ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បានជា​បន្តបន្ទាប់​នៅ​កងមាស

1 ឆ្នាំ មុន
  • កំពង់ចាម

ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ចូល​ព្រែក​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​រួម​មាន កងមាស ស្រី​សន្ធរ កំពង់សៀម និង​ស្រុក​ស្ទឹង​ត្រង់ គេ​បានឃើញ

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ចូល​ព្រែក​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​រួម​មាន កងមាស ស្រី​សន្ធរ កំពង់សៀម និង​ស្រុក​ស្ទឹង​ត្រង់ គេ​បានឃើញ​បទល្មើស​ដាក់​ស្បៃ​មុង និង​របាំង​ឬ​ស្សី​បិទ​ជិត​មាត់​ព្រែក ដើម្បី​ចាប់​យក​ត្រី​តូច​-​ធំ ដោយ​មិន​ខ្វល់​ពី​ការ​វិនាស តែ​សកម្មភាព​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បានជា​បន្តបន្ទាប់​។

លោក ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ណែនាំ និង​ក្រើនរំលឹក​ឲ្យ​អាជ្ញាធរ​ត្រូវ​រួម​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះថា​ទឹកទន្លេ​ឡើង​ចូល​តាម​បឹងបួ ធ្វើ​អោយ​ត្រី​ទៅ​បង្ក​កំណើត ជា​ពិសេស​នៅ​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​កត្តា​សំខាន់​ត្រូវ​យកចិត្តទុកដាក់​អភិរក្ស​។

អភិបាលស្រុក​កងមាស បាន​បន្ត​ថា កន្លង​ទៅ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រាយ​ប៉ាយ និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា កម្លាំង​នគរបាល​សហការ​ជាមួយ​ជំនាញ​ជលផល ចុះ​បង្ក្រាប​នៅ​ឃុំ​ព្រែក​កុយ ក្នុងស្រុក​ក៏​មាស​។ ហើយ​ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ទឹកទន្លេ​ហូរ​ចូល​តាម​ព្រែក​ចាក់​បំពេញ​ទៅ​ក្នុង​អតីត​ឡូ​ដ៍​នេសាទ​បេ​៦ ដែល​មាន​ព្រំប្រទល់​ចំនួន​៦​ឃុំ ក្នុង​នោះ​រួម​មាន ខ្ចៅ រកា​អារ កង​តា​ណឹ​ង ស្ដៅ រាយ​ប៉ាយ និង​ព្រែក​កុយ​ជាដើម​។

អាជ្ញាធរ​បាន​សហការ​ជាមួយ​ជំនាញ​ជលផល​ធ្លាប់​ចុះ​បង្រៀន និង​ពន្យល់​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ ហើយ​ជាមួយ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​បំពាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ចាប់​យក​ត្រី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កន្លង​ទៅ ក៏​ធ្លាប់​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តែ​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ប្រើប្រាស់​វិធានការ​អប់រំ ប្រសិនបើ​នៅ​បំពាន​ច្បាប់ នឹង​ត្រូវ​ចាប់​បញ្ជូន​ចាត់ការ​តាម​ច្បាប់​។

ចំណែក​លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កងមាស អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កុយ ចុះ​ប្រតិបត្តិការ​តាម​ការ​អនុញ្ញាត​ពី​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រង នៃ​អយ្យា​កា​អម​សាលាដំបូង​ខេត្តកំពង់ចាម បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​១​ករណី ដោយ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់ ស្តី​ពី​ជលផល និង​រុះរើ​បំផ្លាញ​ចោល​វត្ថុ​តាង នៃ​បទល្មើស​ជលផល​រួម​មាន ៖ ១- ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១២​មាត់​, ២- របាំង​ស្បៃ​មុង​ប្រវែង ២៤០​ម៉ែត្រ​, ៣- បង្គោល​ចម្រឹង​ចំនួន ២៤៤​ដើម និង​៤- ចាក់​លែង​កូន​ត្រី​ចម្រុះ​ចម្រុះ​ជា​ច្រើន​គីឡូក្រាម នៅ​ចំណុច​បឹង​ជា​ឬ​ស្សី ឃុំ​ព្រែក​កុយ ស្រុក​ក​មាស ។

ជាមួយ​គ្នា​នោះ ជំនាញ​ជលផល ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ សូម​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ ទើប​សំបូរ​មច្ឆា​ជាតិ​សម្រាប់​ទ្រទ្រង់​ដល់​មនុស្សលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ