រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសម្នាក់ដែលនិយមថតរូបបែបសិចស៊ី លោកហង្ស អច្ឆរិយា កាន់តែលេចមុខក្នុងវិស័យសិល្បៈក្នុងស្រុក ជាមួយនឹងសមិទ្ធផលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនជាបន្តបន្ទាប់ ។
តារាប្រុសរូបនេះ ក៏បានចុះកិច្ចសន្យាជាមួយផលិតកម្មធំមួយនៅប្រទេសថៃមួយ ដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបែបស្រើបស្រាល ដែលទទួលបានតម្លៃខ្លួនប្រមាណជិត៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ចាំបានថា កាលពីខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ តារាសម្ដែងដែលក្ដាប់បានតំណែងជាតួឯង ក្នុងរឿងខ្នាតធំរបស់ថៃ ហង្ស អច្ឆ
រិយា បានប្រាប់មកកាន់ក្រុមការងារយើងថា សម្រាប់ក្នុងខែតុលានោះ លោកមានឱកាសចូលថតខ្សែភាពយន្តខ្មែរទាំងរឿងដុំ និងភាគ រហូតដល់៦រឿងឯនោះ ដែលតួលេខនេះ គឺជាភាពជោគជ័យមួយ សម្រាប់អាជីពជាតារាសម្ដែងរបស់លោក ។ ងាកមកមើលកាលពីពេលថ្មីៗនេះវិញ លោក ហង្ស អច្ឆរិយា ត្រូវបានហាងសម្លៀកបំពាក់ល្បីៗទាំងក្នុង និងក្រៅប្រទេសអញ្ជើញលោក ដើរម៉ូត រួមជាមួយតារាម៉ូដែលល្បីៗជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។
តារាសម្តែងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា មានសិល្បករខ្មែរដែលមានរូបសម្បត្តិស្រស់សង្ហាមួយចំនួនបានដាក់ពាក្យសាកល្បងសមត្ថភាព ប៉ុន្តែមិនទទួលបានជោគជ័យ ប៉ុន្តែលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីផលិតករថៃ ព្រោះតែរូបរាង ភាពក្លាហានក្នុងការបង្ហាញភាពសិចស៊ី សមត្ថភាពសម្តែង និងអាចនិយាយទាំងភាសាថៃ និងភាសាអង់គ្លេសបាន។
លោកបន្តថា ខ្សែភាពយន្តដែលលោកនឹងចាប់ផ្តើមចេញថតនៅដើមឆ្នាំ២០១៧នេះគឺរឿង”សុខាវឌី” ដែលជាប្រភេទរឿងបែបសង្គមបច្ចុប្បន្នសម្បូរដោយឈុតឆាកស្រើបស្រាលលើគ្រែ និងក្នុងបន្ទប់ទឹកហើយលោកទទួលបានតំណែងជាតួឯកម្នាក់ក្នុងចំណោមតួឯក៣នាក់។ តារាបង្ហាញម៉ូដប្រចាំក្រុមបង្ហាញម៉ូដ Sun Super Models រូបនេះបញ្ជាក់ដែរថា ខ្សែភាពយន្តនេះលោកត្រូវសម្តែងជាតួអង្គបុរសដែលមកពីកម្ពុជាទៅធ្វើការនៅទីក្រុងបាងកកដែលពូកែបោកសម្បូរដោយល្បិចកិចកលហើយមានឈុតឆាកស្នេហាបែបរោលរាលជាច្រើនជាមួយតារាសម្តែងថៃ។ ដោយសារតែឈុតឆាកបែបស្នេហាច្រើននិងតម្រូវឲ្យលោកស្រាតននលគោកនៅពីមុខផលិតករ និងតួអង្គផ្សេងៗនោះលោកទទួលបានតម្លៃខ្លួនប្រមាណ២៨០០០ដុល្លារអាមេរិកដែលការថតមានរយៈពេលប្រមាណតែ៣ខែប៉ុណ្ណោះ។
លោកធ្លាប់បានសម្តែងក្នុងបទចម្រៀងរបស់ផលិតកម្មហង្សមាសប្រមាណ៥បទ ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ថតខ្សែភាពយន្តឯកសារស្តីពីជីវិតរបស់ផលិតករមកពីHollywood រឿង «In The Life of Music» និងខ្សែភាពយន្តមួយចំនួនដូចជារឿង «ក្រមុំ៣១កម្លោះ៥២» រឿង«កំណត់ហេតុនាងនាថ» រឿង «ផ្លូវ» រឿង«១៥វិនាទី» រឿង«ភ្លើងស្តាំ» រឿង«សម្រាម» រឿងភាគ«ម្ទេសហិលប៉ះអំបិលប្រៃ» និងខ្សែភាពយន្តបែបអប់រំមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ