ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​បោះ​កាក់​1​ផោន​ថ្មី​ចាប់ផ្តើម​ចាយ​នៅ​ខែមីនា​ខាង​មុខ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ រតនាគារ​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា នឹង​ចាប់ផ្តើម​ប្រើប្រាស់​កាក់​១​ផោន​ថ្មី នៅ​ថ្ងៃ​ទី​២៨ មីនា ខាង​មុខ ។ ពួក​គេ​ក៏​បាន​កំណត់​យក​ពាក់កណ្តាល​ខែតុលា

ចក្រភព​អង់គ្លេស ៖ រតនាគារ​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា នឹង​ចាប់ផ្តើម​ប្រើប្រាស់​កាក់​១​ផោន​ថ្មី នៅ​ថ្ងៃ​ទី​២៨ មីនា ខាង​មុខ ។ ពួក​គេ​ក៏​បាន​កំណត់​យក​ពាក់កណ្តាល​ខែតុលា ជា​ពេល​បញ្ឈប់​ការ​ប្រើប្រាស់​កាក់​ចាស់​ផង​ដែរ ។

ការ​ប្រកាស​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គឺជា​លើក​ទី​មួយ​ដែល​រតនាគារ​របស់​ប្រទេស​នេះ​បាន​ចេញ​ពេល​កំណត់​ជាក់លាក់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ប្រាក់ ។

លោក David Gauke អគ្គលេខាធិការ​រតនាគារ​ខាងលើ ថ្លែង​ថា ៖ « នេះ​គឺជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ចង​ចាំ ព្រោះ​វា​ជា​លើក​ទី​មួយ​ហើយ ដែល​ពួក​យើង​បាន​សម្រេច​ប្រើ​ប្រាក់​កាក់​១​ផោន​ថ្មី តាំងពី​ឆ្នាំ​១៩៨៣ មក​ម្ល៉េះ » ។

គួរ​បញ្ជាក់​ថា ប្រទេស​អង់គ្លេស​កំពុង​ផ្លាស់​ប្តូរ​ប្រាក់​កាក់​ថ្មី ដោយ​មាន​ចំណុច​សន្តិសុខ​ខ្ពស់​នេះ ព្រោះតែ​កាក់​ចាស់​ជា​គោលដៅ​របស់​អ្នក​ក្លែង​ប្រាក់ ។

Royal Mint ព្យាករ​ថា ៣%​នៃ​កាក់​១​ផោន​គឺជា​កាក់​ក្លែងក្លាយ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​ចិត្តនឹង​កាក់​ថ្មី​នេះ​ទេ ។

អាជីវកម្ម​មួយ​ចំនួន​ថែម​ទាំង​បាន​បង្ហាញ​ពី​ភាព​ព្រួយបារម្ភ​ពី​ការ​ផ្លាស់​ប្តូរ​នេះ ព្រោះតែ​កាក់​ថ្មី​មាន​ទម្រង់ និង​ទម្ងន់​ខុស​ពី​កាក់​ចាស់ ដែល​ធ្វើ​ឲ្យ​ពិបាក​ប្រើ​វា​សម្រាប់​ម៉ាស៊ីន​ទទួល​កាក់​ផ្សេង​ៗ ។

សមាគម​ការ​លក់​ដោយ​ស្វ័យប្រវត្តិ​ព្យាករ​ថា វា​ប្រហែលជា​ត្រូវ​ចំណាយ​ប្រមាណ​៣៩​លាន​ដុល្លារ ដើម្បី​ឲ្យ​ម៉ាស៊ីន​លក់​របស់​ដោយ​ស្វ័យប្រវត្តិ​ប្រមាណ​៥០​ម៉ឺន​គ្រឿងក្នុង​ចក្រភព​អង់គ្លេស អាច​ទទួលយក​កាក់​ថ្មី​នេះ​បាន ។

រតនាគារ​ខាងលើ ក៏​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ និង​លើកតម្កើង​ដើម្បី​ធានា​ថា ប្រជាជន​អាច​ប្រើប្រាស់​ប្រាក់​កាក់​របស់​ខ្លួន ឬ​យក​វា​ទៅ​ប្តូរ​នៅ​ធនាគារ មុន​ថ្ងៃ​ទី​១៥ តុលា​។ កាក់​ចាស់​ទាំងនោះ​នឹង​លែង​មាន​តម្លៃ​នៅ​ថ្ងៃ​នោះ ។

រតនាគារ​កត់សម្គាល់​ទៀត​ថា កាក់​ដែល​បាន​យក​មក​ប្តូរ​មួយ​ចំនួន នឹង​ត្រូវ​យក​មក​ផលិត​កាក់​ថ្មី ដោយ Royal Mint ក្នុង Llantrisant ផង​ដែរ ៕