រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃព្រឹកទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គលដែលបានជួប និងបានដឹកជនជាតិនីហ្សេរីយ៉ា ផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់«ពណ៌មាស» ត្រូវចូលខ្លួនធ្វើការពិនិត្យសុខភាពជាបន្ទាន់ ។
បើយោងតាមកាមេរ៉ាសុវត្ថិភាពពីផ្ទះសំណាក់«ពណ៌មាស» បានបង្ហាញថា នៅវេលាម៉ោង០៥និង១៩នាទី ជនជាតិនីហ្សេរីយ៉ា ផ្ទុកជំងឺអុតស្វា បានជិះកង់បីឥណ្ឌាមួយគ្រឿង ជាមួយបុរសជាជនបរទេសម្នាក់ និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ ដោយមានបុរសម្នាក់ផ្សេងជាម្ចាស់អ្នកឌុប បានឈប់ចូលបន្ទប់ផ្ទះសំណាក់នោះ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាល នៃព្រះរាជាណាចក្រថៃ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីលទ្ធភាព នៃការគេចខ្លួនរបស់បុរសជនជាតិនីហ្សេវីយ៉ា ដែលអាជ្ញាធរសុខាភិបាលថៃ បានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមាន វីរុសអុតស្វា (Monkeypox) ធ្វើដំណើរឆ្លងព្រំដែនមកកាន់ព្រះរាជាណាចក្រកម្ពុជាមក ថ្នាក់ដឹកនាំ និងមន្ត្រីឆ្លើយតបបន្ទាន់ នៃក្រសួងសុខាភិបាល រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពជាបន្ទាន់ ដោយបានត្រួតពិនិត្យ និងស្វែងរក អ្នកជំងឺអុតស្វាដែលជាជនជាតិនីហ្សេរីយ៉ានេះ រហូតមកដល់វេលាម៉ោងប្រហែលជា ១៧និង៣០នាទីល្ងាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញបុរសជនជាតិនីហ្សេរីយ៉ានេះ ដែលកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូង (ម្តុំផ្សារដើមថ្កូវ) ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសជនជាតិនីហ្សេរីយ៉ារូបនេះ មានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរ៉ូម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10… ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង ១៩និង១០នាទី រួចរាល់ហើយ ។
ដើម្បីការពារការចម្លង នៃវីរុសអុតស្វា ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនី ហ្សេវីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុស អុតស្វានេះបានទាន់ពេលវេលា ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញ សេចក្ដីណែនាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំង រក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬដែល និងស្វែងរកការពិនិត្យ ព្យាបាលប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន ៕
ចែករំលែកព័តមាននេះ