មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងចាស់វស្សានាង ពេជ្រ សោភា បានបង្ហើបតម្រុយមួយដែលទំនងជានាងចង់មានការផ្សះផ្សាឡើងវិញ ពីទំនាក់ទំនងស្នេហ៍ជាមួយតារាសម្តែងលោក ឆឹម សក្កដា ។
តម្រុយនោះត្រូវបានតារាសម្រៀងរូបនេះ បង្ហាញតាមរយៈសារមួយដោយអមជាមួយនឹងរូបភាពចម្រៀងមួយបទដែលនាងធ្លាប់សម្តែងជាមួយលោក ឆឹម សក្កដា កាលពីពេលកន្លងទៅ ។
ពេជ្រ សោភា បានបង្ហោះសារបែបនេះថា នៅសុខៗក៏នឹកដល់រឿងកន្លងខ្ញុំពូកែរករឿង ពូកែគិតគេមានអ្នកនេះ មានអ្នកនោះ ទាំងដែលគេមិនធ្លាប់គិតថា មិនអាចស្រលាញ់អ្នកណាក្រៅពីខ្ញុំ ចុងក្រោយសង្សារចាស់ ។
តាមរយៈសារខាងលើនេះ អាចយល់ថា ពេជ្រ សោភា អាចនឹងកំពុងកសាងទំនាក់ទំនងស្នេហាឡើងវិញជាមួយលោក ឆឹម សក្កដា បន្ទាប់ពីស្នេហារបស់ពួកគេបានកាត់ផ្តាច់ក្នុងរយៈពេលចុងក្រោយនេះ ។ អ្វីជាការកត់សម្គាល់នោះ បន្ទាប់ពី ពេជ្រ សោភា បានបង្ហោះសារខាងលើនេះគេឃើញមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបាននាំគ្នាចូលទៅខំមិនពីក្រោម ដោយម្នាក់ៗស្នើអោយតារាចម្រៀងរូបនេះផ្សះផ្សាជាមួយនឹងលោក ឆឹម សក្កដា ឡើងវិញ ។
យ៉ាងណាការស្នើសុំនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ ។ ជាការកត់សម្គាល់ បន្ទាប់ពីចំណងស្នេហ៍បានឈានដល់ផ្លូវបំបែកនោះទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា តែងតែបង្ហោះសារប្លែកដោយបង្កប់អត្ថន័យជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ។
អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅទៀត ក្នុងពេលដែលលោក ឆឹម សក្កដា បានបង្ហោះពីការទទួលមរណៈពីសាច់ញាតិរបស់លោកនោះគេក៏ឃើញ ពេជ្រ សោភា ចូលទៅធ្វើការខំមិនចូលរួមរំលែកទុកផងដែរ ។ ហើយកាលពីពេលថ្មីៗនេះលោក ឆឹម សក្កដា ក៏បានបង្ហោះសារសម្តែងការនឹកដល់តារាចម្រៀងរូបនេះផងដែរ ក្នុងពេលដែលលោកបានថតម៉ូតសម្អាងការជាមួយនឹងតារាស្រីនានា ។
យ៉ាងណា ទស្សនិកជន ជាពិសេសអ្នកគាំទ្ររំពឹងថា ស្នេហារវាង ពេជ្រ សោភា និងលោក ឆឹម សក្កដា នឹងអាចវិលមកល្អជាថ្មីឡើងវិញ ហើយអាចកាន់ដៃគ្នាចូលរោងការដូចទៅនឹងគូស្នេហ៍សិល្បៈមួយចំនួនទៀត ខណៈពេល ពេជ្រ សោភា ក៏ចូលកាន់តែជ្រេទៅហើយនោះ ។
គួរម្លឹកផងដែរថា តារាសម្ដែងលោក ឆឹម សក្ដដា និងតារាចម្រៀងស្រី ពេជ្រ សោភា ត្រូវបានមហាជនស្គាល់ថា ជាគូស្នេហ៍ផ្អែមល្ហែម តែងតែលេចវត្តមានជាគូនៅក្នុងកម្មវិធី និងដំណើរកម្សាន្ដនានា ។ កន្លងមកលោក ឆឹម សក្ដដា ធ្លាប់បញ្ជាក់ថា រូបលោក និងសោភាបានយល់ចិត្តថ្លើមគ្នាស្ទើរ៩៩% ហើយ ហើយចំពោះថ្ងៃ និងខែចូលរោងការជាក់លាក់នឹងត្រូវជ្រើសរើសជាថ្មីនៅក្នុងឆ្នាំ២០២២ ប៉ុន្តែនៅដើមឆ្នាំនេះក៏ប្រែជាក្រឡាប់ចាក់ ដោយស្នេហារបស់ពួកគេបានជួបរឿងប្រះឆាក្នុងពេល ពេជ្រ សោភា ក៏បានព្យយាមបង្ហាញមមុខគូស្នេហ៍ថ្មីទៅវិញ ៕
ចែករំលែកព័តមាននេះ