៉ៃរបស់ខ្លួនឯង ទើបត្រលប់មកខ្មែរវិញ។ នៅពេលគាត់បានបង្ហាញភាពរឹងប៉ឹង មិនបង្ហាញភាពទន់ខ្សោយ យកសមត្ថភាព និងភាពជឿជាក់មកលើឆាក បែរជាត្រូវបានទទួលពាក្យវា.យប្រ.ហារយ៉ាងចាស់ដៃ ដូចជាអាជោរ អាជឿជាក់ អាអំនួត មុខអឿ …. ជាដើម ) ដោយមិនខ្វល់ មិនមើលឃើញពីសមត្ថភាពរបស់គេឡើយ។
អ្នកដែលបានស្គាល់ វីសារ ប្រាកដជាបានដឹងច្បាស់ថា វីសារ ជាមនុស្សរួសរាយណាស់ ប្រជាប្រិយ អត្ថចរិកស្លូតបូត បុគ្គលិកលក្ខណៈល្អ ចេះគោរពចាស់ទុំ ហើយការនិយាយស្តីគឺ ច្បាស់លាស់ បែបផ្លូវការ តែក៏កំប្លែងខ្លះដែរ គឺមិនដូចអ្វីដែលអ្នកផ្សេងគិតឡើយ (ថា និយាយរៀបឬកពារ និយាយកាច់តុងជាដើម) នេះជាធម្មជាតិពីកំណើតរបស់ វីសារ ក្នុងការនិយាយស្តី និងដោយសារតែជាបុគ្គលិកលក់ឡាន គឺត្រូវចេះនិយាយស្តីពីរោះពិសារ។
ចែករំលែកព័តមាននេះ