រាជធានីភ្នំពេញ ៖ ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននឹងមកចូលរួមកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននៅសប្តាហ៍នេះ ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ឯកឧត្តមរដ្ឋមន្ត្រី បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងរវាងជប៉ុនជាមួយកម្ពុជា និងអាស៊ាន ។
ខាងក្រោមនេះជាខ្លឹមសារនៃបទសម្ភាសន៍ ៖ សំណួរទី១ ៖ តើជប៉ុនមានគោលបំណងអ្វីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាននេះ?
ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ៖ ខ្ញុំយល់ឃើញថា អាស៊ាន គឺជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏មានសារៈសំខាន់ផងដែរសម្រាប់ការសម្រេចបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)» ដែលប្រទេសជប៉ុនកំពុងជម្រុញឱ្យទៅមុខ ។ ដោយឆ្លៀតឱកាសនៃការជួបជុំដោយផ្ទាល់ដែលខានរយៈពេល៣ឆ្នាំ ឱ្យមានអត្ថន័យ យើងមានបំណងជម្រុញនូវការសម្រេចបាននូវ FOIP និង «ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)» ថែមទាំងផ្សព្វផ្សាយគោលជំហរ និងគំនិតរបស់ជប៉ុនយ៉ាងម៉ឺងម៉ាត់ និងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ឆ្ពោះទៅរកខួបលើកទី៥០នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាននៅឆ្នាំក្រោយ ។
លើសពីនេះ យើងនឹងផ្លាស់ប្តូរទស្សនៈលើស្ថានភាពតំបន់ និងអន្តរជាតិ ដូចជា ការឈ្លានពានដោយរុស្ស៊ីនៅអ៊ុយក្រែន សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង កូរ៉េខាងជើង និងមីយ៉ាន់ម៉ា ។ ក្នុងបរិបទនេះ យើងនឹងអះអាងយ៉ាងមុតមាំនូវជំហររបស់ប្រទេសជប៉ុន ហើយបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ។ ប្រទេសជប៉ុនមានបំណងសហការជាមួយប្រទេសកម្ពុជាក្នុងការថែរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសេរី និងបើកចំហផ្អែកលើគោលការណ៍នីតិរដ្ឋ ។
សំណួរទី២ ៖ តើឯកឧត្តមយល់យ៉ាងណា ចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា?
ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ៖ ទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៣ ។ ភាពស្និទ្ធស្នាលរវាងប្រទេសយើងទាំងពីរបានកើនឡើងក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ដែលប្រទេសជប៉ុនបានសហការជាមួយកម្ពុជាដែលស្ថិតនៅក្នុងការលំបាកដោយសារសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដើម្បីស្វែងរកសន្តិភាព និងកសាងប្រទេសកម្ពុជាឡើងវិញ ។ ខ្ញុំមានអារម្មណ៍ ថាប្រាកដជាបទពិសោធន៍នៅពេលនោះ គឺនៅតែជាមូលដ្ឋាននៃទំនាក់ទំនងនៃការជឿទុកចិត្តគ្នារវាងប្រទេស និងប្រជាជនយើងទាំងពីរ នាពេលបច្ចុប្បន្នផងដែរ ។
ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដូចដែលបានឃើញការរៀបចំនៃកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយនៅក្នុងឆ្នាំនេះដែល ជាខួបលើកទី៣០នៃបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(PKO) នៅកម្ពុជាគឺ UNTAC។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី គិស៊ិដា នាខែមីនា នាយករដ្ឋមន្ត្រីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។ ប្រទេសជប៉ុននឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា ហើយធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរកាន់តែរីកចម្រើន។
សំណួរទី៣ ៖ ជប៉ុនធ្លាប់ជាប្រទេសម្ចាស់ជំនួយធំជាងគេនៅកម្ពុជា ហើយបន្តជួយដល់កម្ពុជារហូតដល់សព្វថ្ងៃ ។ តើទំហំទឹកប្រាក់សរុបនៃជំនួយ ODA ដែលបានផ្តល់កម្ពុជាមកដល់ពេលនេះមានចំនួនប៉ុន្មាន? ជំនួយជប៉ុនដែលជាគម្រោងខ្នាតធំ និងសំខាន់ៗនោះមានគម្រោងអ្វីខ្លះ?
ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ៖ ប្រទេសជប៉ុនបានជួយគាំទ្រដល់ការកសាងប្រទេសរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជំនួយទាំងនោះ គឺមានចាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដូចជា កំពង់ផែ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធទឹកកខ្វក់ និងថាមពលអគ្គិសនីជាដើម រហូតដល់ជំនួយគាំទ្រផ្នែកទន់ រួមមានជំនួយក្នុងការរៀបចំប្រព័ន្ធច្បាប់ ការពង្រឹងអភិបាលកិច្ចតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឧស្សាហកម្មជាដើម ។ ទំហំទឹកប្រាក់សរុបនៃជំនួយ ODA សម្រាប់កម្ចីប្រាក់យ៉េន គឺមានប្រមាណ ២០៧ ពាន់លានយ៉េន (ស្មើនឹងប្រមាណ ១,៩២ ពាន់លានដុល្លារអាមេរិក) សម្រាប់ជំនួយឥតសំណងគឺមានប្រមាណ២២៦ ពាន់លានយ៉េន (ប្រហែល ២,០៩ ពាន់លានដុល្លារ) ហើយសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសវិញ គឺមានប្រមាណ៩៥ ពាន់លានយ៉េន (ប្រហែល ៨៨០លានដុល្លារអាមេរិក)។
សម្រប់គម្រោងខ្នាតធំជាជំនួយជប៉ុនមានដូចជា «ស្ពានគីហ្សូណា» និង «ស្ពានត្សឹបាសា» ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិដែលត្រូវបានគូរលើក្រដាសប្រាក់៥០០រៀល ដែលលោកអ្នកតែងតែឃើញជាប្រចាំ។ សម្រប់គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដោយផ្ទាល់ មានដូចជាគម្រោងរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
ចាប់តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលភ្លាមៗ យើងបានចាប់ផ្តើមអនុវត្តគម្រោងនេះមិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏នៅតាមទីក្រុងសំខាន់ៗក្នុងខេត្តនានាផងដែរក្នុងទំហំថវិកាសរុបនៃជំនួយមានប្រមាណជាង ៤៨ពាន់លានយ៉េន (ប្រមាន៤៤០លានដុល្លារអាមេរិក) ។
ជំនួយទាំងនេះត្រូវបានអនុវត្តរួមជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអោយប្រជាជនកម្ពុជាផ្ទាល់អាចគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបានដោយខ្លួនឯង ។ ជាពិសេសទីក្រុងភ្នំពេញយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដូចជា ការសម្រេចបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោង ដែលត្រូវបានគេហៅថា «ភ្នំពេញអច្ឆរិយៈ»។
លើសពីនេះទៅទៀត ចាប់តាំងពីឆ្នាំ១៩៩៩ ប្រទេសជប៉ុនបាន និងកំពុងផ្តល់ជំនួយជាច្រើនផ្នែក ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាមូលដ្ឋានដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា តាមរយៈការសាងសង់ស្ថានីយផែ ការបញ្ជូនអ្នកជំនាញការ និងការអភិវឌ្ឍន៍ប្រព័ន្ធកំពង់ផែជាដើម ។ ហើយនៅពេលដែលខ្ញុំ (រដ្ឋមន្ត្រី) បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ខ្ញុំនឹងប្រកាសអំពីគម្រោងជំនួយថ្មីមួយទៀត ។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា កិច្ចសហប្រតិបត្តិការបែបនេះបានបង្កើតមិត្តភាព រវាងបុគ្គលិកជប៉ុននិងកម្ពុជា ដែលធ្វើការរួមគ្នានៅទីតាំងផ្ទាល់ ហើយវាបណ្តាលឱ្យមានការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃការជឿទុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សំណួរទី៤ ៖ ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី តើមានការកើនឡើងទេ? តើឯកឧត្តមយល់យ៉ាងណា ចំពោះការវិនិយោគរបស់ជប៉ុននៅកម្ពុជា? តើកម្ពុជាគួរធ្វើដូចម្តេចដើម្បីទាក់ទាញការវិនិយោគពីប្រទេសជប៉ុន?
ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងប្រមាណ ៦ដងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ពីចំនួនសរុបប្រមាណ ៣៧០លានដុល្លារក្នុងឆ្នាំ២០១០ ដល់ប្រមាណ ២,៣៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ។ ដោយសារឥទ្ធិពលនៃជម្ងឺកូវីដ១៩ បានបណ្តាលឲ្យមានការថយចុះម្តងក្នុងឆ្នាំ២០២០ ប៉ុន្តែវាក៏បានបង្ហាញពីនិន្នាការងើបឡើងវិញនៅឆ្នាំ២០២១។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនភាគច្រើនជាផលិតផលកាត់ដេរ ប៉ុន្តែថ្មីៗនេះ ផលិតផលឧស្សាហកម្មដូចជា ផលិតផលអគ្គិសនី និងគ្រឿងបន្លាស់ដែលទាក់ទងនឹងរថយន្តក៏កំពុងត្រូវបាននាំចេញផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន គឺមាននៅលើវិស័យជាច្រើន ចាប់ពីវិស័យសេវាកម្មដូចជា ផ្សារទំនើប និងភោជនីយដ្ឋាន រហូតដល់អចលនទ្រព្យ ហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្មជាដើម។
ធនធានមនុស្សដែលមានជំនាញឯកទេស គឺមិនអាចខ្វះបានសម្រាប់ការទាក់ទាញការវិនិយោគមកកម្ពុជបន្ថែមក៏ដូចជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងទៅទស្សនកិច្ចវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ។ នៅទីនោះបាន និងកំពុងអនុវត្តកម្មវិធីសិក្សាសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអគ្គិសនី ដែលកំពុងមានតម្រូវការខ្លាំងពីពិភពឧស្សាហកម្ម ។
កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងដោយJICA តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយអ្នកជំនាញ JICA កំពុងឈរជើង ដើម្បីគ្រប់គ្រង និងកែលម្អកម្មវិធីនេះ ដោយសហការជាមួយដៃគូភាគីកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ប្រទេសជប៉ុនទាំងវិស័យសាធារណៈ និងឯកជន នឹងបន្តធ្វើការដើម្បីពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។
ថែមនេះទៀត ដើម្បីគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចដែលបានអភិវឌ្ឍកន្លងមក និងកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ប្រទេសជប៉ុននិងកម្ពុជារៀបចំ «កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន» ពីរដងក្នុងមួយឆ្នាំ។ យើងនឹងបន្តសហការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានានាដែលក្រុមហ៊ុនជប៉ុនជួបប្រទះនៅក្នុងប្រទេសកម្ពុជា។
សំណួរទី៥ ៖ តើឯកឧត្តមមានសារអ្វីសម្រាប់ប្រជាជនកម្ពុជា?
ឯកឧត្តម យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ៖ ប្រជាជនកម្ពុជាជាទីមេត្រី! នៅឆ្នាំក្រោយ ជប៉ុន និងកម្ពុជា នឹងប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត ។ អ្វីដែលប្រទេសជប៉ុនយកចិត្តទុកដាក់សំខាន់នោះគឺ ការកសាងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដ៏រឹងមាំ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជម្រុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពរវាងប្រជាពលរដ្ឋទាំងពីរ។
នៅឆ្នាំក្រោយ យើងខ្ញុំននឹងរៀបចំឱកាស និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនកម្ពុជា ដើម្បីឱ្យលោក លោកស្រី ក្មួយៗដឹងពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
ថ្ងៃនេះខ្ញុំនឹងធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន ។ ខ្ញុំមានបំណងបង្កើនមិត្តភាពជាមួយអ្នកដែលនឹងជួបក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និង ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំង វប្បធម៌កម្ពុជា ហើយប្រើប្រាស់ឱកាសនេះ ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែរីកចម្រើនថែមទៀត ។ ខ្ញុំកំពុងទន្ទឹងរង់ចាំចេញពីបេះដូង ទស្សនាទេសភាពទីក្រុងដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ និងស្នាមញញឹមរបស់ប្រជាជនកម្ពុជារាល់គ្នា៕
ចែករំលែកព័តមាននេះ