ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត អមដំណើរដោយលោកអភិបាលខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត រួមទាំងលោកអភិបាលស្រុកបន្ទាយមាស នៅថ្ងៃទី១៩ កក្កដា នេះ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥២គ្រួសារ មកពីភូមិចំនួន3 ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងថា នេះជាអំណោយសង្គ្រោះបន្ទាន់មួយរបស់តដ្ឋបាលខេត្តកំពត ជួនទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះផ្ទាល់ដោយជំនន់ភ្លៀង។
ឯកឧត្តមម៉ៅ ធនិន បានមានប្រសាសន៍ទៀតថា ទោះបីជំនន់ទឹកភ្លៀងមានរយៈពេលខ្លីក៏ដោយអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមយុវជនរួមទាំងកងកំលាំងទាំង៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះ ប៉ុន្តែជំនន់ទាំងភ្លៀងទាំងនោះ បានហូរស្រកចុះទៅវិញ ។
គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង៥២គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ, ត្រីខមួយយួរ, ទឹកត្រី១យួរ ទឹកសុីអ៊ី១យូរ និងសារ៉ុងមួយ។
បន្ទាប់ពីចប់ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះនៅវត្តអង្គព្រៃស្វាយ ឃុំវត្តអង្គខាងត្បូងរួចមក ឯកឧត្តមម៉ៅ ធនិន អមដំណើរដោយលោកអភិបាលរងខេត្តនិងស្រុក បានចុះចូលទៅជួបដល់ផ្ទះលោកយាយបាវនាវអាយុ៩៧ឆាំ្ន រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
ឯកឧត្តមម៉ៅ ធនិន បានឧបត្ថមដល់លោកយាយអាយុ៩៧ឆាំ្ន ក្នុងនោះ មានអង្ករ ត្រីខ សារ៉ុង និងថវិកាមួយចំនួនទៀត ។ លោកយាយបានថ្លែងអំណរអរគុណដល់ឯកឧត្តមអភិបាលខេត្ត ស្រុក ដែលមានចិត្តសប្បុរសយកអំណោយមកជូនដល់រូបគាត់ ។
ចែករំលែកព័តមាននេះ