ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានលើកឡើងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ប្រមុខការទូតអាស៊ាន បានបង្ហាញការព្រួយបារម្ភ និងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តអត់ធ្មត់ បញ្ចប់ជម្លោះឱ្យបានឆាប់ ព្រមទាំងស្វែងរកដំណោះស្រាយចរចាដោយសន្តិវិធី។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅល្ងាចថ្ងៃទី៣ ខែសីហានេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំ បានថ្លែងក្នុងសន្និសីទកាសែតថា ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន អាស៊ានបានឯកភាពគ្នាឱ្យមានការអត់ធ្មត់ខ្ពស់បំផុត រវាងភាគីពាក់ព័ន្ធ កាត់បន្ថយភាពតានតឹង ដើម្បីអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ ទៅដល់អ្នកត្រូវការបំផុត ជំរុញឱ្យបញ្ចប់ជម្លោះនេះឱ្យបានឆាប់រហ័ស មិនមែនតែជាប្រយោជន៍សម្រាប់ប្រជាជន ដែលរងគ្រោះដោយសារតែជម្លោះនេះផងទេ ប៉ុន្តែពាក់ព័ន្ធនឹងផលប៉ះពាល់នៅទូទាំងពិភពលោក ឧទាហរណ៍កង្វះស្បៀងអាហារ ក៏ដូចជា ការឡើងថ្លៃថាមពល ក៏ដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចផ្សេងៗទៀត និងគោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍អធិបតេយ្យភាព និងការសន្ទនាប្រកបដោយសន្តិវិធី និងស្ថាបនា ដើម្បីបញ្ចប់ជម្លោះនេះ។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង លោក គង់ ភោគ លើកឡើងថា អង្គប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្នើឱ្យភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះដោយសន្តិវិធី និងចូលរួមក្នុងន័យស្ថាបនា ដោយឈរលើបទដ្ឋានគោលការណ៍នៃច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមមាន UNCLOS ឆ្នាំ១៩៨២ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ DOC និងបញ្ចប់ការចរចានូវ COC ឱ្យបានឆាប់រហ័ស និងទទួលស្គាល់ថា តំបន់សមុទ្រចិនខាងត្បូង មានការប្រកួតប្រជែងខ្លាំង ធ្វើឱ្យវាមានការលំបាក។ ដូច្នេះតម្រូវឱ្យភាគីទាំងអស់ បង្កើតឱ្យមានបរិយាកាសអំណោយផង ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការកសាងជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក និងជំរុញឱ្យមានដំណោះស្រាយទៅលើបញ្ហានេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោក គង់ ភោគ ក៏បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ អាស៊ានក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីការកើនឡើងនូវភាពតានតឹង ដែលស្ថានភាពនេះ ប្រសិនបើគ្រប់គ្រងមិនបានល្អ នឹងនាំទៅដល់ការគណនាខុស ក៏ដូចជា ការកើនឡើងនូវកំដៅរវាងភាគីពាក់ព័ន្ធ។ ដូច្នេះយើងស្នើឱ្យភាគីទាំងអស់ បញ្ជៀសការបង្កហេតុ ឬក៏ការប្រព្រឹត្តនូវសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹងនេះ ហើយព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង ចាប់ផ្តើមមានការជជែក ចរចាគ្នា ដើម្បីឱ្យស្ថានភាពវិលមកធម្មតាវិញ។
ត្រង់ចំណុចនេះ លោក គង់ ភោគ ក៏បានគូសបញ្ជាក់ថា «សម្រាប់កម្ពុជាយើង យើងនៅតែប្រកាន់យកគោលជំហរ ឬក៏គោលការណ៍ចិនតែមួយ ហើយខ្ញុំសង្ឃឹមថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយ ដែលភាគីទាំងអស់ បានយល់ស្របគ្នាហើយ នឹងបន្តអនុវត្តឱ្យបានពេញលេញ ព្រោះទាំងអស់នេះ សុទ្ធតែជាកត្តាធ្វើឱ្យមានស្ថិរភាព ក៏ដូចជា ឱ្យមានលំនឹងនៅក្នុងទំនាក់ទំនងរវាងប្រទេស ដែលពាក់ព័ន្ធ នៅក្នុងច្រកសមុទ្រតៃវ៉ាន់។
លោក គង់ ភោគ បន្ថែមថា នៅក្នុងកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសតែងតាំងលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គលេខាធិការអាស៊ាន ដែលនឹងចាប់ផ្តើម នៅឆ្នាំ២០២៣ ខាងមុខនេះ ហើយការតែងតាំងនេះ ក៏ទទួលបានការស្វាគមន៍ពីរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ៕ (រូបថតពីទ.ទ.ក)



ចែករំលែកព័តមាននេះ