ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បាន​សម្រេច តែ​គេច​មិន​ផុត​ពី​បងប្អូន​ទាំង​៣​នាក់​ស្រែក​ផ្អើល​ផ្លូវជាតិ​លេខ​៥

1 ឆ្នាំ មុន

ជនសង្ស័យ​ឆក់​ម្នាក់​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ដេញ​តាម​កៀរ​ផ្តួល និង​ឃាត់ខ្លួន​កាលពី​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ម្នាក់​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ដេញ​តាម​កៀរ​ផ្តួល និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​មួយ​គ្រឿង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ម៉ា​ល ម៉ា​នុ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន ច័ន្ទ​តារា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ហើយ​នៅ​ក្នុង​សកម្មភាព​នេះ បាន​បណ្តាល​អោយ​ជន​រង​គ្រោះ និង​ប្អូនប្រុស​២​នាក់​ទៀត បាន​រង​របួស​រលាត់​ដៃជើង​ផង​ដែរ​។

បើ​តាម​នគរបាល​ប៉ុស្តិ៍ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​បងប្អូន ចេញពីផ្ទះ​ទៅ​សាលារៀន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Wave មក​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​បាន​សម្រេច បន្ទាប់​មក​ជិះ​រត់គេច​ខ្លួន​តែ​ម្តង​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​នោះ ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ចោរ​ៗ​ហើយ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម រហូត​មក​ដល់​មុខ​ភូមិ​សាមគ្គី ផ្លូវជាតិ​លេខ​៥ ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ឱ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន ដោយឡែក​ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​ដួល​ម៉ូតូ​ដែរ បណ្តាល​អោយ​បងប្អូន​ទាំង​៣​នាក់​បាន​រង​របួស ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ នគរបាល​ក៏​បាន​ធ្វើការ​ដកហូត​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-9666 និង​ទូរស័ព្ទ​ម៉ាក One plus ពណ៌​ខ្មៅ ជា​របស់​ជន​រង​គ្រោះ ដើម្បី​ប្រគល់​អោយ​ម្ចាស់​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ