រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រឿងហេតុមួយរវាងប្តី-ប្រពន្ធវ័យក្មេង ដែលសង្ស័យផ្តើមចេញពីការប្រចណ្ឌ ត្រូវប្តីដាក់ថ្នាំកណ្តុរមកបំពុលប្រពន្ធ តែនឹកឃើញស្តាយក្រោយ ក៏បញ្ជូននាងទៅសង្គ្រោះវិញ ។
ការភ្ញាក់ផ្អើល គឺស្ថិតក្នុងមន្ទីរពហុព្យាបាល «ឡាំ ប៊ុនថន» នៅខាងលិចផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណៈប្រពន្ធត្រូវបានប្តីបញ្ជូនមកសង្គ្រោះ ប៉ុន្តែខាងមន្ទីរពេទ្យមិនហ៊ានទទួលព្យាបាលទេ ព្រោះមានសភាពធ្ងន់ធ្ងរពេក ដោយខាងពេទ្យប្រាប់ថា ឱ្យប្តីបញ្ជូនបន្តទៅមន្ទីរពេទ្យធំវិញទៅ ស្រាប់តែប្តីនោះយំឡាំប៉ា មិនព្រមឱ្យបញ្ជូនចេញ ។
ទាំង២នាក់ប្តី-ប្រពន្ធខាងលើ មិនត្រូវស្គាល់អត្តសញ្ញាណទេ ដោយប្តីរូបនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួររឿងហេតុ ខណៈដំបូងប្តីនោះ បានត្រឹមតែឆ្លើយថា ប្រពន្ធខ្លួនពុលបាយមានរោយថ្នាំកណ្តុរប៉ុណ្ណោះ លុះសួរហេតុអ្វីបានមានថ្នាំកណ្តុរ? បុរសនោះមិនឆ្លើយសោះ ។
បច្ចុប្បន្ន បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយសាកសួរនាំរឿងហេតុ រីឯប្រពន្ធរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ចែករំលែកព័តមាននេះ