រាជធានីភ្នំពេញ ៖ គណៈកម្មការជំនាញទាំង១០ព្រឹទ្ធសភាបានធ្វើញ្ញត្តិគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចំនួន៨មាត្រាលើកទី១០ ។
យោងតាមខ្លឹមសារញ្ញត្តិដែលចេញផ្សាយគាំទ្រផ្សេងគ្នានៅថ្ងៃទី១ សីហា បានលើកឡើងថា៖«ខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា សូមប្រកាសគាំទ្រទាំងស្រុងចំពោះដំណើរការនីតិវិធី និងការអនុម័តច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រាទាំង៨ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសម័យប្រជុំលើក ទី៧ នីតិកាលទី៦ នៃរដ្ឋសភាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសំឡេងងគាំទ្រច្រើនលើសលុប លើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល» ។
ខ្លឹមសារបានលើកឡើងថា ការធ្វើវិសោធនកម្មលើកទី១០នេះធ្វើឡើងក្នុងគោលបំណងដ៏សំខាន់ គឺដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនតាមរយៈ ៖ ១. ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់រដ្ឋ បានដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង២. ការធានាការពារ និងថែរក្សា បាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ-សង្គម សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រទេសជាតិ។
ប្រភពបន្ថែមថា ការធ្វើវិសោធនកម្មនេះធ្វើឡើងស្របតាមនីតិវិធី និងគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោល គឺមិនប៉ះពាល់ដល់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ហើយធ្វើឡើងក្នុងពេលដែលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន ។
ញ្ញត្តិបានគូសបញ្ជាក់ថា៖«ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានជំនឿថា វិសោធនកម្មនេះពិតជាបានរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យស្របតាមគោលការណ៍របបសភានិយម និងចូលរួមថែរក្សាសុខសន្តិភាព និងលើកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព» ។
ចំណែកញ្ញត្តិរបស់គណៈកម្មាធិការអង្កេតបោសម្អាតនឹងប្រឆាំងអំពើពុករលួយព្រឹទ្ធសភាបានលើកឡើងថា«ខ្ញុំសូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុតចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) មាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលត្រូវបានរដ្ឋសភាអនុម័ត យល់ព្រម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំលើកទី៧ នីតិកាលទី៦» ។
ប្រភពថា«យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ ។
ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ រៀបចំឡើងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេស ការបំពេញចន្លោះខ្វះខាតន រដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ»។
ញ្ញត្តិដដែលបន្ថែមថា៖«យើងខ្ញុំ សូមប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយណាដែលមាន បំណងធ្វើការរារាំងឬបន្ទច់បង្អាក់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានេះ » ៕
ចែករំលែកព័តមាននេះ