ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទព្រះពិធូរ​កំពុង​ជួសជុល​ក្រោម​កិច្ចសហការ​ជាមួយ​ប្រទេស​កូរ៉េ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់​ដៃគូ​ជាមួយ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KOCHEF) និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ក្រុម​ប្រាសាទព្រះពិធូរ ដែល​ស្ថិត​នៅ​ទល់មុខ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់​ដៃគូ​ជាមួយ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KOCHEF) និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ក្រុម​ប្រាសាទព្រះពិធូរ ដែល​ស្ថិត​នៅ​ទល់មុខ​ព្រះ​លានជល់ដំរី ។ គម្រោង​នេះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៥ ហើយ​គ្រោង​នឹង​បញ្ចប់​ជំហាន​ដំបូង​នៅ​ឆ្នាំ​២០១៨ ។

លោក​ផាក ដុ​ង​ហ៊ី (Park Dong hee) មន្ត្រី​សម្របសម្រួល​នៃ​គម្រោង​នេះ​បញ្ជាក់​ថា គម្រោង​អភិរក្ស​ជួសជុល​ប្រាសាទព្រះពិធូរ​មានការ​ងារ​៣​ធំ​ដែល​ត្រូវធ្វើ គឺ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស ការងារ​ស្រាវជ្រាវ​ចងក្រង​ឯកសារ និង​ការងារ​អភិរក្ស​ជួសជុល​ស្តារ​ឡើង​វិញ ។ សព្វថ្ងៃ​គម្រោង​កំពុង​ដំណើរការ​លើ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ស្រាវជ្រាវ​ចងក្រង​ឯកសារ ចំណែក​ការ​ជួសជុល​ស្តារ​ឡើង​វិញ​នឹង​ចាប់ផ្តើម​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​ហើយ ។

មន្ត្រី​សម្របសម្រួល​គម្រោង​រូប​នេះ​បន្ថែម​ថា យោង​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ICC-Angkor បាន​តម្រូវ​ឲ្យ​ក្រុមការងារ​របស់​លោក​អភិរក្ស​ជួសជុល​ទៅ​លើ​៣​ចំណុច​នៃ​ក្រុម​ប្រាសាទព្រះពិធូរ គឺ​ការ​ជួសជុល​លើ​ផ្នែក តូច​ៗ​ជុំវិញ​ប្រាសាទ ការ​សិក្សា​ទូទៅ​អំពី​ទិដ្ឋភាព​ជុំវិញ​ប្រាសាទ និង​ការ​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ក​សិន្ធុ​ជុំវិញ​ប្រាសាទ ។ «រហូត​មក​ទល់​នឹង​ពេល​នេះ យើង​បាន​សិក្សា​ចង​ក្រ​ជា​ឯកសារ​បាន​ច្រើន​ហើយ​។ នៅ​អំឡុង​ខែមីនា និង​មេ​សា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ក្រុមការងារ​នឹង​ធ្វើ​សិក្ខាសាលា​មួយ​ដើម្បី​បង្ហាញ​អំពី​ផែនការ​ពិស្តារ​នៃ​គម្រោង ហើយ​ស្តាប់​យោបល់​របស់​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកជំនាញ ផ្សេង​ៗ​ដែល​កំពុង​អនុវត្ត​ការងារ​ជួសជុល​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​ដែរ ។ ជា​ជំហាន​ដំបូង​យើង​នឹង​អភិរក្ស​ជួសជុល​ទៅ​លើរាន​ហាល​នៃ​ប្រាសាទ​កោរ​ជុក​តែ​មួយ​ប៉ុណ្ណោះ​» ។

លោក​ដុ​ង ហ៊ី បន្ថែម​ថា ដើម្បី​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ និង​សាធារណជន​ទូទៅ គម្រោង​នេះ​បាន​សាងសង់​អគារ​ពិព័រណ៍​មួយ​នៅ​ខាង​មុខ​ប្រាសាទ​កោរសក់ (​ប្រាសាទ​មួយ​ក្នុង​ចំណោម​ក្រុម​ប្រាសាទព្រះពិធូរ​ទាំង​៥) ។ អគារ​ពិព័រណ៍​នេះ​នឹង​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​គម្រោង​ផែនការ សកម្មភាព​ទូទៅ រួម​នឹង​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ជាដើម ហើយ​គ្រោង​បើក​ជូន​ទស្សនា​ជា​ផ្លូវការ​នៅ​ចុង​ខែមករា ឆ្នាំ​២០១៧​ខាង​មុខ ។

លោក​ស្រ៊ុ​ន តិច មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បញ្ជាក់​ថា ប្រវត្តិ​ទូទៅ​នៃ​ប្រាសាទព្រះពិធូរ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ដោយសារ​មិន​ទាន់​មាន​ឯកសារ​ផ្លូវការ​ណាមួយ​ចងក្រង​ច្បាស់លាស់​នៅឡើយ​។ ការ​ស្រាវជ្រាវ​របស់​ប្រទេស​បារាំង​បាន​ដាក់​ឈ្មោះ​ប្រាសាទ​ទាំង​៥​នេះ ជា​តំណាង​ដោយ​អក្សរ T U X Z Y ។ គេ​មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី​ទើប​បារាំង​ដាក់​ឈ្មោះ​ប្រាសាទ​ទាំង​៥​នេះ​ដូច្នេះ​ឡើយ តែ​តាម​ពិត​ប្រាសាទ​នេះ​មានឈ្មោះ​របស់​ខ្លួន​តាម​ដែល​អ្នកស្រុក​ធ្លាប់​ហៅ​មក​ហើយ គឺ​ប្រាសាទ​កោរសក់ ប្រាសាទ​ជម ប្រាសាទ​តា​ទួត ប្រាសាទ​ដូន​មារ និង​ប្រាសាទ​កណ្តក់​យក្ស ។ តាម​ការ​សន្និដ្ឋាន​របស់​លោក ប្រាសាទ​ទាំង​៥​នេះ​អាច​នឹង​សាងសង់​ឡើង​ក្នុង​សម័យកាល​ផ្សេង​គ្នា​ទៀត​ផង​។ អ្នក​បុរាណវិទ្យា​រូប​នេះ​ជឿជាក់​ថា ក្រោយ​ការ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ដើម្បី​អភិរក្ស​ជួសជុល​ឡើង​វិញ​របស់​ក្រុម​អ្នកជំនាញ​កូរ៉េ និង​កម្ពុជា​ហើយ គេ​នឹង​ទទួល​បាន​ទិន្នន័យ និង​កម្រង​ប្រវត្តិសាស្ត្រ​ជាក់ច្បាស់​ជា​មិន​ខាន ៕