ស្រាវជ្រាវ » គួរ​យល់​ដឹង

ម្ទេស​ហិរ អាចសម្លាប់​កោសិកាមហារីកយ៉ាង​មានប្រសិទ្ធ​ភាព?

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧ ម៉ោង ១៥:៤០   (05-01-2017 15:40)

អា​ល្លឺ​ម៉​ង់ ​៖ តាម​ប្រភព​ពី Metro បាន​ឱ្យ​​ដឹង​ថា សារធាតុ​ហិ​រ​​នៅ​ក្នុង​​ម្ទេស គឺជា​កូនសោ​សំខាន់​ក្នុង​ការ​កំចាត់​កោសិកា​មហារីក​បាន ជា​ពិសេស​គឺ​មហារីក​សុដន់ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Ruhr ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​រក​ឃើញ​ថា សារធាតុ​ហិ​រ​​នៅ​ក្នុង​ម្ទេស ដែល​គេ​ហៅ​ថា Capsaicin អាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​ងាប់​ដោយ​ខ្លួន​វា ​។ វា​អាច​ទៅ​សម្លាប់​កោសិកា​មហារីក​ដោះ មហារីក​ពោះវៀនធំ មហារីក​ឆ្អឹង និងមហារីក​លំពែង​។

តែសូម​លោក​អ្នក​កុំ​ទាន់គិត​ថា​ ការ​ទទួលទាន​ម្ទេស​អាច​ព្យាបាល​មហារីក​ ។ អ្នក​វិទ្យាសាស្ត្រ​ប្រាប់​ថា វា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំចាត់​កោសិកា​មហារីក​ទេ ពេល​យើង​ទទួលទាន​ម្ទេស ឬ​ក៏​ហិត​ម្ទេស ឬ​ក៏​សូ​ម្បី​តែ​យក​សារធាតុ​ហិ​រ​ពី​ម្ទេស​មក​ចាក់​ចូល​សរសៃ​ឈាម​​ក៏​ដោយ​។ ពួក​គេ​ថា សារធាតុ​ហិ​រ​ក្នុង​ម្ទេស​នេះ អាច​មាន​ប្រសិទ្ធភាព​នៅ​ពេល​យើងលេប​ជា​លក្ខណៈ​ថ្នាំ​ មាន​ស្រោម​ព័ទ្ធ​ជុំវិញ ហើយ​លេប​ជាមួយ​ថ្នាំ​មហារីក​ធម្មតា​។ វា​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ សម្រាប់​ការ​ព្យាបាល​ ។

វេជ្ជបណ្ឌិត Lea Weber សរសេរ​នៅ​ក្នុង​អត្ថបទ​ស្តី​ពីគោលដៅ​ និង​ការ​ព្យាបាលជំងឺ​មហារីក​សុដន់ថា​ «​សារធាតុ​ហិ​រ Capsaicin អាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​សម្លាប់​ខ្លួន​វា ហើយ​កា​ពារ​មិន​ឲ្យ​មានការ​លូតលាស់​របស់​កោសិកា​មហារីក​នៅ​ក្នុង​ឆ្អឹង ពោះវៀនធំ និង លំពែង ​។ ជា​ពិសេស​នោះ វា​សម្លាប់​តែ​កោសិកា​មហារីក​តែ​ប៉ុណ្ណោះ​ ចំពោះ​កោសិកា​ធម្មតា វា​មិន​សម្លាប់​ទេ​» ។ ការ​រក​ឃើញ​ថ្មី​នេះ មាន​ប្រយោជន៍​ដល់​ការ​ព្យាបាលជំងឺ​មហារីក​ទៅ​ថ្ងៃ​អនាគត​ ។